ទស្សនាវដ្តី Forbes នាព្រឹកថ្ងៃទី១២ មិថុនា ឆ្នាំ២០២៣ បានចេញផ្សាយអត្ថបទ១ អំពីព្រឹត្តិការណ៍ដេញថ្លៃគ្រឿងអលង្ការដ៏អស្ចារ្យ Sotheby’s Magnificent នៅទីក្រុងញូវយ៉ក។ ការដេញថ្លៃនេះបានបញ្ចប់ទៅដោយជោគជ័យ ក្រោយលក់ចេញគ្រឿងអលង្ការ ២គ្រឿងក្នុងតម្លៃជាង ៣០ លានដុល្លារ។
គ្រឿងអលង្ការទីមួយគឺ «Estrela de Fura» ជាត្បូងទទឹមម៉ូសំប៊ិក ៥៥,២២ ការ៉ាត់ (Mozambique) ដែលបានលក់ចេញក្នុងតម្លៃ ៣៤,៨ លានដុល្លារ (ជាង ៦៣ម៉ឺនដុល្លារក្នុងមួយការ៉ាត់)។ ការលក់នេះ បានបង្កើតតម្លៃកំណត់ត្រាពិភពលោកសម្រាប់ត្បូងទទឹម និងប្រភេទត្បូងដទៃទៀតដែលបានលក់ចេញនៅក្នុងការដេញថ្លៃ។ ត្បូងទទឹម ពណ៌ផ្កាឈូកដ៏អស្ចារ្យនេះក៏ជាត្បូងទទឹមដ៏ធំបំផុតដែលត្រូវដាក់លក់ដេញថ្លៃផងដែរ។ ការប៉ាន់ប្រមាណមុនការដេញថ្លៃរបស់វាមានច្រើនជាង ៣០ លានដុល្លារ។

ត្បូងទទឹមនេះត្រូវបានកាត់ចេញពីថ្មទំហំ ១០១ ការ៉ាត់ដែលរកឃើញដោយ Fura Gems ជាក្រុមហ៊ុនរុករករ៉ែត្បូង និងជាក្រុមហ៊ុនទីផ្សារដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ។ ត្បូងទទឹមនេះទៀតសោត ត្រូវបានគេរកឃើញនៅអណ្តូងរ៉ែ Ruby ក្នុងទីក្រុង Montepeuz ប្រទេស Mozambique ក្នុងខែកក្កដា ឆ្នាំ ២០២២។ ក្រោយការរកឃើញក្រុមហ៊ុន Fura Gems បានដាក់ឈ្មោះឱ្យត្បូង ១នេះជាភាសាព័រទុយហ្គាល់ Estrela de Fura។
វាជារឿងកម្រមួយដែលក្រុមហ៊ុនរុករករ៉ែកាត់ និងច្នៃត្បូង ហើយបន្ទាប់មកលក់វាក្នុងការដេញថ្លៃដោយខ្លួនឯង។ ជាធម្មតា ត្បូងដែលទើបនឹងរកឃើញ គឺត្រូវលក់វាទៅឱ្យក្រុមហ៊ុនមួយផ្សេងទៀតដែលមានជំនាញកាត់ និងច្នៃត្បូង បន្ទាប់មកដាក់លក់ដោយឯកជន ឬដាក់ដេញថ្លៃ។
លោក Dev Shetty ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃ Fura Gems មិនត្រឹមតែរក និងច្នៃដោយខ្លួនឯងប៉ុណ្ណោះទេ តែថែមទាំងរៀបចំឱ្យមានដំណើរទេសចរណ៍ត្បូងដ៏កម្រនេះជុំវិញពិភពលោកទៀតផង។
ចំណែកឯ ឯតទគ្គកម្មទី២ ដែលបានកំណត់នៅក្នុងការដេញថ្លៃដដែលនេះគឺ «The Eternal Pink» ជាត្បូងពេជ្រពណ៌ស្វាយលាយពណ៌ផ្កាឈូកដ៏រស់រវើកយ៉ាងល្អឥតខ្ចោះ ដែលគេមិនធ្លាប់ឃើញមានលើទីផ្សារកន្លងមក។ វាបានលក់ចេញក្នុងតម្លៃដូចគ្នា ៣៤,៨ លានដុល្លារ ដូចទៅនឹងត្បូងទទឹមដែរ (ជាង ៣លានដុល្លារក្នុងមួយការ៉ាត់) ហើយវាក៏ជាកំណត់ត្រាដេញថ្លៃថ្មីរបស់ពិភពលោកសម្រាប់ពេជ្រពណ៌ស្វាយលាយពណ៌ផ្កាឈូក។

តម្លៃនេះបានបំបែកកំណត់ត្រាមុន ដែលសម្រេចបានក្នុងឆ្នាំ ២០១៩ ពេលដែលពេជ្រពណ៌ស្វាយទំហំ ១០.៦៤ ការ៉ាត់លក់បានតម្លៃ ១៩,៩ លានដុល្លារនៅក្នុងការដេញថ្លៃ Sotheby’s Hong Kong (1,865,703 ដុល្លារក្នុងមួយការ៉ាត់)។
«Eternal Pink» ត្រូវបានរកឃើញដោយក្រុមហ៊ុន De Beers ក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុន Botswana នៅឯអណ្តូងរ៉ែ Damtshaa។ ពេជ្រ ១គ្រាប់នេះត្រូវបានបោះបន្តទៅកែច្នៃអស់រយៈពេល ៦ខែដោយក្រុមហ៊ុន Diacore៕






















































Account
Security
Favourite Content