ការគ្រប់គ្រងជាតិស្ករក្នុងឈាម មិនមែនអាស្រ័យទៅលើតែអ្វីដែលអ្នកបរិភោគនោះទេ ប៉ុន្តែវាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរបៀបរស់នៅជាប្រចាំថ្ងៃ មិនថា ភាពតានតឹង ការគេង និងសកម្មភាពនានានោះទេ។

ចំណុចសំខាន់មួយដែលអ្នកចង់គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមគួរដឹង គឺថា ភាពស៊ាំនឹងអាំងស៊ុយលីន (Insulin sensitivity) ក្នុងរាងកាយមនុស្ស តែងមានទំនោរធ្លាក់ចុះនៅពេលល្ងាច។ មានន័យថា ការទទួលទានអាហារមួយមុខដូចគ្នាក្នុងពេលផ្សេងគ្នា អាចធ្វើឱ្យកម្រិតជាតិស្ករនៅក្នុងរាងកាយមានបរិមាណផ្សេងគ្នា។ ពោល ការបរិភោគអាហារមួយមុខដូចគ្នានៅពេលល្ងាច អាចធ្វើឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ជាងការបរិភោគនៅពេលព្រឹកព្រលឹម។
យោងតាមដំបូន្មានរបស់អ្នកជំនាញពីគេហទំព័រសុខភាព និងអាហារូបត្ថម្ភ EatingWell នេះគឺជាទម្លាប់សំខាន់ៗមួយចំនួនដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម ក្រោយម៉ោង ៥ ល្ងាច៖
១.បរិភោគអាហារដែលមានជាតិសរសៃឱ្យបានច្រើន
អាហារដែលសម្បូរទៅដោយជាតិសរសៃដូចជា បន្លែ និងគ្រាប់ធញ្ញជាតិ ជួយពន្យឺតការស្រូបយកកាបូអ៊ីដ្រាត និងការពារការហក់ឡើងខ្លាំងនៃជាតិស្ករ។ ជាតិសរសៃក៏ជួយឱ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ កាត់បន្ថយការបរិភោគច្រើនជ្រុល និងជួយដល់សុខភាពបេះដូង ក៏ដូចជាប្រព័ន្ធរំលាយអាហារផងដែរ។

២. ទទួលទានអាហារពេលល្ងាចឱ្យលឿនបំផុតតាមដែលអាចធ្វើបាន
ការបរិភោគអាហារពេលល្ងាចយប់ជ្រុល អាចធ្វើឱ្យជាតិស្ករក្នុងឈាមពេលយប់កាន់តែកើនឡើងខ្ពស់ និងកាត់បន្ថយប្រសិទ្ធភាពនៃការធ្វើការរបស់អាំងស៊ុយលីន។ អ្នកជំនាញណែនាំឱ្យបរិភោគអាហារពេលល្ងាចឱ្យរួចរាល់ ក្នុងរយៈ ២ ទៅ ៣ ម៉ោងមុនពេលចូលគេង។
ការទុកឱ្យពោះទំនេរប្រហែល ១២ ម៉ោងនៅពេលយប់ ក៏អាចជួយឱ្យកម្រិតជាតិស្ករក្នុងឈាមមានស្ថានភាពល្អប្រសើរនៅព្រឹកបន្ទាប់ផងដែរ។
៣. ដើរស្រាលៗក្រោយបាយល្ងាច
ការហាត់ប្រាណជួយបង្កើនភាពស៊ាំនឹងអាំងស៊ុយលីន និងជួយសម្រួលជាតិស្ករក្នុងឈាម។ សូម្បីតែការដើរស្រាលៗត្រឹមតែ ១០ ទៅ ១៥ នាទីក្រោយបរិភោគអាហាររួច ក៏អាចជួយកាត់បន្ថយការហក់ឡើងនៃជាតិស្ករបានដែរ។
ដើម្បីទទួលបានផលល្អ អ្នកត្រូវបង្កើតសកម្មភាពស្រាលៗនេះឱ្យទៅជាទម្លាប់ប្រចាំថ្ងៃ ខណៈនេះគឺជារឿងសំខាន់ជាជាងការហាត់ប្រាណធ្ងន់ៗតែយូរៗម្ដង។
៤. រក្សាទម្លាប់នៃការគេងឱ្យបានទៀងទាត់

ការគេងមិនបានស្កប់ ឬការគេងមិនទៀងទាត់ ក៏អាចជះឥទ្ធិពលដល់ជាតិស្ករក្នុងឈាមដូចគ្នា។ អ្នកគួរកំណត់ម៉ោងចូលគេងឱ្យបានទៀងទាត់ រក្សាបន្ទប់គេងឱ្យត្រជាក់ និងងងឹតដើម្បីអាចគេងបានស្កប់ល្អ ក៏ដូចជាកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទមុនពេលចូលគេងផងដែរ។
មុនពេលចូលគេង អ្នកគួរតែជៀសវាងការញ៉ាំអាហារគោល និងអាហារសម្រន់ កាត់បន្ថយជាតិស្ករ ការអង្គុយមួយកន្លែងក្នុងរយៈពេលយូរ និងការទទួលទានគ្រឿងស្រវឹងជាដើម៕

























Account
Security
Favourite Content