មនុស្សភាគច្រើនតែងតែយល់ច្រឡំថា ការមិនរៀបការ មិនមានកូន ស្មើនឹង «មិនមានបន្ទុក» ប៉ុន្តែនៅក្នុងតថភាពជាក់ស្តែង អ្នកនៅលីវជាច្រើនកំពុងដើរតួជាមេគ្រួសារយ៉ាងស្ងៀមស្ងាត់។ អ្នកខ្លះមានឪពុកម្តាយដែលចាប់ផ្តើមចូលវ័យចូលនិវត្តន៍ដោយគ្មានប្រាក់សន្សំ មានបងប្អូនដែលកំពុងរៀន ឬមិនមានចំណូល ឬសូម្បីតែក្មួយៗដែលកំពុងរង់ចាំការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ។
បរិបទទាំងនេះបានបង្ខំឱ្យអ្នកនៅលីវជាច្រើននាក់ត្រូវក្លាយជាបង្គោលគ្រួសារ ត្រូវទទួលខុសត្រូវលើការចំណាយស្ទើរតែគ្រប់យ៉ាងនៅក្នុងផ្ទះ ចាប់តាំងពីថ្លៃទឹក ថ្លៃភ្លើង រហូតដល់ថ្លៃព្យាបាលជំងឺ ហើយជារឿយៗត្រូវជាអ្នកសម្រេចចិត្តលើរឿងសំខាន់ៗរបស់គ្រួសារតែម្នាក់ឯង។ ខាងក្រោមនេះ AMS សូមចែករំលែកផែនការហិរញ្ញវត្ថុ ៦ យ៉ាងដែលអ្នករែកពន់បន្ទុកត្រូវធ្វើចាប់ពីថ្ងៃនេះ ដើម្បីបង្កើតតុល្យភាពរវាងការមើលថែមនុស្សដែលយើងស្រឡាញ់ និងការការពារអនាគតរបស់ខ្លួនយើង ៖

1. កំណត់កញ្ចប់ថវិកាជួយឧបត្ថម្ភគ្រួសារឱ្យបានច្បាស់លាស់ (កំណត់ដែនកំណត់ឱ្យខ្លួនឯង)
បញ្ហាដំបូងរបស់អ្នករែកពន់បន្ទុកគឺការផ្តល់ឱ្យដោយមិនកំណត់ ផ្តល់ឱ្យរហូតដល់ខ្លួនឯងជួបការលំបាក។ អ្វីដែលត្រូវធ្វើដំបូងគេគឺ ការយកតួលេខមកជជែកជាមួយខ្លួនឯង និងគ្រួសារដោយត្រង់ទៅត្រង់មក ដោយសាកល្បងបែងចែកប្រាក់ជាកញ្ចប់ៗឱ្យបានច្បាស់លាស់៖
- គណនាប្រាក់ចំណូលទាំងអស់ ដកការចំណាយផ្ទាល់ខ្លួនដែល «ចាំបាច់បំផុតក្នុងការរស់នៅ» (ដូចជា ថ្លៃធ្វើដំណើរ ថ្លៃអាហារ ថ្លៃជួលបន្ទប់)។
- កំណត់ឱ្យច្បាស់តែម្តងថាក្នុងមួយខែៗ យើងអាចផ្ញើប្រាក់ឱ្យផ្ទះ ឬជួយឧបត្ថម្ភការចំណាយក្នុងផ្ទះបានអតិបរមាប៉ុន្មាន ហើយហាមលើសពីកញ្ចប់ថវិកានេះដាច់ខាត។
- គន្លឹះសំខាន់៖ ត្រូវហ៊ានប្រាស្រ័យទាក់ទងជាមួយសមាជិកគ្រួសារឱ្យបានច្បាស់លាស់ថា យើងរកចំណូលបានប៉ុណ្ណេះ មានបន្ទុកផ្ទាល់ខ្លួនប៉ុណ្ណេះ ដើម្បីឱ្យអ្នករាល់គ្នាយល់ពីស្ថានភាពហិរញ្ញវត្ថុពិតប្រាកដ មិនរំពឹងខ្ពស់ហួសពីអ្វីដែលយើងអាចទទួលខុសត្រូវរួច និងបង្ហាត់ឱ្យមនុស្សក្នុងផ្ទះលៃលកទៅតាមកញ្ចប់ថវិកាដែលមានកំណត់។
ការជជែករឿងប្រាក់កាសជាមួយគ្រួសារអាចនឹងបញ្ចប់ទៅដោយការយល់ច្រឡំ ឬពាក្យថា «រមិលគុណ»។ ចូរប្រើគោលការណ៍ជជែកដោយហេតុផលជាជាងអារម្មណ៍។ ប្រសិនបើត្រូវបានសម្ពាធខាងអារម្មណ៍ ត្រូវចិត្តដាច់ និងប្រកាន់ខ្ជាប់នូវដែនកំណត់របស់ខ្លួនឯង ព្រោះបើដួលយើងម្នាក់ គឺដួលទាំងគ្រួសារ។
2. បំបែកគណនី «ប្រាក់បម្រុងបន្ទាន់សម្រាប់គ្រួសារ» ដោយឡែក
ជាទូទៅយើងតែងតែត្រូវបានណែនាំឱ្យសន្សំប្រាក់បម្រុងបន្ទាន់ផ្ទាល់ខ្លួនទុកពី ៣-៦ ខែ ប៉ុន្តែសម្រាប់អ្នករែកពន់បន្ទុក យើងគួរតែមានគណនីមួយទៀតដែលបំបែកទុកជា «ប្រាក់បម្រុងរបស់អ្នកផ្ទះ»។
- គោលដៅនៃប្រាក់កញ្ចប់នេះគឺ ទុកសម្រាប់ទប់ទល់នឹងព្រឹត្តិការណ៍ដែលមិននឹកស្មានដល់ក្នុងគ្រួសារ ដូចជា ឪពុកម្តាយជួបគ្រោះថ្នាក់ចូលមន្ទីរពេទ្យ ការជួសជុលផ្ទះ ឬបងប្អូនខ្វះខាតប្រាក់ភ្លាមៗ។
- នៅពេលមានប្រាក់កញ្ចប់នេះ វានឹងជួយកាត់បន្ថយអារម្មណ៍មិនមានសុវត្ថិភាពពីភាពមិនប្រាកដប្រជានៅក្នុងចិត្តរបស់អ្នកបាន។
- ណែនាំឱ្យរក្សាទុកប្រាក់កញ្ចប់នេះនៅក្នុងគណនីសន្សំឌីជីថល (Digital Savings Account) ដែលផ្តល់ការប្រាក់ខ្ពស់ ដើម្បីឱ្យប្រាក់កើនឡើង ប៉ុន្តែនៅតែអាចដកមកប្រើប្រាស់បានងាយស្រួល។ ការមានប្រាក់កញ្ចប់នេះបំបែកទុក នឹងជួយឱ្យកក់ក្តៅចិត្តថា នៅពេលមានហេតុការណ៍បន្ទាន់ យើងមិនចាំបាច់ទៅប៉ះពាល់ដល់ប្រាក់សន្សំផ្ទាល់ខ្លួន ឬត្រូវបែរទៅពឹងផ្អែកលើបំណុលក្រៅប្រព័ន្ធដែលមានការប្រាក់ខ្ពស់ហួសហេតុនោះឡើយ។
3. គ្រប់គ្រងបំណុលសរុប កុំឱ្យលើសពី 40% នៃប្រាក់ចំណូល
មិនថាជាបំណុលផ្ទាល់ខ្លួន ឬបំណុលដែលបង្កើតឡើងដើម្បីគ្រួសារ (ដូចជា បង់រំលស់ផ្ទះឱ្យឪពុកម្តាយ បង់រំលស់ឡានឱ្យផ្ទះប្រើប្រាស់) វិធានការសំខាន់គឺ ទំហំទឹកប្រាក់បង់រំលស់បំណុលសរុបក្នុងមួយខែៗ មិនគួរលើសពី 40% នៃប្រាក់ចំណូលនោះទេ ដើម្បីរក្សាតុល្យភាពចំណូលចំណាយ។
- ប្រសិនបើជាបំណុលរួមដែលប្រើប្រាស់ជាមួយគ្នាក្នុងផ្ទះ ត្រូវព្យាយាមជជែកពិភាក្សាជាមួយសមាជិកក្នុងផ្ទះដែលមានចំណូល ឱ្យចូលមកជួយទទួលខុសត្រូវរួមគ្នា កុំទទួលរ៉ាប់រងម្នាក់ឯងទាំងអស់។
- ការប្រុងប្រយ័ត្នខ្ពស់បំផុត៖ ចៀសវាង «ការធានា» ឱ្យនរណាម្នាក់ ទោះបីជាសមាជិកគ្រួសារក៏ដោយ ប្រសិនបើ យើងមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង់បំណុលនោះជំនួសបានទេ ព្រោះនោះគឺជាការយកអនាគតហិរញ្ញវត្ថុរបស់យើងទៅព្យួរទុកនៅលើហានិភ័យរបស់អ្នកដទៃ។
4. កាត់បន្ថយហានិភ័យដោយធានារ៉ាប់រងជីវិត និងសុខភាព
នៅពេលដែលយើងជាបង្គោលតែមួយគត់របស់ផ្ទះ អ្វីដែលគួរឱ្យខ្លាចបំផុតគឺ ប្រសិនបើយើងដួល ស្ថិរភាពហិរញ្ញវត្ថុរបស់ផ្ទះនឹងត្រូវគាំងភ្លាមៗ។
- ធានារ៉ាប់រងអាយុជីវិត៖ សម្រាប់អ្នករែកពន់បន្ទុក ការធ្វើធានារ៉ាប់រងអាយុជីវិតចាត់ទុកជាការបាញ់ព្រួញមួយបានសត្វពីរ។ ព្រោះក្រៅពីផ្តល់ការគាំពាររយៈពេលវែង ដើម្បីធានាបានថាក្រោយពេលមានហេតុការណ៍មិននឹកស្មានដល់ សមាជិកគ្រួសារយើងនឹងមានប្រាក់មួយកញ្ចប់សម្រាប់តាំងជំហរ និងដោះស្រាយបំណុលហើយ ប័ណ្ណសន្យារ៉ាប់រងនៅតែមានតម្លៃសាច់ប្រាក់ដែលប្រៀបដូចជាការបង្ខំសន្សំប្រាក់រយៈពេលវែង។ ប្រសិនបើយើងរស់នៅរហូតដល់គ្រប់អាយុកិច្ចសន្យា ក៏អាចយកប្រាក់កញ្ចប់នេះមកប្រើប្រាស់មើលថែខ្លួនឯងក្នុងវ័យចូលនិវត្តន៍បានផងដែរ។
- ធានារ៉ាប់រងសុខភាព និងប.ស.ស៖ ថ្លៃព្យាបាលជំងឺគឺជាការចំណាយដែលគួរឱ្យខ្លាចបំផុត។ ត្រូវពិនិត្យសិទ្ធិព្យាបាលជំងឺមូលដ្ឋានរបស់រាល់គ្នាក្នុងផ្ទះ (ដូចជាប័ណ្ណប.ស.ស) ឱ្យបានគ្រប់ជ្រុងជ្រោយ បន្ទាប់មកសឹមទិញធានារ៉ាប់រងសុខភាពបន្ថែមដើម្បីបំពេញចន្លោះប្រហោង។ ការកំណត់ការចំណាយលើផ្នែកសុខភាព នឹងជួយកុំឱ្យប្រាក់សន្សំមួយជីវិតត្រូវរលាយបាត់បង់ទៅជាមួយថ្លៃមន្ទីរពេទ្យ។
5. កុំភ្លេចរៀបចំផែនការចូលនិវត្តន៍ឱ្យខ្លួនឯងដោយហ្មត់ចត់
ប្រយោគដែលថា «អ្នកនៅលីវពេលចាស់ទៅមិនមាននរណាមកចាំមើលថែទេ» គឺជាការពិតដែលយើងត្រូវត្រៀមចិត្តទទួលយកឱ្យបាន។ ដូច្នេះ ក្នុងពេលដែលយើងកំពុងចិញ្ចឹមមើលថែមនុស្សទាំងផ្ទះ ដាច់ខាតមិនត្រូវភ្លេចដកប្រាក់មួយផ្នែកមកវិនិយោគសម្រាប់ការចូលនិវត្តន៍របស់ខ្លួនឯងឡើយ មិនថាជាការវិនិយោគភាគហ៊ុន អចលនទ្យព្យ ឬមុខជំនួញផ្សេងៗ។ ត្រូវចងចាំជានិច្ចថា យើងកំពុងមើលថែមនុស្សចាស់នៅថ្ងៃនេះ ប៉ុន្តែនៅក្នុងអនាគតនឹងមិនមាននរណាមកមើលថែយើងទេ ដូច្នេះយើងត្រូវប្រើប្រាស់ប្រាក់បង្កើតផលតបស្នងមកធ្វើជាអ្នកមើលថែខ្លួនយើងនៅក្នុងវ័យចូលនិវត្តន៍។ យ៉ាងណាក៏ដោយ គឺត្រូវសិក្សាស្រាវជ្រាវឱ្យបានល្អិតល្អន់មុននឹងប្រឡូកខ្លួនក្នុងការវិនិយោគណាមួយ ព្រោះគ្រប់ការវិនិយោគសុទ្ធតែមានហានិភ័យ។
6. បែងចែកប្រាក់មួយផ្នែក ដើម្បីបំពេញបំណងប្រាថ្នា និងផ្លូវចិត្តខ្លួនឯង
នេះគឺជាចំណុចសំខាន់មិនចាញ់រឿងផ្សេងៗនោះឡើយ។ ទោះបីជាយើងត្រូវរែកពន់បន្ទុកដ៏ធ្ងន់ធ្ងរ ប៉ុន្តែត្រូវកុំភ្លេចថាខ្លួនយើងក៏មានសិទ្ធិរស់នៅក្នុងជីវិតជារបស់ខ្លួនឯងដែរ ហើយកុំមានអារម្មណ៍ខុសក្នុងការប្រើប្រាស់ប្រាក់ដើម្បីខ្លួនឯងខ្លះនោះឡើយ។
- ដកប្រាក់ចំនួនបន្តិចបន្តួចក្នុងមួយខែៗ (ប្រហែលជាត្រឹមតែ 5% – 10% នៃប្រាក់ចំណូល) ចូលទៅក្នុងគណនីក្តីស្រមៃផ្ទាល់ខ្លួន។
- ប្រាក់កញ្ចប់នេះ គឺទុកសម្រាប់គោលដៅផ្ទាល់ខ្លួនរបស់យើងតែប៉ុណ្ណោះ មិនថាជាការចុះឈ្មោះរៀនវគ្គសិក្សាដើម្បីបង្កើនជំនាញថ្មីៗ ការទិញកាដូឱ្យខ្លួនឯង ឬការរៀបចំដំណើរកម្សាន្តទៅសម្រាកលំហែកាយនៅឆ្ងាយៗ ដើម្បីសាកថ្មជីវិត។
- ទោះបីជាគោលដៅនេះអាចនឹងសម្រេចបានយឺតជាងអ្នកដទៃដោយសារតែមានប្រាក់សន្សំបន្ថែមតិចតួច ប៉ុន្តែវានឹងក្លាយជាវិធីមើលថែផ្លូវចិត្តដ៏ល្អ ដែលធ្វើឱ្យយើងមានកម្លាំងក្រោកឈរទៅធ្វើការនៅរៀងរាល់ព្រឹក ហើយជួយការពារកុំឱ្យយើងធ្លាក់ចូលទៅក្នុងស្ថានភាពអស់ថាមពលពីការងារ (Burnout) ឬជំងឺបាក់ទឹកចិត្តទៅមុន។
ជាចុងក្រោយ ចង់ឱ្យអ្នករែកពន់បន្ទុកគ្រួសារគ្រប់រូបឱបខ្លួនឯងឱ្យបានណែន ហើយចងចាំថា គ្មាននរណាម្នាក់អាចមករស់នៅក្នុងជីវិតជំនួសនរណាបានឡើយ។ យើងបានធ្វើល្អបំផុតតាមដែលកូនម្នាក់ បងម្នាក់ ប្អូនម្នាក់ ឬក្មួយម្នាក់ អាចទ្រាំទ្ររួចហើយ។
កុំខ្លាច ឬមានអារម្មណ៍ខុសក្នុងការប្រាស្រ័យទាក់ទងជាមួយគ្រួសារឱ្យបានច្បាស់លាស់ថា យើងមានដែនកំណត់ត្រឹមកម្រិតណា អាចជួយបានច្រើនបំផុតត្រឹមកម្រិតណា ដោយខ្លួនយើងក៏មិនទាន់ដួលទៅមុន ព្រោះគ្រួសារដែលស្រឡាញ់ និងមានបំណងល្អចំពោះគ្នាទៅវិញទៅមកពិតប្រាកដ នឹងមិនបណ្តោយឱ្យសមាជិកណាម្នាក់លំបាកតែម្នាក់ឯងនោះទេ ប៉ុន្តែនឹងជួយគ្នាម្នាក់មួយដៃម្នាក់មួយជើង ដើម្បីឱ្យអ្នករាល់គ្នាក្នុងគ្រួសារមានសេចក្តីសុខទៅជាមួយគ្នា ៕





















































Account
Security
Favourite Content