ខ្ញុំមានសិស្សប្អូនស្រីម្នាក់ឈ្មោះ F ដែលបានបង្រៀនខ្ញុំឱ្យដឹងថាការដែលត្រូវគេ Bully មិនមែនជារឿងតូចតាចឡើយ ហើយវាអាចបំផ្លាញមនុស្សម្នាក់រហូតដល់កម្រិតដែលយើងមិនធ្លាប់បានគិតដល់។ F ជាក្មេងស្រីមានមាឌធំ មានសាច់ច្រើនតាំងពីតូច អាចនិយាយបានថាលើសទម្ងន់ ដែលត្រូវបានមនុស្សជាច្រើនដាក់រហស្សនាមផ្សេងៗគ្នាឱ្យ មានទាំង«នាងជ្រូក» «ម៉ូដែលជ្រូក» «កូនជ្រូក» និង ឈ្មោះហៅក្រៅផ្សេងទៀត ដែលពិបាកទទួលយកមែនទែន។
ខ្ញុំស្គាល់ F ប្រហែល៤ ឆ្នាំហើយ…តែខ្ញុំមិនធ្លាប់មានអារម្មណ៍ថាស្អប់ខ្ពើម ឬរើសអើងនាងឡើយ ទោះបីអ្នកផ្សេងមិនចង់នៅក្បែរ ឬរាប់អាននាងក៏ដោយ។ F មានទេពកោសល្យម្យ៉ាង គឺពូកែច្រៀងសំនៀងរបស់នាង ពិតជាពីរោះ មានទឹកដមគួរឱ្យស្ដាប់ តែវាត្រូវកប់ទុកក្នុងសម្បករូបដែលគេមើលងាយ។

«ធាត់ដូចជ្រូក មិនគិតសម្រកទម្ងន់ខ្លះទេ!!!»
«ធាត់ក៏ធាត់ ខ្មៅក៏ខ្មៅ មើលយូរៗទៅ ដូចក្របីហ្មង»
«ខ្លួនជាមនុស្ស តែមាឌជាជ្រូក សាច់ត្រង់ណាក៏យារដែរ…គ្មានត្រង់ណាមើលចូលភ្នែកសោះ»
នៅមានសម្ដីពិបាកស្ដាប់ច្រើនទៀត ដែល F ធ្លាប់ឮ ហើយបានត្រឹមតែឈឺចាប់ម្នាក់ឯង ព្រោះនាងមិនចេះតបតនឹងគេ។ ឮម្ដងៗខ្ញុំស្ទើរតែស្ទុះយកស្គុតបិទមាត់មនុស្សទាំងនោះ តែ F តែងឃាត់ខ្ញុំរាល់លើក។
រហូតដល់ថ្ងៃមួយនោះ…F វិះនឹងលែងមានវត្តមានក្នុងលោកនេះទៀត បើខ្ញុំទៅយឺតតែមួយជំហាន។ ឃើញនាងក្នុងសភាពមនុស្សអស់កម្លាំងចិត្ត ជាមនុស្សលែងចង់រស់ទៀត ខ្ញុំស្លុតចិត្តអាណិតជាពន់ពេក។
«ខ្ញុំខុសអី??? ស្មានថាខ្ញុំចង់មានមាឌដូចជ្រូកអញ្ចឹងមែន? ស្មានថាខ្ញុំមិនចង់ស្រកគីឡូដូចគេដូចឯងមែន? ខ្ញុំបានប្រឹងហើយ…ខ្ញុំខំបង្អត់អាហារផង ខំលេបថ្នាំផង ខំហាត់ប្រាណផង តែវាមិនបានផល។ តើការរស់នៅក្នុងសង្គមនេះ រូបរាងខាងក្រៅសំខាន់ខ្លាំងដល់ម្ល៉ឹង? សំខាន់ដល់ថ្នាក់លុបបាត់ទេពកោសល្យដែលមនុស្សម្នាក់មានអញ្ចឹងហ៎? ហេតុអីមិនអាចឱ្យខ្ញុំរស់បានស្ងប់ចិត្តនឹងគេផង? ហេតុអីចូលចិត្តប្រើពាក្យអាក្រក់ស្ដាប់មក Bully ជីវិតខ្ញុំម្ល៉េះ? ខ្ញុំហត់ហើយ…» F យំបណ្តើរ កកាយពាក្យក្នុងចិត្តចេញមកម្ដងមួយបណ្ដើរ។

វិនាទីនោះជាពេលដែលខ្ញុំសន្យានឹងខ្លួនឯងថាត្រូវធ្វើអ្វីម្យ៉ាង ដើម្បីសុំចិត្តអ្នកដែលគិតតែពីអារម្មណ៍របស់ខ្លួនឯង…
«មិនថាគេមានរូបរាងបែបណា មានប្រវត្តិបែបណា សូមកុំផ្ដោតទៅលើចំណុចខ្សោយរបស់គេ វាមិនមែនជាប្រយោជន៍អ្វីឡើយ ហើយប្រហែលជាអាចបន្សល់នូវវិប្បដិសារីថ្ងៃណាមួយ។ ត្រូវចាំថា កូនគេកូនយើង ប្អូនគេប្អូនយើង…បើមិនបាននិយាយពីចំណុចល្អ សូមត្រឹមកុំនិយាយពីចំណុចអាក្រក់ ឬជាន់ពន្លិច»។




Account
Security
Favourite Content