ថ្មីៗនេះ តារាសម្ដែង Callum Turner បានរៀបរាប់ពីប្រវត្តិស្នេហារបស់ខ្លួនជាមួយនឹង Dua Lipa ថា ទំនាក់ទំនងរបស់លោកជាមួយនឹងគូដណ្ដឹងបានចាប់ផ្តើមនៅពេលដែលពួកគេបានរកឃើញថា ពួកគេកំពុងអានសៀវភៅមួយក្បាលដូចគ្នា។

ជជែកជាមួយនឹងសារព័ត៌មាន The Sunday Times តារាប្រុសវ័យ ៣៥ឆ្នាំបានរំឭកទៅគ្រាអតីតថា ខ្លួននឹងតារាស្រីវ័យ ៣០ឆ្នាំបានជួបគ្នាជាលើកដំបូងនៅក្នុងកម្មវិធីខួបកំណើតរបស់មិត្តភក្ដិម្នាក់ ខណៈអ្នកទាំងពីរបានអង្គុយក្បែរគ្នាដោយចៃដន្យ។
Callum Turner បានរៀបរាប់ថា៖ “ពួកយើងអង្គុយជាប់គ្នា ហើយបានរកឃើញថា ពួកយើងកំពុងតែអានសៀវភៅចំណងជើងតែមួយ។ វាគឺជារឿងដែលចៃដន្យមែនទែន ព្រោះសៀវភៅដែលយើងអាននោះ គឺរឿង Trust របស់អ្នកនិពន្ធ Hernán Díaz។ ខ្ញុំប្រាប់នាងបន្តថា ខ្ញុំទើបតែអានចប់ជំពូកទី១ ហើយនាងក៏ងាកមើលមកខ្ញុំ ហើយនិយាយថា នាងក៏ទើបតែអាចចប់ជំពូកទី១ ដូចគ្នា”។
តារាសម្ដែងរូបនេះបាននិយាយបែបលេងសើចថា បើសិនជាអ្វីដែលកើតឡើងនៅពេលនោះគឺជាឈុតឆាកនៅក្នុងកុន លោកប្រាកដជាងើយទៅមើលមេឃ ហើយប្រាប់ទៅទេវតាវិញថា ខ្លួនបានទទួលសារហើយ ព្រោះលោកយល់ថា ភាពចៃដន្យនេះប្រៀបដូចជាសារដែលទេវតាបានបញ្ជូនមកប្រាប់ថា លោកបានរកឃើញគូជីវិតអ៊ីចឹង។

គួរឱ្យដឹងផងដែរថា ប្រលោមលោករឿង Trust ដែលបានធ្វើជាមេអណ្ដើកឱ្យ Callum Turner និង Dua Lipa បានចេញផ្សាយលើកដំបូងនៅក្នុងឆ្នាំ ២០២២ គឺជាស្នាដៃដែលទទួលបានការកោតសរសើរយ៉ាងទូលំទូលាយ ជាមួយនឹងពានរង្វាន់ប្រលោមលោកប្រតិដ្ឋឆ្នើម ពីកម្មវិធីប្រគល់ពានរង្វាន់ Pulitzer។ ខណៈសារព័ត៌មាន The New York Times, The Washington Post, NPR និងទស្សនាវដ្តី Time ក៏បានចុះផ្សាយថា សៀវភៅនេះគឺជាសៀវភៅដ៏ល្អបំផុតមួយប្រចាំឆ្នាំ។
ប្រលោមលោកដែលផ្ដោតទៅលើជីវិតប្ដីប្រពន្ធអ្នកជំនាញផ្នែកហិរញ្ញវត្ថុមួយគូ មុននឹងវិបត្តិហិរញ្ញវត្ថុឆ្នាំ ១៩២៩ គឺ Wall Street Crash មកដល់ ក៏កំពុងតែស្ថិតនៅក្រោមការផលិតជាភាពយន្តថ្មីរបស់ HBO ដែរ ដោយបាន Kate Winslet មកសម្ដែង និងមាន Todd Haynes ជាអ្នកដឹកនាំរឿង៕


























Account
Security
Favourite Content