Lee Dong-hwi ប្អូនប្រុសបង្កើតរបស់ Cha Eun Woo បានបង្ហាញវត្តមាននៅក្នុងវីដេអូមួយដែលបានចេញផ្សាយនៅលើឆានែលយូធូប Sebasi Talk កាលពីថ្ងៃទី១៦ ខែវិច្ឆិកា នេះ ក្នុងនាមជាអ្នកស្រាវជ្រាវលើគម្រោងបញ្ញាសិប្បនិម្មិត ឬ AI ផ្តោតលើការភ្ជាប់ទំនាក់ទំនង និងការពារសិល្បករពីមតិអវិជ្ជមាននៅលើអនឡាញ។

នៅក្នុងវីដេអូមានចំណងជើងថា Korea AI Summit Hot Topic Researcher | Yongmin Cho | AI Branding Expert Donghwi Lee ប្អូនប្រុសរបស់តារាខេប៉ុបល្បីឈ្មោះ បានរៀបរាប់ពីដំណើរដើមទងនៃគម្រោង AI ដែលលោកកំពុងស្រាវជ្រាវ និងអភិវឌ្ឍថា វាបានចាប់ផ្ដើមអាស្រ័យលើបទពិសោធន៍ដែលលោកធ្លាប់រៀនជំនាញប្រព័ន្ធផ្សព្វផ្សាយ និងធ្វើការក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្ម។
ផ្អែកដោយធ្លាប់នៅជាមួយនឹងបុគ្គលល្បីៗច្រើន Lee Dong-hwi បាននិយាយបន្តថា៖ “ដោយសារតែជីវិតខ្ញុំនៅជាមួយនឹងពួកគេច្រើន ខ្ញុំបានចាប់អារម្មណ៍ពីការកង្វល់ចិត្តរបស់ពួកគេ។ តួយ៉ាង តើធ្វើបែបណា ទើបពួកគេអាចភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្របានល្អជាងនេះ?”។

“មិនត្រឹមតែតារាទេ តែខ្ញុំក៏សង្កេតឃើញដែរថា ក្រុមហ៊ុនកម្សាន្តក៏បានជួបបញ្ហាក្នុងការទទួលមតិពីសាធារណជនដែរ។ ដូច្នេះ ខ្ញុំគិតថា វាគឺជារឿងសំខាន់ក្នុងការបង្កើតដំណោះស្រាយដែលអាចជួយប្រមូលទិន្នន័យទាំងនោះឱ្យពួកគេបាន” លោកបន្ដដូច្នេះ។
Lee Dong-hwi បានឱ្យដឹងពីគោលបំណងមួយទៀតថា៖ “ខ្ញុំបានឃើញសិល្បករជាច្រើនគាត់ត្រូវឈឺចាប់ព្រោះតែការបញ្ចេញមតិរិះគន់របស់មហាជន។ ខ្ញុំទទួលស្គាល់ថា ពួកគេត្រូវទទួលយក ហើយអភិវឌ្ឍខ្លួនបន្ថែមទៀត។ តែបច្ចុប្បន្ននេះ អ្នកគ្រប់គ្នាអាចប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមបាន ហើយមតិរិះគន់ទាំងនោះ វាធ្ងន់ធ្ងរជាងការគួរ។ ដូច្នេះ យើងក៏កំពុងតែរៀបចំផែនការក្នុងការបង្កើតប្រព័ន្ធមួយដែលអាចអាចជួយសិល្បករទាំងនោះបាន”។
សូមរំឭកផងដែរថា Lee Dong-hwi គឺជានិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Fudan ប្រទេសចិន និងចាប់ផ្ដើមទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន ក្រោយលោកបានបង្ហាញវត្តមានរយៈពេលខ្លីក្នុងកម្មវិធី You Quiz on the Block របស់ទូរទស្សន៍ tvN កាលពីខែមិថុនាកន្លងទៅ។

និយាយពីបងប្រុសវិញ ដ្បិតពេលនេះលោកកំពុងតែចូលបម្រើជាតិក៏ពិតមែន តែ Cha Eun Woo ក៏មានស្នាដៃថ្មីបញ្ចេញជូនអ្នកគាំទ្រជារឿយៗ។ ជាក់ស្ដែង នៅថ្ងៃទី២៨ ខែវិច្ឆិកាខាងមុខ លោកនឹងបញ្ចេញវីដេអូចម្រៀងបទ Sweet Papaya ពីអាល់ប៊ុមខ្នាតតូចទី២ ELSE ដែលលោកបានបញ្ចប់ការងារនេះរួចរាល់តាំងតែពីមុនចូលហ្វឹកហាត់ក្នុងជួរយោធា៕























Account
Security
Favourite Content