ថ្មីៗនេះនៅលើបណ្ដាញសង្គម weibo វីដេអូខ្លីមួយរបស់តារាជើងចាស់ Andy Lau នៅក្នុងកម្មវិធីកម្សាន្ដតៃវ៉ាន់ត្រូវបានក្លាយជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍ក្រោយលោកបង្ហាញពីការបរាជ័យក្នុងការព្យាយាមចូលទៅក្នុងពិភពខ្សែភាពយន្ដហូលីវូដ។ នៅក្នុងនោះលោកក៏បានពន្យល់ច្បាស់ពីមូលហេតុដែលលោកមិនអាចដើរតាមគន្លងក្លាយជាតារាហូលីវូដល្បីដូចតួល្បីៗមួយចំនួនរួមមាន Chow Yun-fat, Jackie Chan និង Jet Li ជាដើម។



កំពូលតារាជើងចាស់រូបនេះបានឱ្យដឹងថា៖ ជាការពិតលោកបានចុះហត្ថលេខាលើកិច្ចសន្យាគ្រប់គ្រងជាមួយភ្នាក់ងារហូលីវូដកាលពីឆ្នាំ ១៩៩១ ប៉ុន្តែតួនាទីភាគច្រើនដែលគេផ្ដល់ឱ្យលោកគឺមិនសមស្របតាមអ្វីលោកមានក្នុងចិត្តក្នុងចិត្តនោះទេ។ លោកបានបន្ដថាជាក់ស្ដែងលោកធ្លាប់ត្រូវបានគេផ្ដល់តួនាទីមួយនៅក្នុងរឿង “M. Butterfly” ឆ្នាំ ១៩៩៣ ដែលសម្តែងដោយ Jeremy Irons និង John Lone។ ប៉ុន្តែលោកបានបដិសេធដោយលោកពិតជាមិនអាចសម្ដែងក្នុងឈុតដែលបុរសបរទេសត្រូវលិឍបាតជើងបុរសម្នាក់ទៀតបាននោះទេ។
តារាសម្ដែងវ័យ ៦២ ឆ្នាំរូបនេះបានបន្ថែមថាសិល្បៈក្បាច់គុនក៏ជាឧបសគ្គមួយផ្សេងទៀតសម្រាប់លោកក្នុងការសម្ដែងរឿងហូលីវូដដែរ។ លោកបានរំឭកថា៖ ពេលមួយលោកបានទៅធ្វើតេស្ដសម្ដែងសម្រាប់តួអង្គមួយនៅក្នុងរឿង Bruce Lee ប៉ុន្តែក្រុមការងារបែរជាស្នើសុំឱ្យលោកសម្ដែងក្បាច់គុនទៅវិញ។ ដូច្នេះលោកក៏បានបដិសេធគេដោយលោកបានប្រាប់ថាលោកមិនអាចធ្វើបាននោះទេ។

លើសពីនេះទៀត លោកបានបង្ហើបថាជាការពិតលោកមានឱកាសសម្ដែងជាតួ Sandman ក្នុងរឿង “Spider-Man 3” ឆ្នាំ ២០០៧ ប៉ុន្តែលោកយល់ថាវាមិនអាចទៅរួចឡើយ ហេតុនេះទើបលោកគិតថាវិស័យកុនហូលីវូដគឺមិនស័ក្ដិសមជាមួយលោកនោះទេ។
គួរបញ្ជាក់ផងដែរថាចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ ១៩៨១ នៅលើទូរទស្សន៍ហុងកុងតារាសម្ដែង Andy Lau បានផ្ដល់អាទិភាពចម្បងទៅលើខ្សែភាពយន្ដដែលនិយាយភាសាចិនជាជាងផ្ដោតសំខាន់ទៅលើខ្សែភាពយន្ដហូលីវូដ។ ទោះកន្លងមកជាច្រើនក្ដីក៏លោកនៅតែបញ្ជាក់ម្ដងហើយម្ដងទៀតថាលោកមិនបានមើលឃើញថាកុនហូលីវូដល្អជាងឧស្សាហកម្មភាពអាស៊ីឡើយ ហើយលោកក៏គ្មានចំណាប់អារម្មណ៍ចង់ចូលដែរ។
ជាក់ស្ដែងនៅក្នុងបទសម្ភាសមួយក្នុងឆ្នាំ ២០០៤ តារាហុងកុងប្រុស Andy Lau បានសម្ដែងការពេញចិត្តយ៉ាងខ្លាំងក្រោយភាពយន្ដចិនត្រូវបានគេធ្វើការលម្អៀងនៅក្នុងហូលីវូដ។ ក្នុងឆ្នាំ ២០០៦ លោកបានរំឮកឡើងវិញថាហូលីវូដមិនបានផ្ដល់អ្វីដែលល្អជាងទីផ្សារអាស៊ីឡើយ ខណៈនៅឆ្នាំ ២០០៨ លោកបានណែនាំទៅកាន់តារាសម្ដែងកូរ៉េឱ្យរក្សាទំនៀមទម្លាប់របស់ពួកគេជាជាងស្វែងរកភាពល្បីល្បាញនៅហូលីវូដ៕





























Account
Security
Favourite Content