ជារឿយៗសមាជិក BTS Suga បានចែករំលែកអំពីការបាក់ទឹកចិត្តរបស់គាត់ជូនអ្នកគាំទ្រដែលប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះ។ បច្ចុប្បន្ន Suga កំពុងធ្វើការប្រគំតន្រ្ដីទេសចរណ៍ពិភពលោកដើម្បីផ្សព្វផ្សាយអាល់ប៊ុមចុងក្រោយ D-Day ដែលក្នុងនោះលោកក៏បានចំហពីជំងឺបាក់ទឹកចិត្តតាមរយៈបទចម្រៀង Amygdala ផងដែរ។

បទចម្រៀងនេះបានរៀបរាប់ពីអតីតកាលជូរចត់យ៉ាងច្រើនដែលលោកធ្លាប់បានឆ្លងកាត់កន្លងមកតាំងពីមុនក្លាយខ្លួនជាតារាខេប៉ុប។ នេះមិនមែនជាលើកទីមួយឡើយដែលអ្នកចម្រៀងរ៉េបរូបនេះបានបើកចំហអំពីការជួបប្រទះ និងតស៊ូជាមួយជំងឺបាក់ទឹកចិត្ត។
ជាក់ស្ដែងនៅក្នុងកិច្ចសម្ភាសជាមួយ Big Hit Entertainment សមាជិក BTS Suga ធ្លាប់បានចែករំលែកនូវបទពិសោធន៍របស់គាត់ផ្ទាល់អំពីជំងឺបាក់ទឹកចិត្ត និងការថប់បាម្ភ ហើយលោកក៏ទទួលការប្រឹក្សាដើម្បីគ្រប់គ្រងសុខភាពផ្លូវចិត្តដោយសង្កត់ធ្ងន់ទៅលើការស្វែងរកការគាំទ្រក្នុងអំឡុងគ្រាលំបាក។

ក្នុងនោះសំឡេងនៃការគាំទ្រ និងការលើកទឹកចិត្តពី ARMY គឺជាចំណែកមួយដ៏ធំដែលបានជួយលោកក៏ដូចជាសមាជិកទាំងអស់អាចជម្នះនូវបញ្ហាដែលពួកគេបានជួបប្រទះផងដែរ។ ដូច្នេះ BTS តែងតែដឹងគុណចំពោះការគាំទ្រ ការលើកចិត្ត និងការយោគយល់ពី ARMY ជានិច្ច។
មិនត្រឹមតែសម្រាប់ ARMY ប៉ុណ្ណោះទេ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិក្នុងឆ្នាំ 2018 របស់អង្គការ UNICEF Suga ក៏បាននិយាយពីប្រធានបទទាក់ទងអំពីសុខភាពផ្លូវចិត្ត និងចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនទៅកាន់មហាជនផងដែរ។ ស្របពេលនោះលោកបានសង្កត់ធ្ងន់លើភាពក្លាហានក្នុងការបើកចំហបញ្ហាព្រមទាំងជំរុញមនុស្សឱ្យយល់ និងតស៊ូឆ្លងកាត់បញ្ហាស្រដៀងគ្នានេះ។

ហើយខាងក្រោមនេះគឺសារខ្លីៗដើម្បីជម្នះជាមួយនឹងបញ្ហាបាក់ទឹកចិត្តដែលលោកបានឆ្លងកាត់៖
១. ការថែរក្សាសុខភាពផ្លូវចិត្តគឺជាអាទិភាព
២. ការស្វែងរកជំនួយពីអ្នកជំនាញមានវិជ្ជាជីវៈត្រឹមត្រូវមានសារៈសំខាន់ណាស់
៣. ការតាំងចិត្តឱ្យមានភាពក្លាហានបើកចំហពីបញ្ហាខ្លួនដើម្បីកាត់បន្ថយការមើលងាយ
៤. ត្រូវចេះថែរក្សាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត
៥. របៀប ឬប្រព័ន្ធនៃគាំទ្រក៏មានគុណសម្បត្តិមិនតិចដែរ
៦. ត្រូវមានភាពអត់ធ្មត់ ចេះស្រឡាញ់ និងអាណិតខ្លួនឯង
៧. ប្រើប្រាស់តន្រ្ដីដើម្បីជំរុញទឹកចិត្តខ្លួនឯង
៨. ត្រូវចេះរក្សាតុល្យភាពនៃទំនួលខុសត្រូវ (មិនច្រើនពេក មិនតិចពេក)
៩. ការអប់រំ និងចំណេះដឹងពីសុខភាពផ្លូវចិត្ត
១០. ត្រូវជឿជាក់លើខ្លួនឯងថាមិនយូរនោះទេ យើងនឹងអាចជម្នះបញ្ហានេះបាន
ដូច្នេះហើយមិនត្រឹមតែ Suga ប៉ុណ្ណោះទេ ពោលគឺសមាជិកទាំង ៧ នៃក្រុមតារាចម្រៀងលំដាប់ពិភពលោក BTS តែងតែលើកទឹកចិត្តឱ្យអ្នកគាំទ្រខ្លួនទុកសុខភាពផ្លូវចិត្តជារឿងសំខាន់បំផុត៕
























































Account
Security
Favourite Content