តារាខេប៉ុប Jennie បានបរិច្ចាគប្រាក់ចំនួន ១០០ លានវ៉ុន (៧៤ ៤០០ ដុល្លារ) ជួយដល់ក្មេងជំទង់ Koryoin (ជនជាតិភាគតិចកូរ៉េដែលរស់នៅបណ្ដាប្រទេសនៅតំបន់ចុងបូព៌ារុស្ស៊ី)។ នេះបើយោងតាមអង្គការមិនរកប្រាក់ចំណេញ Korean chapter of Habitat បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍។

ការបរិច្ចាគនេះនឹងជួយដល់ក្មេងៗ Koryoin ដែលត្រលប់មកប្រទេសកូរ៉េ សម្រាប់ការសម្របខ្លួនទៅនឹងវប្បធម៌ និងសង្គម ដោយថវិកានឹងត្រូវប្រើប្រាស់សម្រាប់គម្រោងសាងសង់សាលាអន្តរជាតិ Raetam Wood International Alternative School ដែលមានទីតាំងនៅទីក្រុង Anseong ខេត្ត Gyeonggi។
សាលាអន្តរជាតិ Raetam Wood នឹងជាមូលដ្ឋានសម្រាប់ក្មេងជំទង់ Koryoin ដែលបានមករស់នៅក្នុងប្រទេសកូរ៉េ ដែលអាចឱ្យពួកគេរស់នៅ និងសិក្សានៅក្នុងប្រទេសបាន។ បច្ចុប្បន្ន សាលានេះមានបំណងបន្ថែមអគារបន្ថែមទៀតដើម្បីជួយឱ្យកម្មវិធីរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព។
អង្គការ Habitat បាននិយាយថា៖ “យើងសូមថ្លែងអំណរគុណចំពោះ Jennie ដែលបានចូលរួមជាមួយយើង ក្នុងការកសាងអគារដែលនឹងជំរុញក្ដីសុបិនរបស់ក្មេងៗ”។ Habitat បានបន្ថែមទៀតថា៖ “ពួកយើងនឹងព្យាយាមអនុវត្តគម្រោងនេះឱ្យបានឆាប់រហ័ស” ។
គួរបញ្ជាក់ថា Jennie បានបន្តកុងត្រាថ្មីជាមួយ YG Entertainment កាលពីខែធ្នូឆ្នាំមុនប៉ុន្តែសម្រាប់តែសកម្មភាពការងារជាមួយក្រុម BLACKPINK ប៉ុណ្ណោះ ហើយសម្រាប់សកម្មភាពទោលរបស់ខ្លួន តារាវ័យ ២៨ឆ្នាំរូបនេះបានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមានឈ្មោះថា Odd Atelier ដើម្បីគ្រប់គ្រងដោយខ្លួនឯង ៕

























Account
Security
Favourite Content