កាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅតារាសម្ដែងស្រី Han So Hee ត្រូវបានគេរាយការណ៍ថានាងបានរងរបួសនៅផ្ទៃមុខជុំវិញតំបន់ភ្នែកខណៈពេលកំពុងថតរឿង Gyeongseong Creature ហើយក៏ត្រូវបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ភ្លាមដើម្បីធ្វើការព្យាបាល។ ក្រោយកើតហេតុអ្នកគាំទ្រជាច្រើនក៏បានសម្ដែងការព្រួយបារម្ភខ្លាចថាតារាស្រីរូបនេះនឹងរងរបួសធ្ងន់រហូតឈានដល់ដំណាក់កាលវះកាត់ភ្នែក។ ប៉ុន្តែពួកគេក៏បានធូរចិត្តវិញ ក្រោយក្រុមហ៊ុន 9ATO Entertainment បានចេញមកបញ្ជាក់ថារបួសរបស់នាងមិនធ្ងន់ធ្ងរខ្លាំងឡើយ ហើយក៏មិនចាំបាច់ត្រូវវះកាត់អ្វីដែរ។

កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ តារាស្រី Han So Hee បានចូលរួមក្នុងកម្មវិធីសន្និសិទសារព័ត៌មានសម្រាប់រឿង Gyeongseong Creature ជាមួយអ្នកដឹកនាំព្រមទាំងតួសម្ដែងក្នុងរឿងផ្សេងទៀតដើម្បីពិភាក្សារឿងរ៉ាវខ្លះជុំវិញការថតខ្សែភាពយន្ដថ្មីមួយនេះ។ នាងបានឱ្យដឹងថាជាការពិតគ្រប់តួអង្គដែលសម្ដែងក្នុងខ្សែភាពយន្តមានឈុតឆាកវាយប្រហារបែបនេះគឺមិនអាចជៀសផុតពីការរងរបួសបន្ដិចបន្តួចឡើយ។ មែនទែនទៅនាងអាចជៀសវាងពីរងរបួសបាន ប៉ុន្តែដោយសារតែចង់ឱ្យការសម្ដែងមើលទៅល្អឥតខ្ចោះ ទើបសុខចិត្តប្រថុយរហូតបណ្ដាលឱ្យរងរបួសបែបនេះ។

នាងក៏បានបន្ថែមទៀតថារឿងមួយដែលខ្លួនបានមើលរំលងក្នុងពេលថតគឺការបែងចែកនូវអ្វីដែលអាចធ្វើបាន និងអ្វីដែលមិនអាចធ្វើបាន ប្រសិនបើនាងគិតបានដិតដល់ជាងនេះនោះនឹងមិនមានរឿងអ្វីកើតឡើងឡើយ។ ការប្រថុយគ្រប់យ៉ាងមិនមានន័យថានាងសុទ្ធតែអាចសម្រេចបាននោះទេ ដូច្នេះនាងក៏សុំអភ័យទោសដល់ក្រុមការងារទាំងអស់ដែលនាងបានរំខានដល់ដំណាក់កាលនៃការផលិតផងដែរ។ ជាមួយគ្នានេះ នាងក៏មិនភ្លេចប្រាប់អ្នកគាំទ្រកុំឱ្យមានការព្រួយបារម្ភខ្លាំងពេកអីដូចគ្នាដែរ។

គួរបញ្ជាក់ផងដែរ Gyeongseong Creature គឺជាខ្សែភាពយន្តបែបរន្ធត់របស់ Netflix និយាយពីតួអង្គពីរនាក់សម្ដែងដោយតារាស្រី Han So Hee និងតារាប្រុស Park Seo Joon ត្រូវប្រយុទ្ធជាមួយសត្វចម្លែកដែលកើតចេញពីភាពលោភលន់របស់មនុស្សដើម្បីរស់រានមានជីវិតនៅក្នុងឆ្នាំ ១៩៤៥ ជាឆ្នាំដែលប្រទេសកូរ៉េកំពុងត្រូវបានដាក់អាណានិគម។ ចំពោះខ្សែភាពយន្តនេះផងដែរក៏ត្រូវបានគ្រោងនឹងចាក់បញ្ចាំងវគ្គ ១ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ និងវគ្គ ២ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ នេះហើយ៕



























Account
Security
Favourite Content