ការវិលត្រលប់មកវិញជាមួយអាល់ប៊ុម Arirang 2026 របស់ក្រុមចម្រៀង BTS ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចកូរ៉េខាងត្បូងព្យាករថានឹងបង្កើតបានជា BTS-nomics ឬអំណាចសេដ្ឋកិច្ច BTS ដែលនឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍ ការលក់រាយ និងឧស្សាហកម្មតន្រ្ដីនៅទូទាំងពិភពលោក។ យោងតាម Seoul Economic Daily ការសម្ដែងចំនួន ៨២ លើកនៅ ៣៤ ទីក្រុងជុំវិញពិភពលោកត្រូវបានគេរំពឹងថាអាចនឹងរកចំណូលបានប្រហែល ១០០ ទ្រីលានវ៉ុន ឬ ៧០ ពាន់លានដុល្លារអាមេរិកជាកម្លាំងចលករដ៏ខ្លាំងក្លាដែលត្រូវបានគេប្រៀបដូចជាការដាស់សេដ្ឋកិច្ចពិភពលោកឱ្យរស់ឡើងវិញស្ទើរគ្រប់វិស័យ។ មិនត្រឹមប៉ុណ្ណេះ ការវិលត្រលប់មកជួបអ្នកគាំទ្រនៅជុំវិញពិភពលោករបស់បុរសទាំង ៧ នាក់នេះក៏មានឥទ្ធិពលខ្លាំងមិនធម្មតានៅក្រៅស្រុកដែររួមមាន៖

១. ផ្លាស់ប្ដូរសេដ្ឋកិច្ចម្ចាស់ផ្ទះ

ផ្អែកតាមសារព័ត៌មានធំៗ ការធ្វើដំណើរតន្ត្រីទេសចរណ៍ទៅទីក្រុងទាំង ៣៤ ដែលជាម្ចាស់ផ្ទះនៃការប្រគំតន្រ្ដីខាងមុននេះប្រៀបដូចជាការរៀបចំរចនាសម្ព័ន្ធនៃសេដ្ឋកិច្ចឡើងវិញដែលធ្វើឱ្យកើនឡើងនូវតម្រូវការសេវាកម្មជាច្រើនដូចជាការស្នាក់នៅ ការដឹកជញ្ជូន និងម្ហូបអាហារភ្លាមៗ។ យោងតាម The Guardian ត្រឹមតែការសម្ដែង ២ កម្មវិធីនៃទីក្រុងឡុងដ៏អាចធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុកកើនឡើង ១០០ លានដុល្លារដែលតួលេខនេះខ្ពស់ជាងព្រឹត្តិការណ៍កីឡាធំៗមួយចំនួនទៅទៀត។ ចំណែកនៅប្រទេសប្រស៊ីលវិញក៏មានការរាយការណ៍ថាមានការគើនឡើងដល់ទៅ ៦០០ ដងនៃការស្វែងរកសំបុត្រឡានក្រុងទៅទីក្រុង São Paulo ភ្លាមៗបន្ទាប់ពីការប្រកាសដំណើរប្រគំតន្ត្រីទេសចរណ៍របស់ BTS។
២. ការផ្លាស់ប្ដូរឧស្សាហកម្មតន្រ្ដីកម្រិតសកល


ការវិលត្រលប់មកវិញជាមួយអាល់ប៊ុម Arirang 2026 ត្រូវបានគេមើលឃើញថាជាកម្លាំងស្ថិរភាពសម្រាប់ឧស្សាហកម្មតន្រ្ដីដែលមានភាពប្រែប្រួលច្រើនអំឡុងពេលអវត្តមាន BTS។ ការត្រៀមខ្លួនរបស់់ Spotify និងវេទិកាតន្រ្តីផ្សេងៗបានបង្ហាញថាពួកគេនៅតែជា king ដែលអាចទាញយកការចូលស្ដាប់ ឬ stream បានរាប់ពាន់លានដងក្នុងរយៈពេលដ៏ខ្លី។ យោងតាមការកត់ត្រាក្នុងឧស្សាហកម្មតន្រ្តី BTS គឺជាក្រុមដំបូងគេបង្អស់ដែលទទួលបានការ stream លើសពី ៣៧ ពាន់លានដងនៅលើ Spotify ហើយការវិលត្រលប់មកវិញរបស់ពួកគេត្រូវបានគេរំពឹងថានឹងមានការកើនឡើងនូវស្ដង់ដា global chart ផងដែរ។ លើសពីនេះភាពជោគជ័យនៃដំណើតប្រគំតន្រ្តីទេសចរណ៍លើកនេះបញ្ជាក់ថាភាសាមិនមែនជាឧបសគ្គសម្រាប់ពាណិជ្ជកម្មសកលឡើយដែលជំរុញឱ្យស្លាកសញ្ញាតន្ត្រីធំៗងាកមកវិនិយោគលើសិល្បករអាស៊ីកាន់តែច្រើន។
៣. ការជំរុញយុទ្ធសាស្រ្តឌីជីថល

ការផ្សាយផ្យាយផ្ទាល់ពី Gwanghwamun Square តាមរយៈ Netflix គឺជាចំណុចរបត់ថ្មីសន្លាងមួយសម្រាប់ឧស្សាហកម្មតន្រ្តី។ វាមិនត្រឹមតែជាការបង្ហាញសមត្ថភាពកម្រិតពិភពលោកឱ្យកាន់តែទូលាយដែលអាចឱ្យ ARMY ជុំវិញពិភពលោករីករាយបានគ្រប់ទីកន្លែងប៉ុណ្ណោះនោះទេ ប៉ុន្តែជាការលក់ Experience-as-a-Service ដែលអនុញ្ញាតឱ្យអ្នកគាំទ្រជុំវិញពិភពលោកចំណាយទៅលើទំនិញឌីជីថល និងសម្ភារផ្សេងទៀតដូចជា ARMY Bomb 4.0 ជាដើម។
៤. ការសាយភាយនៃវប្បធម៌កូរ៉េ

ការវិលត្រលប់មកវិញរបស់ BTS បានជះឥទ្ធិពលលើសពីវិស័យតន្រ្តី ដែលពួកគេនឹងនាំយកវប្បធម៌កូរ៉េរួមមានចំណីអាហារ ការស្លៀកពាក់ ភាសា និងអត្ដសញ្ញាណកូរ៉េផ្សេងទៀតទៅកាន់គ្រប់ទីកន្លែងនៅលើពិភពលោក។ ជាក់ស្ដែងនៅពេលដែល BTS បង្ហាញខ្លួនការលក់គ្រឿងសម្អាង និងម្ហូបអាហារកូរ៉េត្រូវបានគេប៉ាន់ស្មានថាអាចនឹងកើនឡើងនៅចន្លោះពី ២០% ទៅ ៣០% ជាមធ្យមនៅតាមបណ្ដាប្រទេសដែលពួកគេបានទៅដល់។ លើសពីនេះ ឥទ្ធិពលនេះក៏ជាសញ្ញាវិជ្ជមានសម្រាប់ប្រេនលំដាប់ពិភពលោកដូចជា Samsung, Louis Vuitton, CELINE, Calvin Klein និងប្រេនផ្សេងទៀតដែលអ្នកទាំង ៧ នាក់ជា BA ផងដែរ។
ដូច្នេះសម្រាប់ប្រទេសណាដែលអាចទទួលបានឱកាសធ្វើជាម្ចាស់ផ្ទះនៃការប្រគំតន្រ្តីទេសចរណ៍របស់ BTS នាលើកនេះគឺប្រៀបជាដូចជាការទទួលបានឱកាសដ៏ធំក្នុងការស្ដារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញក្នុងពេលដ៏ឆាប់រហ័សអំឡុងពេលដែលវិបត្តិសេដ្ឋកិច្ចសកលកំពុងមានភាពមិនប្រាកដប្រជា និងការធ្លាក់ចុះនៃកម្លាំងទិញពីអ្នកប្រើប្រាស់។ BTS-nomics នឹងក្លាយជាអ្នកជំរុញឱ្យមានភាពសកម្មឡើងវិញនូវវិស័យទេសចរណ៍ និងសេវាកម្មក្នុងស្រុកដើម្បីជំរុញកំណើនចំណូលជាតិឡើងវិញ ៕























Account
Security
Favourite Content