ថ្មីៗនេះ ARMY ក្រុមអ្នកគាំទ្ររបស់ក្រុមចម្រៀងបុរស BTS បានបង្ហាញប្រតិកម្មយ៉ាងខ្លាំង និងទាមទារការសុំទោសជាសាធារណៈពីកម្មវិធីទូរទស្សន៍អាមេរិកដ៏ល្បីល្បាញ The Tonight Show Starring Jimmy Fallon បន្ទាប់ពីមានការប្រើប្រាស់ពាក្យសម្ដីរើសអើងជាតិសាសន៍ពីសំណាក់ពិធីករម្នាក់ក្នុងកម្មវិធី Seth Herzog។

ភាពចម្រូងចម្រាសនេះបានផ្ទុះឡើងក្នុងកំលុងពេលថតកម្មវិធីសម្រាប់ការវិលត្រឡប់មកវិញរបស់ BTS ក្នុងខែមីនា ឆ្នាំ ២០២៦ នេះដោយ Seth Herzog ដែលជាអ្នកសម្ដែង warm up កម្មវិធីបានប្រើពាក្យលេងសើចដែលបង្កប់នូវការរើសអើងជាតិសាសន៍។ តាមរយៈ TMZ ពិធីកររូបនេះបានសួរនៅក្នុងកម្មវិធីថា៖ “តើមានអ្នកណាមកពីភាគខាងជើងដែលសំដៅដល់កូរ៉េខាងជើងដែរទេ?” ដែលនេះគឺជាការយកបញ្ហានយោបាយកូរ៉េខាងជើងមកលេងសើចចំអកដល់សិល្បករកូរ៉េខាងត្បូង។ លើសពីនេះអ្នកគាំទ្រដែលបានចូលរួមផ្ទាល់បានទម្លាយថា Seth Herzog ក៏បាននិយាយមើលងាយដល់សមត្ថភាពភាសាអង់គ្លេសរបស់សមាជិក BTS ផងដែរថា៖ «ពួកគេមិននិយាយភាសាអង់គ្លេសផង ហេតុអ្វីខ្ញុំត្រូវរំភើប?» ក្នុងពេលដែលមានមនុស្សសួរលោកថាលោករំភើបដែរទេដែលបានជួបជាមួយ BTS។ ជាមួយគ្នានោះក៏មានការរាយការណ៍អំពីទង្វើមិនវិជ្ជាជីវៈរបស់បុគ្គលិកកម្មវិធីដែលបានបែងចែកទស្សនិកជនដោយផ្អែកលើរូបរាង និងការសើចចំអកដាក់អ្នកគាំទ្រថែមទៀតផង។


ទង្វើ និងពាក្យសម្ដីមិនសមរម្យទាំងនេះបានធ្វើឱ្យមានភាពក្ដៅគគុកក្នុងបណ្ដាញសង្គម X ដោយអ្នកអ្នកគាំទ្ររាប់ម៉ឺននាក់បានបង្ហោះសាររិះគន់យ៉ាងចាស់ដៃដោយសង្កត់ធ្ងន់ថាទាំងនេះគឺជាការមិនផ្ដល់ដល់ភ្ញៀវកិត្តិយស ជាពិសេសទៅលើ BTS ដែលជាក្រុមចម្រៀងលំដាប់កំពូលរបស់ពិភពលោក។ ទន្ទឹមនឹងនេះមតិភាគច្រើនបានបង្ហាញពីការខកចិត្តដែលសិល្បករអាស៊ីនៅតែបន្ដរងគ្រោះដោយសារការរើសអើងជាតិសាសន៍នៅបស្ចិមប្រទេស ទោះបីជាក្នុងឆ្នាំ ២០២៦ ក៏ដោយ។
យោងតាម TMZ បានឱ្យដឹងថា Seth Herzog បានសុំទោសជាលក្ខណៈបុគ្គលទៅកាន់សមាជិកទាំង ៧ រូបរបស់ BTS រចរាល់ហើយ ហើយខាងថ្នាក់ដឹកនាំបណ្ដាញទូរទស្សន៍ក៏បានស្ដីបន្ទោសរូបលោកផងដែរ។ ទោះជាយ៉ាងណា គិតមកទល់ពេលនេះទាំងលោក Jimmy Fallon និងគណនីផ្លូវការរបស់កម្មវិធី @FallonTonight មិនទាន់មានការចេញមុខសុំទោស ឬធ្វើអត្ថាធិប្បាយជាសាធារណៈណាមួយដើម្បីឆ្លើយតបទៅនឹងការទាមទាររបស់អ្នកគាំទ្រនៅឡើយទេ ខណៈដែល BTS នឹងបង្ហាញខ្លួនសម្ដែងបទថ្មីរបស់ពួកគេនៅក្នុងកម្មវិធីនាថ្ងៃទី ២៥ និង ២៦ ខែមីនានេះ៕























Account
Security
Favourite Content