តាមរយៈបទសម្ភាសជាមួយទស្សនាវដ្ដី Wall Street Journal ចុះផ្សាយកាលពីថ្ងៃទី៥ ខែធ្នូ តារាសម្ដែង Angelina Jolie បានបង្ហើបថាពេលនេះអ្នកស្រីកំពុងចាប់ផ្ដើមគម្រោងថតភាពយន្ត “Maleficent” វគ្គ៣ ប៉ុន្តែភាពយន្តនេះអាចនឹងជារឿងចុងក្រោយក្នុងអាជីពសម្ដែងរបស់អ្នកស្រីនៅហូលីវូដ។

តារាសម្តែងវ័យ ៤៨ ឆ្នាំបានឱ្យដឹងថាវគ្គទី ៣ នៃរឿង “Maleficent” ដែលបន្តពីវគ្គ២កាលពីឆ្នាំ២០១៩ នឹងមានការត្រឡប់មកវិញនៃតួសម្តែងមួយចំនួន រួមទាំង Elle Fanning ជាតួព្រះនាង Aurora។ ក្រៅពីការបញ្ជាក់ពីគម្រោងនេះ Angelina មិនបានផ្តល់ព័ត៌មានលម្អិតច្រើនអំពីដំណើររឿងនោះទេ។
ទោះយ៉ាងណា ក្នុងបទសម្ភាសនេះ Angelina Jolie ក៏បានបង្ហើបថាអ្នកស្រីអាចនឹងចូលនិវត្តន៍ពីការសម្ដែង ដោយសារមួយរយៈកន្លងមកបន្ទាប់ពីអ្នកស្រីលែងលះពីអតីតស្វាមី Brad Pitt គឺជាពេលវេលាដ៏លំបាក ហើយអ្នកស្រីត្រូវការពេលវេលាព្យាបាលផ្លូវចិត្តនិងមើលថែកូនៗឱ្យបានគ្រប់គ្រាន់។ អ្នកស្រីបន្ថែមទៀតថាហូលីវូដអាចនឹងមិនមែនជាកន្លែងល្អប៉ុន្មាននោះទេសម្រាប់ការព្យាបាលផ្លូវអារម្មណ៍ ដូច្នេះអ្នកស្រីកំពុងពិចារណាមករស់នៅបែបស្ងប់ស្ងាត់ក្នុងប្រទេសកម្ពុជាវិញ។
បើទោះជាមានគម្រោងបញ្ចប់អាជីពសម្ដែង ប៉ុន្តែតារាស្រីដែលបានទទួលចិញ្ចឹមកូនខ្មែរម្នាក់ជាកូនច្បងរូបនេះបានបញ្ជាក់ថាអ្នកស្រីនឹងមិនឈប់ការងារផ្សេងៗនិងការងារមនុស្សធម៌ឡើយ។ “ខ្ញុំមិនអាចឈប់បាននោះទេ ខ្ញុំតែងតែគិតថាជីវិតនឹងមានអ្វីថ្មីៗចូលមកជានិច្ច។ ខ្ញុំនឹងទៅរស់នៅកម្ពុជានៅពេលដែលខ្ញុំអាច”។ អ្នកស្រីបញ្ជាក់ ៕



























Account
Security
Favourite Content