នៅក្នុងសាលារៀនមិនមានកូនសិស្ស នៅក្នុងវាលស្រែមិនមានកសិករ នៅតាមផ្លូវមិនមានអ្នកភូមិ តែកន្លែងទាំងនេះមានតុក្កតា ឬទីងមោងជាអ្នកដើរតួជំនួស។ កូនភូមិតូចមួយឈ្មោះថា Nagoro ដែលស្ថិតតាមជ្រលងភ្នំដ៏ជ្រៅនៃខេត្ត Tokushima ទទួលបានការចាប់អារម្មណ៍ខ្លាំងពីជុំវិញពិភពលោក និងត្រូវបានគេប្រសិទ្ធនាមថាភូមិតុក្កតា ដែលតុក្កតាទាំងនេះត្រូវបានគេហៅថា kakashi ឬទីងមោង។ មែនទែនទៅការធ្វើទីងមោងច្រើនពាសពេញភូមិបែបនេះ មិនមែនដើម្បីបន្លាចបក្សីទេ តែគេធ្វើឡើងដើម្បីកំដរមនុស្សដែលនៅសេសសល់ក្នុងភូមិនេះ។

ដោយសារអត្រាមរណៈចេះតែកើនឡើងធ្វើឲ្យចំនួនពលរដ្ឋក្នុងភូមិ Nagoro ធ្លាក់ចុះខ្លាំង ទើបលោកស្រី Tsukimi Ayano អាយុ ៦៧ឆ្នាំជាចាស់ទុំក្នុងភូមិចាប់ផ្ដើមធ្វើតុក្កតាតំណាងឲ្យមនុស្សដែលបានស្លាប់ទៅនោះ ទាំងកម្ពស់ មាឌ ត្រូវធ្វើឲ្យស្រដៀងនឹងពួកគេ។ ជាក់ស្ដែងតុក្កតា ឬទីងមោង ចំនួន ៣៥០ ត្រូវបានធ្វើដោយដៃ និងដាក់តាំងពាសពេញភូមិ ទាំងនៅតាមផ្លូវ និងសាលារៀនជាដើម។
នៅភូមិដ៏ស្រងូតស្រងាត់មួយនេះ មានកុមារដែលកើតចុងក្រោយបំផុតគឺតាំងពី ១៨ឆ្នាំមុនម្ល៉េះ ហើយមនុស្សវ័យជំទង់ក្នុងភូមិបច្ចុប្បន្នមានតែ ២នាក់ប៉ុណ្ណោះ។ លោកស្រី Ayano បាននិយាយថា «វាគ្មានផ្លូវទេដែលឲ្យក្មេងៗត្រលប់មករស់នៅទីនេះដូចមុន» លោកស្រីបន្ថែមថា លោកស្រីចងចាំគ្រាដែលនៅទីនេះមានមន្ទីរពេទ្យ មានកន្លែងលេង pachinko និងហាងអាហារ តែឥឡូវនេះ Nagoro គ្មានសូម្បីតែហាងដំណើរការមួយ ដូច្នេះពួកគេ (ក្មេងៗ) មិនអាចរស់នៅទីនេះបានទេ។
ដោយសារតែឥទ្ធិពលនៃអ៊ីនធឺណិត បច្ចុប្បន្នភូមិតុក្កតាមួយនេះត្រូវបានគេស្គាល់ទូទាំងពិភពលោក ហើយជាលទ្ធផលភូមិមួយនេះក៏បានក្លាយជាភូមិសិល្បៈ ដែលទាក់ទាញទេសចរបរទេសទៅទស្សនាផងដែរ។ ចំណែកតុក្កតាពីមួយរដូវទៅមួយរដូវ តុក្កតានៅទីនោះតំណាងឲ្យអារម្មណ៍ផ្សេងៗគ្នា ដោយសារការផ្លាស់ប្ដូរសំលៀកបំពាក់។

គួរបញ្ជាក់ថា ភូមិ Nagoro មានមនុស្សរស់នៅមិនដល់ ៣០នាក់ទេ បើទោះមានអ្វីៗសឹងគ្រប់យ៉ាងតែគ្មានមនុស្សដំណើរការទេ។ ចំណែកទេសចរដែលចង់ទៅទស្សនាភូមិនេះ គឺត្រូវធ្វើដំណើរតាមរថភ្លើងប្រមាណ ៣-៤ម៉ោង ហើយបន្តជាមួយរថយន្តតាមផ្លូវជ្រលងភ្នំប្រមាណ ១ម៉ោងទៀត៕






























Account
Security
Favourite Content