អាល់ប៊ុមខ្នាតពេញទី ២ របស់ក្រុមចម្រៀងនារី aespa មានចំណងជើងថា “Lemonade” អាចលក់ដាច់បានជាង ១.០៣ លានបន្ទះ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា។ នេះបើតាមការប្រកាសរបស់ផលិតកម្ម SM Entertainment ដែលជាភ្នាក់ងាររបស់ក្រុម ដោយផ្អែកលើទិន្នន័យតួលេខក្នុងប្រទេសកូរ៉េ។

យោងតាមទិន្នន័យពី Circle Chart អាល់ប៊ុមនេះបានក្លាយជាអាល់ប៊ុមទី ៨ ហើយរបស់ក្រុមចម្រៀងស្រី K-pop សមាជិក ៤នាក់មួយនេះ ដែលអាចបំបែកកំណត់ត្រាការលក់បានដល់រាប់លាន បន្ទាប់ពីការចេញផ្សាយកន្លងមករួមមានអាល់ប៊ុម EP ទីពីរ “Girls” តាមដោយអាល់ប៊ុមខ្នាតតូច “My World,” Drama,” “Whiplash” និង “Rich Man” ព្រមទាំងខ្នាតពេញដំបូង “Armageddon” រួមទាំងអាល់ប៊ុមចម្រៀងទោល “Dirty Work”។
ទន្ទឹមនេះដែរ អាល់ប៊ុមពេញទី ២ របស់ aespa មួយនេះ ក៏បានឈានជើងចូលក្នុងតារាងអាល់ប៊ុមចម្បងរបស់ Billboard សហរដ្ឋអាមេរិក ក្នុងចំណាត់ថ្នាក់លេខ ៩ កាលពីដើមខែនេះ។ មិនតែប៉ុណ្ណោះ អាល់ប៊ុមនេះក៏បានជាប់ចំណាត់ថ្នាក់នៅលើកំពូលគេនៃតារាង United World Charts ដែលជាគេហទំព័រតាមដានការលក់អាល់ប៊ុមរបស់ក្រុមហ៊ុន Media Traffic ផងដែរ។
ចាប់តាំងពីការបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០២០ ក្រុម aespa ត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈ Concept សាច់រឿងពិភពពហុចក្រវាឡ ឬ Multiverse ដ៏ប្លែករបស់ពួកគេ។ សម្រាប់អាល់ប៊ុមពេញទី ២ នេះ គឺផ្តោតជុំវិញរឿងរ៉ាវពហុចក្រវាឡមួយដែលមានឈ្មោះថា “Complaexity” និងស្នាមប្រេះស្រាំនៅក្នុងពិភពស្របគ្នា។
ដើម្បីគាំទ្រដល់អាល់ប៊ុមថ្មី សមាជិកក្រុម aespa នឹងចាប់ផ្តើមដំណើរប្រគំតន្ត្រីទេសចរណ៍ជុំវិញពិភពលោករបស់ខ្លួនមានឈ្មោះថា “SYNK : COMPLaeXITY” នៅក្នុងខែសីហាខាងមុខនេះ នាទីក្រុងសេអ៊ូល មុននឹងបន្តដំណើរទៅកាន់តំបន់អាមេរិកខាងជើង អាមេរិកខាងត្បូង និងអឺរ៉ុប ៕




















































Account
Security
Favourite Content