នៅពីក្រោយពិភពដ៏ស្រស់ឆើតឆាយនៃវិស័យកម្សាន្តចិន តារាល្បីៗលំដាប់កំពូលជាច្រើនរូប ជាក់ស្ដែងធ្លាប់បានឆ្លងកាត់ជីវិតកុមារភាពដ៏លំបាកវេទនា និងការតស៊ូក្នុងជីវិតយ៉ាងជូរចត់ មុនពេលទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ។

អ្នកខ្លះត្រូវចំណាយពេលរាប់ឆ្នាំដើរតួជាតួអង្គរាយរង ឬតួអមឆាក មុនពេលមានគេចាប់អារម្មណ៍។ អ្នកខ្លះទៀតបានធំដឹងក្តីក្នុងភាពក្រីក្រ ធ្វើការងារជាកម្មកររោងចក្រ ឬថែមទាំងធ្លាប់ត្រូវបានគេបោះបង់ចោលតាំងពីដឹងក្តីដំបូង។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈការតស៊ូ ភាពធន់ និងការប្តេជ្ញាចិត្តខ្ពស់ ទីបំផុតពួកគេបានផ្លាស់ប្តូរជីវិតរបស់ខ្លួន ហើយក្លាយជាឈ្មោះដ៏មានឥទ្ធិពលបំផុតនៅក្នុងវិស័យកម្សាន្តចិននាពេលបច្ចុប្បន្ន។
ខាងក្រោមនេះជាតារាចិន ៥ រូប ដែលដំណើរជីវិតដ៏គួរឱ្យស្ងើចសរសើររបស់ពួកគេ នៅតែបន្តជាកម្លាំងចិត្តដល់អ្នកគាំទ្រនៅទូទាំងតំបន់អាស៊ី៖
១. Zhao Liying — ពីក្មេងស្រីក្រីក្រនៅជនបទ មកជា «រាជិនី Rating »
នៅពេលនិយាយអំពីរឿងរ៉ាវជោគជ័យដែលជំរុញទឹកចិត្តនៅក្នុងវិស័យកម្សាន្តចិន ឈ្មោះ Zhao Liying តែងតែជាឈ្មោះដំបូងគេបង្អស់ដែលត្រូវបានគេលើកយកមកនិយាយ។

ដោយសារតែកើតក្នុងគ្រួសារកសិករមួយនៅក្នុងទីក្រុង Langfang ខេត្ត Hebei នាងត្រូវបានបង្ខំចិត្តបោះបង់ចោលក្តីស្រមៃចង់ក្លាយជាបុគ្គលិកបម្រើការលើយន្តហោះ ព្រោះជីវភាពខ្វះខាត។ មុនពេលឈានជើងចូលក្នុងពិភពសិល្បៈ នាងបានធ្វើការងារធម្មតាៗ រួមមានជាបុគ្គលិកផ្នែកលក់ និងជាអ្នកដើរចែកខិត្តប័ណ្ណ ដើម្បីតែចិញ្ចឹមជីវិតខ្លួនឯង។
អស់រយៈពេលជិត ៧ ឆ្នាំបន្ទាប់ពីការបង្ហាញខ្លួនដំបូង Zhao Liying ភាគច្រើនសម្ដែងតែតួងរង និងតួបន្ទាប់បន្សំតាមឆាកប៉ុណ្ណោះ។ មានពេលមួយនោះ មនុស្សក្នុងឧស្សាហកម្មកម្សាន្តថែមទាំងបានអះអាងថា ទម្រង់មុខមូលរបស់នាង មិនស័ក្តិសមសម្រាប់ដើរតួជាតួឯកស្រីនោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ តាមរយៈការខិតខំប្រឹងប្រែងឥតឈប់ឈរ និងការតស៊ូ ទីបំផុតនាងបានក្លាយជាតារាសម្ដែងម្នាក់ក្នុងចំណោមតារាសម្ដែងស្រីដែលជោគជ័យបំផុតរបស់ប្រទេសចិន និងទទួលបានហរិយានាមថា «រាជិនីនៃអត្រាអ្នកទស្សនា» ឬ (Queen of Ratings)។

រឿងភាគល្បីៗដែលជាចំណុចរបត់ជីវិតរបស់នាង រួមមានរឿង The Journey of Flower និងរឿងThe Story of Minglan ដែលបានជួយពង្រឹងឋានៈរបស់នាងឱ្យក្លាយជាកំពូលតារាដ៏រឹងមាំ។
២. Mao Xiaotong — តារាសម្ដែងស្រីដែលត្រូវឪពុកយកទៅបោះចោលតាំងពីកើត
អ្នកលេងអ៊ីនធឺណិតជាច្រើនបានពិពណ៌នាថា រឿងរ៉ាវជីវិតពិតរបស់ Mao Xiaotong មានភាពកម្សត់ និងខ្លោចផ្សាជាងរឿងភាគទូរទស្សន៍ទៅទៀត។

យោងតាមរបាយការណ៍បានឱ្យដឹងថា នៅពេលដែលនាងចាប់កំណើតមក ឪពុកបង្កើតរបស់នាងត្រូវបានគេរាយការណ៍ថា បានយកនាងទៅបោះបង់ចោលនៅក្នុងធុងសម្រាម គ្រាន់តែដោយសារតែលោកចង់បានកូនប្រុសជាង។ ភ័ព្វសំណាងល្អ អ្នកម្ដាយរបស់នាងបានជួយសង្គ្រោះ និងចិញ្ចឹមបីបាច់ថែរក្សានាងតែម្នាក់ឯង រហូតដល់ធំដឹងក្តី។
សូម្បីតែបន្ទាប់ពី Mao Xiaotong មានឈ្មោះល្បីល្បាញហើយក៏ដោយ ក៏ឪពុករបស់នាងត្រូវបានគេរាយការណ៍ថា បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ ដើម្បីទាមទារប្រាក់ឧបត្ថម្ភយ៉ាងច្រើនសន្ធឹកសន្ធាប់ពីនាងផងដែរ។
ទោះបីជាត្រូវស៊ូទ្រាំនឹងរបួសផ្លូវចិត្តដដែលៗក៏ដោយ ក៏តារាសម្ដែងស្រីរូបនេះនៅតែរក្សាភាពស្ងប់ស្ងាត់ និងភាពហ្មត់ចត់ពេញមួយអាជីពរបស់នាង។ ជំនួសឱ្យការពឹងផ្អែកលើរឿងអាស្រូវ ឬល្បិចដើម្បីទាញយកការចាប់អារម្មណ៍ នាងបានកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនបន្តិចម្ដងៗ ដោយផ្អែកលើសមត្ថភាពសម្ដែងសុទ្ធសាធ និងភាពជាអ្នកអាជីព។

ការសម្ដែងរបស់នាងនៅក្នុងរឿង Empresses in the Palace និងរឿង Nothing But Thirty ទទួលបានការកោតសរសើរយ៉ាងទូលំទូលាយ។
៣. Jing Boran — ធំដឹងក្តីក្រោមការចិញ្ចឹមរបស់លោកយាយក្នុងភាពក្រីក្រ
នាពេលបច្ចុប្បន្ននេះ Jing Boran ត្រូវបានគេស្គាល់តាមរយៈរូបភាពដ៏ស៊ីវិល័យ និងមន្តស្នេហ៍ដ៏ទាក់ទាញ ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនពិបាកនឹងស្រមៃដល់ការលំបាកដែលលោកបានហែលឆ្លងកាលពីក្មេង។

ឪពុកម្ដាយរបស់លោកបានលែងលះគ្នាមុនពេលលោកមានអាយុបានមួយខែទៅទៀត ដោយបន្សល់ទុកលោកឱ្យរស់នៅក្រោមការចិញ្ចឹមបីបាច់តែម្នាក់ឯងពីសំណាក់លោកយាយ ដែលប្រកបរបរចិញ្ចឹមជីវិតតាមរយៈការលក់ដូរតាមចិញ្ចើមថ្នល់ និងការដើររើសអេតចាយ។
នៅពេលមានអាយុត្រឹមតែ ១៦ ឆ្នាំ Jing Boran ត្រូវបានគេរាយការណ៍ថា បានកុហកអំពីអាយុរបស់ខ្លួន ដើម្បីបានធ្វើការងារដើរដឹកទឹកប្ដូរយកប្រាក់ យកទៅជួយបង់ថ្លៃព្យាបាលជំងឺឱ្យលោកយាយរបស់លោក បន្ទាប់ពីគាត់បានរងរបួស។
ជីវិតរបស់លោកបានផ្លាស់ប្តូរទាំងស្រុង បន្ទាប់ពីបានឈ្នះការប្រកួតកម្មវិធីប្រឡងទេពកោសល្យមួយដែលបានបើកទ្វារឱ្យលោកឈានចូលក្នុងវិស័យកម្សាន្ត។ ដោយយល់ច្បាស់ថាឱកាសនេះមានតម្លៃប៉ុណ្ណា លោកបានខិតខំធ្វើការងារយ៉ាងម៉ត់ចត់ និងចុងក្រោយបានជោគជ័យទាំងក្នុងវិស័យភាពយន្ត និងរឿងភាគទូរទស្សន៍។
ស្នាដៃល្បីៗមួយចំនួនរបស់លោក រួមមានរឿង Monster Hunt និងរឿង Road Home។
៤. Yang Chaoyue — ពីកម្មកររោងចក្រ មកជាតារាអាយដលល្បីឈ្មោះ
Yang Chaoyue ធ្លាប់ត្រូវបានទស្សនិកជនចិនផ្ដល់រហស្សនាមឱ្យដោយក្តីស្រឡាញ់ថា «ស្រីស្អាតប្រចាំភូមិ» ដោយសារតែប្រវត្តិរូបដ៏សាមញ្ញ និងមន្តស្នេហ៍ពីធម្មជាតិរបស់នាង។

ដោយសារតែកើតក្នុងគ្រួសារកសិករនៅក្នុងខេត្ត Jiangsu នាងបានបោះបង់ចោលការសិក្សាតាំងពីក្មេង បន្ទាប់ពីឪពុកម្ដាយបានលែងលះគ្នា ដើម្បីកាត់បន្ថយសម្ពាធហិរញ្ញវត្ថុក្នុងគ្រួសារ។ មុនពេលចូលប្រឡូកក្នុងវិស័យកម្សាន្ត នាងបានធ្វើការងារជាច្រើន រួមមានជាកម្មកររោងចក្រ និងជាបុគ្គលិកបម្រើការតាមភោជនីយដ្ឋាន។
ទោះបីជាដំបូងឡើយ នាងបានរងការរិះគន់ចំពោះការខ្វះខាតជំនាញបច្ចេកទេសក្នុងនាមជាអាយដលក៏ដោយ ប៉ុន្តែ Yang Chaoyue បានយកឈ្នះចិត្តទស្សនិកជនបន្តិចម្ដងៗ តាមរយៈភាពស្មោះត្រង់ និងអត្តចរិតដែលគួរឱ្យចូលចិត្ត។

រូបភាពដ៏សាមញ្ញមិនវាយឫក និងការបើកចំហរផ្នែកអារម្មណ៍របស់នាង បានជួយឱ្យនាងកសាងមូលដ្ឋានអ្នកគាំទ្រយ៉ាងក្រាស់ក្រែល បើទោះបីជាត្រូវប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងខ្លាំងក្លានៅក្នុងឧស្សាហកម្មកម្សាន្តក៏ដោយ។ ស្នាដៃលេចធ្លោរបស់នាង រួមមានរឿង Love You Seven Times និងរឿងល្បីៗមួយចំនួនទៀត។
៥. Bai Lu — ពីតារាបង្ហាញម៉ូដអនឡាញ មកជាតារាសម្ដែងស្រីជួរមុខ
ខុសប្លែកពីតារាសម្ដែងស្រីជាច្រើនដែលបានឆ្លងកាត់ការបណ្ដុះបណ្ដាលជំនាញជាលក្ខណៈអាជីព Bai Lu បានឈានជើងចូលក្នុងវិស័យកម្សាន្តតាមរយៈផ្លូវមួយដែលប្លែកពីគេ។

មុនពេលមានឈ្មោះល្បីល្បាញ នាងធ្លាប់បានចូលរួមប្រឡងក្នុងកម្មវិធីជ្រើសរើសតារាអាយដលក្រៅប្រទេសមួយ ប៉ុន្តែមិនបានជាប់នោះឡើយ។ បន្ទាប់មក នាងបានធ្វើការជាតារា Model តាមអនឡាញ ដោយបានទាក់ទាញការចាប់អារម្មណ៍បន្តិចម្ដងៗ តាមរយៈរូបសម្រស់ និងអត្តចរិតដ៏រីករាយរបស់នាងនៅលើបណ្ដាញសង្គម។
នៅពេលផ្លាស់ប្តូរមកធ្វើជាតារាសម្ដែង Bai Lu បានសាកល្បងសម្ដែងតួអង្គប្លែកៗជាច្រើនដោយគ្មានភាពញញើត — ចាប់តាំងពីតួជាមេទ័ពស្រីដ៏រឹងមាំ រហូតដល់តួឯកស្រីបែបមនោសញ្ចេតនាដែលមានជម្រៅអារម្មណ៍ស្មុគស្មាញ។
លាយឡំជាមួយនឹងអត្តចរិតកំប្លុកកំប្លែង Bai Lu បានកសាងអត្តសញ្ញាណដ៏ប្លែកមួយសម្រាប់ខ្លួនឯង នៅក្នុងវិស័យកម្សាន្តចិនដែលមានការប្រកួតប្រជែងខ្ពស់។ ការសម្ដែងរបស់នាងនៅក្នុងរឿង One and Only និងរឿង Story of Kunning Palace ទទួលបានការកោតសរសើរយ៉ាងខ្លាំង ចំពោះជម្រៅអារម្មណ៍ និងការរីកចម្រើនផ្នែកសមត្ថភាពសម្ដែង។

តារាទាំង ៥ រូបនេះ សុទ្ធតែមានប្រវត្តិរូបមកពីមជ្ឈដ្ឋានខុសៗគ្នា ប៉ុន្តែរឿងរ៉ាវរបស់ពួកគេបានផ្ដល់នូវសាររួមគ្នាមួយថា៖ ជោគជ័យនៅក្នុងវិស័យកម្សាន្ត មិនមែនតែងតែត្រូវបានកំណត់ដោយឯកសិទ្ធិ ឬការចាប់ផ្ដើមដ៏ល្អឥតខ្ចោះនោះឡើយ។ សម្រាប់អ្នកគាំទ្រជាច្រើន ដំណើរជីវិតរបស់ពួកគេនៅតែជាភស្តុតាងបង្ហាញថា ការព្យាយាម អត់ធ្មត់ និងការខិតខំប្រឹងប្រែង អាចផ្លាស់ប្តូរជីវិតរបស់មនុស្សម្នាក់បានទាំងស្រុង ៕
















































Account
Security
Favourite Content