ការថែរក្សាស្បែកសម្រាប់មនុស្សគ្រប់វ័យគឺត្រូវមានការរួមចំណែកពីកត្តាផ្សេងៗជាច្រើន ហើយក្នុងចំណោមនោះ កត្តាចំណីអាហារក៏ជាផ្នែកសំខាន់មួយដែរ។ ជាពិសេស ក្មេងៗវ័យជំទង់ដែលកំពុងពេញញ៉ាំឆ្ងាញ់គឺពិតជាត្រូវប្រុងប្រយ័ត្នទៅលើអាហារព្រោះមិនត្រឹមតែអាចប៉ះពាល់ដល់សុខភាព ថែមទាំងអាចធ្វើឱ្យស្បែកឆាប់ឡើងស្នាមជ្រួញ ឬចាស់ជាងវ័យតែម្ដង។ ជាក់ស្ដែងដូចជាអាហារ ៩ ប្រភេទខាងក្រោមនេះ បើកាន់តែញ៉ាំកាន់តែធ្វើឱ្យឆាប់ចាស់៖
១. អាហារផ្អែម
ការបន្ថែមស្ករទៅក្នុងអាហារនឹងកាន់តែធ្វើមានរសជាតិឆ្ងាញ់ឡើងថែមមួយកម្រិតទៀត។ ប៉ុន្តែប្រសិនបើយើងទទួលទានអាហារដែលមានជាតិស្ករច្រើន វានឹងធ្វើឱ្យកោសិកាស្បែកខូច បាត់បង់ជាតិខូឡាជែន ស្បែកប្រែជាស្រអាប់ ព្រមទាំងឆាប់ឡើងស្នាមជ្រីវជ្រួញផងដែរ។
២. កាហ្វេអ៊ីន
ភេសជ្ជៈមានជាតិកាហ្វេអ៊ីនគឺសម្បូរទៅដោយសារធាតុអាដ្រេណាលីនដែលអាចជួយឱ្យស្រស់ស្រាយ និងជំរុញឱ្យរាងកាយមានការប្រុងប្រយ័ត្ន។ ប៉ុន្តែសារធាតុមួយប្រភេទនេះក៏ជាអ្នកដែលជួយជំរុញឱ្យស្នាមកាន់តែឆាប់ឡើងស្នាមជ្រីវជ្រួញផងដែរ។ លើសពីនេះ កាហ្វេអ៊ីនក៏ជាភ្នាក់ងារស្រូបយកវីតាមីន និងសារធាតុរ៉ែដែលសម្រាប់ចិញ្ចឹមស្បែកចេញពីរាងកាយទៀតផង។
៣. គ្រឿងស្រវឹង
ការផឹកគ្រឿងស្រវឹងច្រើននឹងធ្វើឱ្យរាងកាយបាត់បង់ជាតិទឹកច្រើន (ឧស្សាហ៍ចូលបន្ទប់ទឹក)។ បន្ថែមពីនេះ ដូចដែលយើងបានដឹងហើយថាគ្រឿងស្រវឹងគឺអាចធ្វើឱ្យមុខងារថ្លើមធ្លាក់ចុះផងដែរ។ ប្រសិនបើថ្លើមមានសុខភាពមិនល្អ ឬក្រិន វានឹងបង្ហាញសញ្ញានៅលើស្បែកយើងមុនគេដូចជាឡើងស្រអាប់ មិនភ្លឺថ្លា ជាពិសេសសស្នាមជ្រីវជ្រួញ។
៤. សាច់អាំង
អាហារអាំងគឺមានផ្ទុកនូវអ៊ីដ្រូកាបូនយ៉ាងច្រើនដែលអាចបង្កជារ៉ាឌីកាល់សេរីទៅបំផ្លាញកោសិកាស្បែក។ នៅពេលដែលកោសិកាស្បែកត្រូវបានបំផ្លាញនោះស្នាមជ្រីវជ្រួញនឹងលេចឡើងលើផ្ទៃមុខ បាត់បង់ភាពបត់បែន ស្បែកប្រែក្រៀមស្ងួត និងស្រអាប់ផងដែរ។
៥. អាហារបំពង
អាហារចៀន ឬបំពងពិតជាត្រូវការបរិមាណប្រេងយ៉ាងច្រើនដើម្បីចម្អិន។ ស្របពេលនេះ ជាតិប្រេងទាំងនោះមិនត្រឹមតែធ្វើឱ្យឡើងទម្ងន់ប៉ុណ្ណោះទេ វាថែមទាំងចូលទៅបំផ្លាញខូឡាជែនក្រោមស្បែកទៀតផង។ ដូច្នេះស្បែកនឹងមិនមានភាពភ្លឺរលោង ឡើងមុន និងពន្លឿនភាពចាស់ផងដែរ។
៦. ភេសជ្ជៈប៉ូវកម្លាំង
អាចនិយាយបានថាភេសជ្ជៈប៉ូវកម្លាំងគឺភាគច្រើនជាចំណូលចិត្តរបស់ក្មេងៗច្រើនជាង។ ប៉ុន្តែក្នុងភេសជ្ជៈប៉ូវកម្លាំងមានផ្ទុកនូវសារធាតុកាហ្វេអ៊ីន និងជាតិស្ករយ៉ាងច្រើនក្រាស់ក្រែលដែលបណ្ដាលឱ្យរាងកាយខ្សោះជាតិទឹក និងសុខភាពស្បែកចុះខ្សោយផងដែរ នេះយោងតាមការស្រាវជ្រាវដែលបានបោះពុម្ពផ្សាយនៅក្នុង Journal of Health Sciences។ មិនតែប៉ុណ្ណោះ សារធាតុទាំងពីរនៅក្នុងភេសជ្ជៈមួយនេះធ្វើឱ្យធ្មេញលឿង និងងាយពុកផុយទៀតផង។
៧. អាហារប្រៃ
កម្រិតសូដ្យូមយ៉ាងច្រើនដែលនៅក្នុងអាហារប្រៃនឹងបណ្ដាលឱ្យខ្លួនប្រាណឡើងហើម និងស្រូបយកជាតិទឹកពីរាងកាយផងដែរ។ ដោយសារជាតិទឹកមិនត្រឹមតែជួយសម្អាតជាតិពុលពីក្នុងខ្លួននោះទេ ប៉ុន្តែវាក៏ជួយរក្សាស្បែកឱ្យមានភាពទន់រលោង និងភ្លឺថ្លាជាដើម។ ដូច្នេះការបាត់បង់ជាតិទឹកក៏ជាមូលហេតុមួយដែលធ្វើឱ្យស្បែកជ្រួញដែរ។
៨. ខ្លាញ់មិនឆ្អែត
ខ្លាញ់មិនឆ្អែតគឺងាយនឹងធ្វើឱ្យយើងឡើងគីឡូបានយ៉ាងឆាប់រហ័ស។ លើសពីនេះ នៅពេលរាងកាយមានផ្ទុកខ្លាញ់មិនឆ្អែតច្រើននឹងអនុញ្ញាតឱ្យកាំរស្មីពន្លឺព្រះអាទិត្យចូលទៅបំផ្លាញស្បែកបានយ៉ាងងាយផងដែរ។ ដូច្នេះហើយវានឹងធ្វើឱ្យស្បែកមានការឈឺចាប់ បាត់បង់ជាតិសំណើម និងលេចឡើងស្នាមជ្រួញលឿនជាងមុនទៀតផង។
៩. អាហារកែច្នៃ
គ្រប់អាហារកែច្នៃមិនថាអាហារក្លាសេ សាច់ក្រក ប្រហិត មី ឬអាហារកំប៉ុងនោះទេ ក្រៅពីមានជាតិប្រៃខ្លាំង វាក៏មានផ្ទុកនូវសារធាតុដែលនៅក្នុងក្រុមស៊ុលហ្វីតផងដែរ។ ហើយសារធាតុទាំងនោះគឺត្រូវបានគេប្រើប្រាស់ដើម្បីរក្សាទុករសជាតិ និងសាច់ឱ្យបានយូរ។ ប្រសិនបើយើងមានផ្ទុកនូវសារធាតុទាំងនេះច្រើននៅក្នុងខ្លួន នោះវាគឺភ្នាក់ងារដែលជំរុញស្បែកឱ្យរលាក ស្ងួត ថែមទាំងពន្លឿនភាពចាស់ផងដែរ៕




















































Account
Security
Favourite Content