តារាចម្រៀងប៉ុបអាមេរិក Bruno Mars បានរំភើបដល់ស្រក់ទឹកភ្នែក បន្ទាប់ពីទទួលបានដឹងដំណឹងនៃការឈ្នះពានរង្វាន់ក្នុងកម្មវិធីតន្ត្រីកូរ៉េលើកដំបូង តាមរយៈបទចម្រៀងដែលលោកបានសហការជាមួយសមាជិក BLACKPINK Rosé។


តាមរយៈការបង្ហោះ Instagram Story នៅថ្ងៃទី២៥ ខែតុលានេះ តារាចម្រៀង Bruno Mars បានចែករំលែកសារអបអរសាទរដែលទទួលបានពី Rosé ភ្ជាប់ជាមួយសារជាភាសាកូរ៉េដែលមានអត្ថន័យថា៖ “អរគុណខ្លាំងណាស់ចំពោះអ្នកគាំទ្រកូរ៉េទាំងអស់គ្នា។ ខ្ញុំរំភើបឡើងយំពេញមួយព្រឹកហើយ ព្រោះទីបំផុតខ្ញុំបានឈ្នះពានរង្វាន់ដំបូងក្នុងកម្មវិធីតន្ត្រីកូរ៉េហើយ”។ ក្នុងនោះដែរ តារាចម្រៀងម្ចាស់បទ “Uptown Funk” ក៏មិនភ្លេចអរគុណចំពោះសមាជិក BLACKPINK Rosé ដែលបានជួយឱ្យលោកឈ្នះពានរង្វាន់នេះ។
តាមរយៈបទចម្រៀងទើបចេញថ្មី “APT” បានធ្វើឱ្យ Bruno Mars និង Rosé បានឈ្នះចំណាត់ថ្នាក់លេខមួយក្នុងកម្មវិធីតន្ត្រីប្រចាំសប្ដាហ៍ Mnet “M Countdown” កាលពីថ្ងៃព្រហស្បតិ៍ ដែលនេះគឺជាការឈ្នះពានក្នុងកម្មវិធីតន្ត្រីកូរ៉េលើកដំបូងរបស់ Bruno Mars គិតចាប់តាំងពីលោកបានបង្ហាញមុខក្នុងពិភពចម្រៀងអស់រយៈពេល ១៥ ឆ្នាំកន្លងមក។
បន្ទាប់ពីចេញកាលពីសប្ដាហ៍មុន បទចម្រៀង“APT” បានឡើងចំណាត់ថ្នាក់កំពូលលើវេទិកាស្ដាប់តន្ត្រីកូរ៉េសំខាន់ៗទាំងអស់ដូចជា Melon, Genie, Bugs និង Vibe ថែមទាំងបានជាប់ចំណាត់ថ្នាក់លេខ១ លើតារាង Global Top 50 របស់ Spotify ផងដែរ ធ្វើឱ្យ Rosé ក្លាយជាតារាចម្រៀងស្រីកូរ៉េដំបូងក្នុងប្រវត្តិសាស្ត្រដែលអាចឡើងដល់ចំណាត់ថ្នាក់លេខ១ លើតារាងនេះ។
គួរបញ្ជាក់ថា បទនេះដែរគឺជាបទចម្រៀងទី១ ពីអាល់ប៊ុមពេញដំបូងរបស់ Rosé មានចំណងជើងថា “rosie” ដែលគ្រោងចេញជាផ្លូវការនៅថ្ងៃទី ៦ ខែធ្នូ។ អាល់ប៊ុមនេះនឹងរួមមានបទចម្រៀងថ្មីចំនួន ១២បទ រួមទាំងបទ “APT” ហើយគ្រប់បទសុទ្ធសឹងមានការចូលរួមនិពន្ធទំនុកច្រៀងនិងបទភ្លេងដោយ Rosé ទាំងអស់ ៕




























Account
Security
Favourite Content