តារាសម្ដែងហុងកុង Andy Lau ឬ លី តាវហួរ ជាតារាប្រុសជើងចាស់ម្នាក់ដែលទទួលការគោរពស្រឡាញ់យ៉ាងច្រើនពីមហាជន។ បើទោះជាមានវ័យ ៦២ ឆ្នាំហើយក្ដី តែទីផ្សាររបស់លោកនៅតែកាក់កប និងត្រូវបានអញ្ជើញចូលសម្ដែងភាពយន្ដ និងកម្មវិធីជាច្រើន។ មែនទែនទៅ ទម្រាំទទួលបានជោគជ័យដូចសព្វថ្ងៃ ឆាកជីវិតរបស់តារាប្រុសរូបនេះក៏បានដើរឆ្លងកាត់រឿងជូរចត់ជាច្រើន។ លោកធ្លាប់ក្ស័យទុន ដោយសារផលិតរឿង និងជំពាក់បំណុលជាង ៤ លានដុល្លារថែមទៀត។



តាមរយៈប្រភពព័ត៌មានតៃវ៉ាន់ news.yahoo បានឲ្យដឹងថា តារាប្រុសហុងកុងជើងចាស់រូបនេះគឺមានការស្ដាយក្រោយយ៉ាងខ្លាំង និងស្ទើរតែមិនអាចបំភ្លេចមួយជិវិតក្រោយលោកទទួលសម្ដែងរឿង “Fascination Amour” ជាមួយតារាស្រីជប៉ុន Hikaru Ishida។ ជាក់ស្ដែង លោកទទួលសម្ដែងរឿងនេះដោយសារតែក្រុមហ៊ុនរបស់លោកមានបញ្ហាហិរញ្ញវត្ថុ ស្របពេលដែលគេឲ្យប្រាក់ឈ្នួលថ្លៃផងនោះ ទើបទទួលសម្ដែងតែម្ដង។
“Fascination Amour” ជារឿងដែលចំណាយពេលជាច្រើនថតលើកប៉ាល់។ អ្វីដែលលោកភ្ញាក់ផ្អើលគឺក្រុមការងាររឿងមួយនេះ គឺមានស្ថានភាពច្របូកច្របល់ខ្លាំង គ្មានសូម្បីតែតួបន្ថែម អ្នកដឹកនាំស្នើឲ្យមនុស្សពិតដែលនៅលើកប៉ាល់ រួមមានអ្នកដំណើរ បុគ្គលិក មកធ្វើជាតួ។ លោកបានប្រឡូកក្នុងវិស័យថតភាពយន្ដជាយូរឆ្នាំណាស់មកហើយ ប៉ុន្ដែមិនដែលជួបនូវស្ថានភាពដូច្នេះទេ។ បទពិសោធជូរចត់ បានធ្វើឲ្យលោកកាន់តែមានភាពប្រសើរជាងមុនក្នុងការរើសរឿងសម្ដែង ដោយលោកជ្រើសតែរឿងដែលមានសាច់រឿងគុណភាពប៉ុណ្ណោះ លោកនឹងមិនយកប្រាក់ជាធំឡើយ។


គួរបញ្ជាក់ថា ក្នុងឆ្នាំ ១៩៩០ តារាប្រុស Andy Lau បានបោះទុនបង្កើតក្រុមហ៊ុនផលិតភាពយន្ដមួយ ប៉ុន្ដែបានខាតបង់អស់ប្រាក់យ៉ាងច្រើនដោយសារបទពិសោធន៍នៅក្មេងខ្ចីពេក។ ក្រោយមកលោកធ្លាក់ខ្លួនជាប់បំណុលជិត ៥ លានដុល្លារអាមេរិក និងត្រូវខិតខំប្រឹងប្រែងថតរឿងជាច្រើនដើម្បីប្ដូរយកប្រាក់មកសងបំណុល៕



























































Account
Security
Favourite Content