ជឿទេថាស្ទើរតែគ្រប់ទីកន្លែងទៅហើយគឺតែងតែមានវិញ្ញាណស្ថិតនៅក្បែរៗយើង? បើទោះបីជាកន្លែងទាំងនោះមានវិញ្ញាណរស់នៅជាមួយក៏ដោយ ក៏កន្លែងខ្លះនៅមានមនុស្សអាចស្នាក់នៅបាន ហើយកន្លែងខ្លះទៀតក៏ត្រូវគេបោះបង់ចោលដែរ។ ជាក់ស្ដែងដូចជាកន្លែងព្រឺព្រួចទាំង ៥ កន្លែងនៅប្រទេសហ្វីលីពីនជាដើម៖
៥. កោះ Corregidor
កោះ Corregidor គឺជាមូលដ្ឋានទ័ពដ៏សំខាន់នៅសម័យសង្គ្រាមលោកលើកទី ២ ដែលធ្វើឱ្យភ្ញៀវទេសចរ និងអ្នករស់នៅទីនោះសព្វថ្ងៃបានឃើញនូវវិញ្ញាណទាហានយ៉ាងញឹកញាប់។ ក្រៅពីនេះ Corregidor ក៏ជាកន្លែងដែលមានការសម្លាប់រង្គាលទៅលើអ្នកដែលជ្រើសរើសចូលជាកងទ័ពម៉ូរ៉ូក្នុងរបប Marcos ផងដែរ។
ជាមួយគ្នានេះ បច្ចុប្បន្នកន្លែងមួយបានក្លាយជាទីពេញនិយមសម្រាប់អ្នកចូលចិត្តស្វែងរកវិញ្ញាណ។ ជាការពិតកន្លែងស្នាក់នៅមួយចំនួនក៏មានផ្ដល់នូវសេវាកម្មព្រឺព្រួចជូនភ្ញៀវទេសចរដែរ។ ជាឧទាហរណ៍ដូចជា “ការទស្សនាផ្លូវរូងក្រោមដីនៅពេលយប់” ដោយយើងអាចដើរមើលជុំវិញផ្លូវរូងក្រោមដី Malinta ដែលធ្លាប់ជាមន្ទីរពេទ្យនៅក្នុងសម័យសង្គ្រាមលោកលើកទី ២។

ត្រលប់មកកន្លែងស្នាក់នៅវិញ ភ្ញៀវខ្លះអះអាងថាមានខ្មោចលងនៅក្នុងបន្ទប់ ឬឮសំឡេងក្មេងរត់លេងជុំវិញនោះពេលចូលបន្ទប់ទឹកជាដើម។
៤. Casa Vallejo

សំណង់បុរាណមួយនេះត្រូវបានគេសាងសង់ឡើងនៅក្នុងឆ្នាំ ១៩០៩ ដែលជាអន្តេវាសិកដ្ឋានមុនសង្គ្រាមសម្រាប់ពួកឥស្សរជនអេស្ប៉ាញ និងជាកន្លែងឃុំឃាំងអ្នកទោសអាល្លឺម៉ង់ផងដែរ។ Casa Vallejo ត្រូវបានផ្លាស់ប្ដូរមកជាសណ្ឋាគារនៅអំឡុងឆ្នាំ ១៩២០ ហើយវាក៏ជាសំណង់ដែលនៅសេសសល់ពីសង្រ្គាមលោកលើកទី ២ នៅក្នុងទីក្រុង Baguio។
ភ្ញៀវដែលបានទៅស្នាក់នៅទីនោះបានប្រាប់ថាពេលចូលដល់ខាងក្នុងពិតជាមានការតុបតែងលម្អស្អាត ប៉ុន្តែវាបែរជាព្រឺឆ្អឹងខ្នងទៅវិញ។ ភាគច្រើនគេបានឮសំឡេងថ្ងួចថ្ងូរ និងយំសោកយ៉ាងឈឺចាប់ក្នុងសណ្ឋាគារ។ ហើយយប់ខ្លះវិញពួកគេក៏បានឮសំឡេងឈើដូចជាអារឈើ ឬកាច់បំបាក់ឈើជាដើមទាំងដែលកន្លែងនោះមិនមានអ្វីសោះ។
៣. Laperal House
ផ្ទះ Laperal ឬផ្ទះលេខ ៤ ស្ថិតនៅតាមបណ្ដោយផ្លូវ Leonard Wood ដែលមានចម្ងាយត្រឹមតែពីរបីជំហានពីជំរុំគ្រូបង្រៀនប៉ុណ្ណោះ។ វាក៏ត្រូវបានប្រជាជននៅទីនោះចាត់ទុកថាជាកន្លែងដែលមានខ្មោចលងផងដែរ។ ផ្ទះមួយនេះធ្លាប់ជាកម្មសិទ្ធិរបស់គ្រួសារ Laperal ដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ តែត្រូវបានរឹបអូសដោយជនជាតិជប៉ុនក្នុងអំឡុងសង្គ្រាមលោកលើកទី ២។
មានពាក្យចចាមអារ៉ាមថា មេគ្រួសារផ្ទះនោះបានស្លាប់ដោយឧបទ្ទេវហេតុដោយកាំជណ្ដើរ ហើយគេតែងតែឃើញគាត់ និងក្រុមគ្រួសាររួមជាមួយក្មេងស្រីស្លៀកឈុត ស ម្នាក់ចេញដើរលេងនៅរានហាលខាងមុខក្នុងបរិវេណផ្ទះរហូតមកដល់សព្វថ្ងៃ។
កាលពីប៉ុន្មានឆ្នាំមុន ផ្ទះនេះត្រូវបានទិញដោយមហាសេដ្ឋី PAL Lucio Tan ហើយប្តូរទៅជាសារមន្ទីរតាំងវត្ថុបុរាណ Art Deco និង Igorot ។ បើទោះបីជាផ្នែកខាងក្រៅត្រូវបានជួសជុលឡើងវិញ ប៉ុន្តែនៅតែគួរឱ្យខ្លាច។ សម្រាប់ការតាំងពិពណ៌គឺមានតែនៅថ្ងៃចុងសប្តាហ៍ ខណៈថ្ងៃធម្មតាអាចថតបានត្រឹមតែពីខាងក្រៅប៉ុណ្ណោះ។
២. Teacher’s Camp
Teacher’s Camp ឬជំរុំគ្រូបង្រៀនត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩០៨ ដែលជាកន្លែងដ៏ពេញនិយមសម្រាប់ប្រារព្ធកម្មវិធី មជ្ឈមណ្ឌលបណ្ដុះបណ្ដាល និងកន្លែងសម្រាប់សម្រាកវិស្សមកាលផងដែរ។ ប៉ុន្តែក្រោយមក ជំរុំមួយនេះត្រូវបានគេប្រែក្លាយជាមន្ទីរពេទ្យនៅសម័យសង្គ្រាមលោកលើកទី ២។
សព្វថ្ងៃកន្លែងនោះមិនមែនជាជំរុំពេញនិយមសម្រាប់គ្រូបង្រៀន និងសិស្សទៀតនោះទេ ប៉ុន្តែសម្រាប់ភ្ញៀវដែលចូលចិត្តចង់ដឹងរឿងចម្លែកៗនៅតែអាចចូលទៅស្នាក់នៅបាន។ ពួកគេជាច្រើនបានអះអាងថាឮសំឡេងចម្លែកនៅពេលយប់ដូចជាសំឡេងធ្វើកូដកម្ម សំឡេងទន្ទ្រាំជើងខ្លាំងៗ សម្លេងរំកិលតុកៅអី ឬអូសច្រវ៉ាក់ជាដើម។

មិនតែប៉ុណ្ណោះ យប់ខ្លះពូកគេមានអារម្មណ៍មានអ្វីម្យ៉ាងមកដកដង្ហើមធ្ងន់ៗជិតកញ្ចឹង ក ឬសំឡេងដេញព្យាណូទាំងដែលវាខូច និងត្រូវបានគេទុកចោលទៅហើយ។
១. Diplomat Hotel
សំណង់មួយនេះស្ថិតនៅលើភ្នំ Dominican Hill ដែលជាជម្រកសម្រាប់ប្រជាជនហ្វីលីពីនរត់ភៀសខ្លួនពីកងទ័ពជប៉ុនក្នុងអំឡុងសង្គ្រាមលោកលើកទី ២។ ប៉ុន្តែនៅតែត្រូវកងទ័ពជប៉ុនចាប់បានដដែល ថែមទាំងយកកន្លែងនោះធ្វើជាស្នាក់ការរបស់ខ្លួនទៀតផង។ ប្រជាជនភៀសខ្លួនទាំងនោះត្រូវបានគេធ្វើទារុណកម្មដោយបានសម្លាប់កាត់ក្បាល និងរំលោភបំពានយ៉ាងព្រៃផ្សៃ សូម្បីតែក្មេងតូចៗក៏ត្រូវបានគេសម្លាប់រង្គាលនៅក្នុងសណ្ឋាគារនោះដែរ។
ដល់ឆ្នាំ ១៩៨៧ សណ្ឋាគារនេះត្រូវបានគេបោះបង់ចោល ហើយបច្ចុប្បន្នវាត្រូវបានគេតុបតែងបន្តិចបន្តួច និងជាកន្លែងដែលពេញនិយមសម្រាប់អ្នកចូលចិត្តថតរូបបែបព្រឺព្រួចផងដែរ។ ចំពោះអ្នកមានបទពិសោធន៍ធ្លាប់ទៅថតនៅកន្លែងនោះផ្ទាល់បានប្រាប់ថាភាគច្រើនអាចនឹងជាប់វិញ្ញាណក្នុងរូបថត ហើយពេលខ្លះវិញពួកគេបានឃើញមនុស្សគ្មានក្បាលដើរជុំវិញសណ្ឋាគារតែម្ដង។
បើយោងតាមអ្នកធ្លាប់ធ្វើដំណើរឆ្លងកាត់ទីនោះបានប្រាប់ថាភាគច្រើនគេបានឮសំឡេងស្រែកយំទួញសោក បោះបោកប្រដាប់ប្រដា និងការគោះទ្វារបង្អួចខ្លាំងៗជាដើម។ មកទល់ពេលបច្ចុប្បន្នកន្លែងមួយនេះគឺជាកន្លែងដែលមានគ្រោះថ្នាក់មែនទែនសម្រាប់អ្នកបើកតាក់ស៊ីព្រោះឧស្សាហ៍មានករណីឃុំឃាំង ហើយប្លន់សម្លាប់តែម្ដង៕


















































Account
Security
Favourite Content