ជាការពិតព័ត៌មាន ឬពាក្យចចាមអារ៉ាមមានស្នេហាត្រូវបានចាត់ទុកជាសុបិនដ៏អាក្រក់បំផុតសម្រាប់តារាខេប៉ុប។ ភាគច្រើនពួកគេនឹងត្រូវរងការវាយប្រហារយ៉ាងខ្លាំងទៅលើផ្លូវចិត្តរហូតធ្វើឱ្យតារាមួយចំនួនសម្រេចចិត្តដកខ្លួនចេញពីក្រុម លាឈប់ពីវិស័យសិល្បៈ ឬឈានដល់ការធ្វើអត្តឃាតខ្លួនឯងថែមទៀតផង។ ដូច្នេះហើយយើងសង្កេតឃើញថាក្រុមហ៊ុននីមួយៗសុទ្ធតែមានច្បាប់ដ៏តឹងរ៉ឹងក្នុងការគ្រប់គ្រងសិល្បកររបស់ខ្លួន។ ក្រៅពីនេះក៏មានការរួមផ្សំជាមួយនឹងហេតុផលផ្សេងៗទៀតដែលបណ្ដាលឱ្យក្រុមហ៊ុនចេញច្បាប់មិនឱ្យសិល្បករមានស្នេហាដូចជា៖
១. រារាំងដល់ការសម្រេចគោលដៅ
ជាទូទៅតារាខេប៉ុបម្នាក់ៗចាំបាច់ត្រូវចំណាយពេលវេលាស្ទើរទាំងអស់របស់ពួកគេដើម្បីផ្ដោតសំខាន់ទៅលើការងារ។ ពួកគេគឺត្រូវតែទទួលយកការហ្វឹកហាត់ដើម្បីពង្រឹងសមត្ថភាព និងបង្ហាញពីអ្វីដែលកាន់តែប្លែកហើយអស្ចារ្យទៅដល់អ្នកគាំទ្ររាល់ពេលបង្ហាញមុខជាមួយនឹងការវិលត្រលប់មកវិញ ឬក្នុងការប្រគុំតន្ដ្រីរបស់ខ្លួន។ ហេតុនេះហើយទើបក្រុមហ៊ុនបានចែងច្បាប់ដ៏តឹងរឹងហាមមិនឱ្យសិល្បករមានស្នេហាដោយសារការពារការបាត់បង់ទេពកោសល្យ និងខ្ជះខ្ជាយពេលវេលាទៅលើរឿងផ្សេងៗ។

២. បាត់បង់អ្នកគាំទ្រ
សិល្បករខេប៉ុបទាំងអស់មិនមែនត្រឹមតែផ្ដល់ឱ្យអ្នកគាំទ្រនូវសមត្ថភាព និងរូបសម្រស់ប៉ុណ្ណោះទេ តែពួកគេក៏បានលះបង់ជីវិតផ្ទាល់ខ្លួនផងដែរ។ ដូច្នេះហើយនៅក្នុងវិស័យខេប៉ុបដើម្បីឈានទៅរកភាពជោគជ័យឱ្យដល់កម្រិតកំពូល អ្នកគាំទ្រគឺអាទិភាពសំខាន់បំផុតដែលទាំងសិល្បករ និងក្រុមហ៊ុនមិនអាចធ្វើអ្វីមួយដោយធ្វេសប្រហែសបាន។ ជាក់ស្ដែងដូចដែលយើងបានឃើញនាពេលបច្ចុប្បន្ននេះ ប្រសិនបើតារាខេប៉ុបណាម្នាក់ក្លាហានហ៊ានទទួលស្គាល់ព័ត៌មានមានស្នេហា ច្បាស់ណាស់ពួកគេមិនអាចគេចផុតពីការដាក់សម្ពាធពីអ្នកគាំទ្រនោះទេ រហូតធ្វើឱ្យសិល្បករខ្លះត្រូវប្រកាសបែកគ្នាភ្លាមៗ ឬឈានដល់ការប៉ះពាល់ដល់ផ្លូវចិត្តទៀតផង។ ជាពិសេសពួកគេនឹងដើរចេញពីតារាដែលខ្លួនធ្លាប់គាំទ្រដោយមិនស្ដាយស្រណោះអ្វីបន្តិចឡើយ។
៣. រឿងអាស្រូវបំផ្លាញកេរ្ដិ៍ឈ្មោះសិល្បករ
សម្រាប់ជីវិតរបស់តារាខេប៉ុប កិត្តិយស និងកេរ្ដិ៍ឈ្មោះគឺពិតសំខាន់ខ្លាំងជាងអ្វីទាំងអស់។ ជាក់ស្ដែងមិនចាំបាច់ដល់ការប្រកាសទទួលស្គាល់ព័ត៌មានស្នេហា ត្រឹមតែពាក្យចចាមអារ៉ាមមានស្នេហាក៏អាចធ្វើឱ្យពួកគេប្រឈមនឹងការរិះគន់ពីសំណាក់អ្នកគាំទ្រទៅហើយ។ មួយវិញទៀតអាចនិយាយថាក្ដីស្រឡាញ់ដែលអ្នកគាំទ្រមានចំពោះអាយដលគឺលើសពីអ្នកគាំទ្រ និងសិល្បករ ដូច្នេះវាជារឿងដែលធ្វើឱ្យពួកគេទទួលយកមិនបានរហូតដល់បោះបង់ការគាំទ្រចោលផងដែរ។ មិនត្រឹមប៉ុណ្ណេះ នៅក្នុងឧស្សាហកម្មកម្សាន្ដខេប៉ុបនៅពេលដែលសិល្បករណាដែលមានពាក្យចចាមអារ៉ាមមានទំនាក់ទំនងត្រូវបានចាត់ទុករឿងអាស្រូវមួយ ថែមទាំងអាចនឹងត្រូវបានអ្នកគាំទ្រជ្រុលនិយមមួយចំនួនវាយប្រហារគ្រប់រូបភាពទៀតផង។ រាល់ការវាយប្រហាររបស់អ្នកគាំទ្រគឺប្រៀបដូចជាអាវុធដ៏សាហាវមួយដើម្បីបំផ្លាញក្ដីស្រមៃរបស់សិល្បករម្នាក់ៗបានយ៉ាងងាយស្រួល។

៤. ក្រុមហ៊ុនបាត់ចង់ប្រាក់ចំណូល
ពាក្យចចាមអារ៉ាមស្នេហាមិនត្រឹមតែអាចធ្វើឱ្យសិល្បករបាត់បង់កេរ្ដិ៍ឈ្មោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យក្រុមហ៊ុនបាត់បង់ប្រាក់ចំណូលមួយភាគធំផងដែរ។ មូលហេតុនោះគឺដោយសារតែក្រុមហ៊ុននីមួយៗបានចំណាយប្រាក់យ៉ាងច្រើនក្នុងការបណ្ដុះបណ្ដាលមនុស្សម្នាក់ៗឱ្យក្លាយជាតារាខេប៉ុបជាផ្លូវការ។ ដូច្នេះប្រសិនបើពួកគេមានព័ត៌មានចចាមអារ៉ាម ច្បាស់ណាស់នឹងបាត់បង់ប្រជាប្រិយភាព និងអ្នកគាំទ្រដែលជាប្រភពធំបំផុតនៃប្រាក់ចំណូល។
៥. អាចប៉ះពាល់ដល់ផ្លូវចិត្តរបស់សិល្បករ
ជាការពិតចំណុចចុងក្រោយនេះគឺជាអ្វីដែលក្រុមហ៊ុនរបស់ខេប៉ុបខ្លាចរអាខ្លាំងបំផុត។ ប្រសិនបើគេបណ្ដោយឱ្យសិល្បករមានស្នេហា នោះអាចនឹងមានជាច្រើនកើតឡើងដោយនឹកស្មានមិនដល់។ ជាក់ស្ដែងប្រសិនបើអ្នកទាំងពីរមានរឿងអ្វីមួយកើតឡើងដោយឥតព្រាងទុកដូចជាទំនាក់ទំនងរាងកាយ ឬជម្លោះផ្ទាល់ខ្លួនកំលុងពេលទាក់ទងគ្នា វាអាចប៉ះពាល់ផ្លូវចិត្តបានយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះវាជារឿងគួរឱ្យខ្លាចបំផុតសម្រាប់ក្រុមហ៊ុន ប្រសិនបើសិល្បកររបស់ពួកគេរងសម្ពាធផ្លូវចិត្តខ្លាំងពេករហូតដល់គិតខុសជ្រើសរើសវិធីណាមួយមានគ្រោះថ្នាក់ដើម្បីបញ្ចប់បញ្ហា៕
























Account
Security
Favourite Content