បើនិយាយដល់ប្រវត្ដិស្នេហារបស់តារាប្រុសហុងកុង Bosco Wong មហាជនមិនអាចបំភ្លេចបាននូវទំនាក់ទំនងស្នេហារបស់លោក និងអតីតមិត្ដស្រី Myolie Wu ឡើយ ដោយសារតែអ្នកទាំងពីរជាគូស្នេហ៍ដ៏សមឥតខ្ចោះមួយ និងសេពគប់គ្នាដល់ទៅរយៈពេល ៨ ឆ្នាំ។ តែអ្វីដែលគួរឱ្យសោកស្ដាយអ្នកទាំងពីរបានប្រកាសចែកផ្លូវគ្នាក្នុងឆ្នាំ ២០១២។

ថ្មីៗ នេះ យោងតាមប្រភពព័ត៌មានចិន Sina បានឱ្យដឹងថា តារាប្រុស Bosco Wong បានរំឭកនិយាយដល់មិត្តស្រី Myolie Wu និងទំនាក់ទំនងរបស់អ្នកទាំងពីរនាពេលបច្ចុប្បន្ន។ នៅពេលនិយាយដល់អតីតមិត្ដស្រីលោកហាក់មានភាពសប្បាយរីករាយដែលបញ្ជាក់បានថា អ្នកទាំងពីរនៅតែមានទំនាក់ទំនងល្អបើទោះជាចែកផ្លូវគ្នាហើយក៏ដោយ។
Bosco Wong បានលើកឡើងថា បើទោះជាអ្នកទាំងពីរចែកផ្លូវគ្នាក៏ពិតមែន ប៉ុន្ដែទំនាក់ទំនងគឺនៅតែល្អធម្មតាមិនមានបញ្ហាអ្វីជាមួយគ្នា។ លោកតែងតែផ្ញើសារជូនពរដល់អតីតមិត្ដស្រី Myolie Wu នៅថ្ងៃកំណើតរបស់នាងជារៀងរាល់ឆ្នាំ និងថ្ងៃបុណ្យសំខាន់ៗ មួយចំនួនលោកក៏បានផ្ញើសារសួរសុខទុក្ខក្រុមគ្រួសារនាងផងដែរ។
លោកក៏បានបន្ថែមទៀតថា លោកក៏មិនមានបញ្ហាអ្វីដែរ ប្រសិនបើអ្នកទាំងពីរមានឱកាសចាប់ដៃគូសម្ដែងរឿងរួមគ្នាម្ដងទៀត។ ប៉ុន្ដែប្រហែលជាពិបាកបន្ដិចក្នុងការសម្ដែងរឿងរួមគ្នា ដោយសារបច្ចុប្បន្ន Myolie Wu មានក្រុមគ្រួសារ និងកូនៗ ទៀត ហើយមួយរយៈចុងក្រោយនាងផ្ដោតលើការមើលថែទាំគ្រួសារអ៊ីចឹងប្រហែលជាត្រូវរង់ចាំបន្ដទៀត។
ក្រោយពីបានដឹងដំណឹងនេះ អ្នកគាំទ្រជាច្រើនពិតជាមានក្ដីរីករាយ ដោយសារតែទំនាក់ទំនងរបស់អ្នកទាំងពីរនៅតែល្អប្រសើរ មិនអាក្រក់ដូចពាក្យចចាមអារ៉ាមជាច្រើនដែលបានផ្សព្វផ្សាយថាអ្នកទាំងពីរមិនត្រូវរូវគ្នា។ លើសពីនេះ ថែមទាំងជូនពរឱ្យអ្នកទាំងពីរអាចមានឱកាសបានសម្ដែងរឿងរួមគ្នាម្ដងទៀតឆាប់ៗ៕

























Account
Security
Favourite Content