ដោយមើលឃើញពីសុខុមាលភាពរបស់សិល្បករខ្មែរជារឿងសំខាន់ ប្រធានសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានរៀបចំកម្មវិធីចុះអនុស្សរណៈយោគយល់ជាមួយមន្ទីរពេទ្យដ៏ធំក្នុងស្រុក ក្នុងការលើកកម្ពស់សុខុមាលភាពសិល្បករ ហើយក៏ចូលរួមផ្សព្វផ្សាយការយល់ដឹងសុខភាពដល់ប្រជាពលរដ្ឋគ្រប់រូបផងដែរ។

សមាគមសិល្បករខ្មែរ និងមន្ទីរពេទ្យអឃីត បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈយោគយល់ កាលពីនៅថ្ងៃ ១២ ខែឧសភា ឆ្នាំ ២០២៦ នៅមន្ទីរពេទ្យអឃីតកោះពេជ្រផ្ទាល់តែម្ដង ដោយគោលបំណងរួមគ្នាលើកកម្ពស់សុខុមាលភាពសិល្បករ សិល្បករសិល្បការិនីកម្ពុជា ព្រមទាំងពង្រឹងការផ្សព្វផ្សាយពីចំណេះដឹងបញ្ហាសុខភាពជូនដល់ប្រជាពលរដ្ឋខ្មែរ។
ការចុះ MoU នេះធ្វើឡើងក្រោមវត្តមានលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ, ឧកញ៉ា គិត លីច័ន្ទផាន់ណា អនុប្រធាន និងជាទីប្រឹក្សាជាន់ខ្ពស់សមាគមសិល្បករខ្មែរ ព្រមទាំងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន KLYP Investments និងលោក ម៉ា អ៊ែមមឺសិន ម៉ានី នាយកប្រតិបត្តិនៃមន្ទីរពេទ្យអឃីត និងជានាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ បុគ្គលិក សិល្បករ សិល្បករ និងភ្ញៀវកិត្តិយសជាច្រើនរូប។

កិច្ចសហការរវាងសមាគមសិល្បករខ្មែរ និងមន្ទីរពេទ្យខាងលើ គឺជាការបង្ហាញពីឆន្ទៈរួមក្នុងការលើកកម្ពស់គុណភាពជីវិត និងការទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព សម្រាប់សិល្បករ សិល្បការិនីទូទាំងប្រទេស ជាពិសេសសិល្បកររៀមច្បង ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងទេពកោសល្យក្នុងការអភិរក្ស និងផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិ។
តាមរយៈ MoU សមាជិកសមាគមសិល្បករខ្មែរ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីមន្ទីរពេទ្យអឃីត កោះពេជ្រ និងមន្ទីរពហុព្យាបាល អឃីត សែនសុខ រួមមានសេវាពិនិត្យ ព្យាបាល និងការថែទាំសុខភាពប្រកបដោយគុណភាព ព្រមទាំងលក្ខខណ្ឌអនុគ្រោះផ្សេងៗទៀត។

នាយកប្រតិបត្តិនៃមន្ទីរពេទ្យអឃីតលោក ម៉ា អ៊ែមមឺសិន ម៉ានី បានបញ្ជាក់ថា ក្នុងនាមជាមន្ទីរពេទ្យខ្មែរ លោកមានមោទនភាពក្នុងការប្រើប្រាស់ចំណេះជំនាញ និងវិជ្ជាជីវៈ មកបម្រើជាតិមាតុភូមិ ដោយភាពស្មោះត្រង់ និងទំនុកចិត្ត។ រាល់ការខិតខំប្រឹងប្រែងរបស់យើង គឺដើម្បីធានាបានសុខសុវត្ថិភាព សុខភាព និងស្នាមញញឹមសម្រាប់ប្រជាជនខ្មែរ។
ភាគីទាំងពីរ បានបង្ហាញពីជំនឿជាក់ថា កិច្ចសហការនេះនឹងរីកចម្រើន ហើយអាចក្លាយជាគំរូ សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងស្ថាប័នវប្បធម៌ផ្សេងៗទៀតនៅកម្ពុជា។ សមាគមសិល្បករខ្មែរ បានបញ្ជាក់ថា នឹងបន្តស្វែងរកកិច្ចសហការនានា ដើម្បីគាំទ្រសិល្បករ សិល្បការិនីលើផ្នែកសុខុមាលភាព សង្គមកិច្ច និងការអភិវឌ្ឍជីវភាព។
រយៈ ២ ឆ្នាំនៃការឡើងកាន់តួនាទីជាប្រធានសមាគមសិល្បករខ្មែរ លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន បានខិតខំសព្វគ្រប់បែបយ៉ាង ដើម្បីជួយដល់សិល្បករគ្រប់វ័យ ដោយរៀបចំទាំងកម្មវិធីរំលឹកគុណ, កម្មវិធីចែករំលែកក្ដីស្រលាញ់ និងរកវិធីបែបណា ជួយដល់ការទ្រទ្រង់ជីវភាពរស់នៅរបស់វីរសិល្បករ ព្រមទាំងបណ្ដុះបណ្ដាលអ្នកក្រោយឲ្យកាន់តែមានសមត្ថភាព ចំណេះជំនាញ៕



































































Account
Security
Favourite Content