ក្រោយបញ្ចប់ការប្រកួត Miss Universe 2022 បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២២ ហង្ស ម៉ានីតា និងរៀមច្បង៣ រូបផ្សេងទៀត គឺ រឿន ណាត,សំណាង អេលីណា និង កញ្ញា រ៉េត សារីតា បានកំពុងនៅបន្តបំពេញភារកិច្ចតាមគម្រោងលើទឹកដីអាមេរិកជាមួយសមាគមខ្មែរនៅសហរដ្ឋអាមេរិក លើកលែងតែ ស្រីស្អាត ងិន ម៉ារ៉ាឌី ប៉ុណ្ណោះ ដែលឆ្លៀតស្កាត់ទៅជួបគូដណ្តឹងរបស់នាង រួចត្រឡប់មកកម្ពុជាមុនវិញនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។
ខណៈកំពុងបំពេញភារកិច្ច និងធ្វើទស្សនកិច្ចផ្សេងៗដែលរៀបចំដោយសមាគមន៍ខ្មែរនៅសហរដ្ឋអាមេរិក បវរកញ្ញាចក្កវាឡកម្ពុជា៤ រូប បានទទួលឱកាសចូលទស្សនាសេតវិមានផ្ទាល់ភ្នែក។
បវរកញ្ញាចក្កវាឡកម្ពុជា ៤ រូប បានបង្ហាញអារម្មណ៍រំភើបក្រៃលែងដែលបានចូលទៅទស្សនា white house ដោយផ្ទាល់បែបនេះ។ នេះប្រៀបដូចក្តីសុបិនក្លាយជាពិតដូច្នោះដែរ ដោយអ្នកដំណើរទៅលេងអាមេរិកភាគច្រើន ចង់ទៅមើលសេតវិមានឲ្យបានម្ដងក្នុងមួយជីវិត។
សូមជម្រាបថា បន្ទាប់ពីបញ្ចប់បេសកម្មប្រកួតប្រជែងសម្រស់ Miss Universe 2022 ចង្កោមគ្រួសារបវរកញ្ញាចក្កវាឡកម្ពុជានៅមិនទាន់វិលត្រឡប់មកកម្ពុជាវិញនៅឡើយទេ ដោយពួកគេត្រូវនៅបំពេញភារកិច្ចផ្សេងៗតាមគម្រោងដែលបានរៀបចំពីកម្ពុជាទៅ។


លោក ម៉ែន និមលរតន៍ នាយកប្រត្តិបត្តិក្រុមហ៊ុន CIM ឱ្យដឹងថា បវរកញ្ញាចក្កវាឡកម្ពុជាទាំង៤ រូប នឹងត្រូវធ្វើដំណើរកម្សាន្តទៅតាមទីតាំងផ្សេងៗ និងចូលរួមកម្មវិធីមួយចំនួនទៀត ក្រោមការរៀបចំរបស់សមាគមខ្មែរនៅសហរដ្ឋអាមេរិក រហូតដល់ថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៣ រួចទើបត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣៕























Account
Security
Favourite Content