ក្រោយពី BTS ប្រកាសកម្មវិធីប្រគំតន្ត្រីទេសចរណ៍ពិភពលោកកាលពីថ្ងៃទី ១៤ ខែមករា សារព័ត៌មាន The Korea Times បានចុះផ្សាយនៅថ្ងៃទី២៦ ខែមករានេះថា ក្រុមខេប៉ុបបុរសមួយនេះកំពុងតែធ្វើឱ្យតម្រូវការធ្វើដំណើរកើនឡើង ស្របពេលដែលសេដ្ឋកិច្ចនៅតាមប្រទេសជាច្រើនក៏មានភាពមមាញឹកដូចគ្នា។

ក្រោយពីសមាជិកម្នាក់ៗបានបញ្ចប់កាតព្វកិច្ចយោធា BTS នឹងចាប់ផ្តើមដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោកក្រោមឈ្មោះ Arirang នៅថ្ងៃទី ៩ ខែមេសា នៅក្នុងទីក្រុងសេអ៊ូល មុននឹងបន្តទៅកាន់ទីក្រុងចំនួន ៣៤ ផ្សេងទៀតនៅទូទាំងទ្វីបអឺរ៉ុប អាមេរិកខាងជើង អាមេរិកខាងត្បូង និងអាស៊ី។
យោងតាមប្រព័ន្ធកក់កន្លែងស្នាក់នៅ Hotels.com ការស្វែងរកការធ្វើដំណើរឆ្លងប្រទេសទៅកាន់ទីក្រុងសេអ៊ូលបានកើនឡើង ១៥៥ ភាគរយ ក្នុងរយៈពេល ៤៨ ម៉ោងដំបូង។ ទន្ទឹមគ្នានេះ ការចាប់អារម្មណ៍ទៅលើទីក្រុងប៊ូសាន ដែលនឹងរៀបចំការប្រគំតន្ត្រីតែមួយនៅក្នុងខែមិថុនា ក៏បានហក់ឡើងដល់ ២ ៣៧៥ ភាគរយផងដែរ។
សម្រាប់ទិន្នន័យស្វែងរកការធ្វើដំណើរក្នុងស្រុកវិញ ក៏បានកើនឡើងយ៉ាងគំហុកដូចគ្នា ដោយទីក្រុងសេអ៊ូលមានការកើនឡើង ១៩០ ភាគរយ ខណៈទីក្រុងប៊ូសានមានកើនឡើង ៣ ៨៥៥ ភាគរយ។

ឥទ្ធិពលតែមួយនេះ ក៏មានសន្ទុះខ្លាំងនៅក្រៅប្រទេសដូចគ្នា។ ស្ថានីយវិទ្យុ BandNews FM របស់ប្រទេសប្រេស៊ីល បានផ្សាយថា ការប្រគំតន្ត្រីរបស់កំលោះទាំង ៧ ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែតុលា ឯទីក្រុង Sao Paulo គឺជាប្រធានបទលំដាប់ជាតិដ៏សំខាន់មួយ។ ផ្នែកតាមប្រព័ន្ធកក់ការធ្វើដំណើរក្នុងប្រទេសប្រេស៊ីល ClickBus ការស្វែងរកសំបុត្ររថយន្តក្រុងទៅកាន់ទីក្រុង Sao Paulo បានកើនឡើងច្រើនជាង ៦០០ ដង បើធៀបនឹងទិន្នន័យមុនពេលមានការប្រកាស។
សារព័ត៌មានរបស់អង់គ្លេស The Guardian បានស្រង់សម្ដីរបស់អ្នកសេដ្ឋកិច្ចម្នាក់ ដែលនិយាយថា ការប្រគំតន្ត្រីរបស់ BTS គឺជាកម្មវិធីលំដាប់ពិភពលោកដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ទីក្រុងនានានៅអាមេរិកខាងជើង។ សារព័ត៌មានមួយនេះ បានកត់សម្គាល់បន្ថែមថា ទីក្រុងដែលមានរៀបចំកម្មវិធីនេះ នឹងមានការកើនឡើងនូវតម្រូវការក្នុងវិស័យទេសចរណ៍ ការស្នាក់នៅ និងផ្នែកផ្សេងៗទៀតដែលភ្ញៀវទៅមើលខនសឺតទាំងអស់ត្រូវការ។

ស្របគ្នានេះ ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Bread Financial បានប៉ាន់ប្រមាណថា ជាមធ្យម សំបុត្រការប្រគំតន្ត្រីមួយសន្លឹក អាចជួយសេដ្ឋកិច្ចក្នុងតំបន់នេះប្រមាណ ៣ដងនៃតម្លៃសំបុត្រ។ យ៉ាងណាមិញ ការស្រាវជ្រាវពី Tourism Economics បានបង្ហាញថា ស្ដង់ដារខាងលើមិនអាចប្រើប្រាស់ជាមួយ BTS បានទេ ដោយថា ក្រុមនេះអាចនឹងជួយសេដ្ឋកិច្ចក្នុងតំបន់បានច្រើនជាងនេះ។
ក្រៅពីឥទ្ធិពលទៅលើសេដ្ឋកិច្ច BTS នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ហាញភាពជាកូរ៉េនៅលើឆាកអន្តរជាតិ។ ជាក់ស្ដែង ការស្ទង់មតិឆ្នាំ ២០២៥ របស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍របស់កូរ៉េខាងត្បូង បង្ហាញថា ក្រុម BTS បានជាប់លេខ ១ ក្នុងនាមជាជនជាតិកូរ៉េដែលបានបង្ហាញរូបភាពវិជ្ជមានរបស់ប្រទេសទៅកាន់សកលលោក ខណៈ Jung Kook ក៏បានជាប់លេខ ៦ ក្នុងនាមជាសិល្បករទោលផងដែរ។
គួរឱ្យដឹងដូចគ្នាថា បុរសទាំង ៧ នឹងបញ្ចេញអាល់ប៊ុមពេញខ្នាតទី ៥ ដែលមានចំណងជើងថា Arirang នៅថ្ងៃទី ២០ ខែមីនា ខាងមុខ។ អាល់ប៊ុមនេះមានចម្រៀងសរុប ១៤បទ រៀបរាប់ពីការនឹករលឹក និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់ក្រុម៕
























Account
Security
Favourite Content