ថ្មីៗនេះក្រុមការងារបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា បានធ្វើកំណាយស្រាវជ្រាវនៅខាងក្រៅកំពែងអតីតព្រះបរមរាជវាំង នៃក្រុងអង្គរធំ។ ការធ្វើកំណាយស្រាវជ្រាវនេះ ក្នុងគោលបំណងសិក្សាទីតាំង ដែលមានស្លាកស្នាមជាកសិន្ធុទឹក និងប្រព័ន្ធបង្ហូរទឹកសម័យបុរាណ ដើម្បីរំដោះទឹកចេញពីក្នុងបរិវេណព្រះបរមរាជវាំង ហូរចូលក្នុងកសិន្ធុ។

លោក ស្រ៊ុន តិច បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ដែលដឹកនាំ ការងារស្រាវជ្រាវនោះបានឲ្យដឹងថា លទ្ធផលបឋមនៃការធ្វើកំណាយ ៤ ទីតាំង ដើម្បីសិក្សាពីរចនាសម្ពន្ធកសិន្ធុទឹកនៅខាងក្រៅកំពែងជុំវិញព្រះបរមរាជវាំង គឺមានកំណកដីចាក់បង្គររហូតដល់ជម្រៅ ៣ ម៉ែត្រ ហើយរចនាសម្ពន្ធកសិន្ធុមានកាំសាងពីថ្មបាយក្រៀមមានចំនួនពី ៩ រហូតដល់ ១១ កាំ និងរកឃើញប្រព័ន្ធបង្ហូរទឹកបុរាណ ៣ ទីតាំងស្ថិតនៅតាមជើងកំពែង។
ប្រព័ន្ធបង្ហូរទឹកនេះមានតួនាទីរំដោះទឹកចេញពីបរិវេណព្រះបរមរាជវាំងហូរចូលកសិន្ធុនាសម័យបុរាណ និងរកឃើញស្លាកស្នាមស្រះបុរាណមួយនៅទិសខាងជើងព្រះបរមរាជវាំង ផ្នែកខាងក្រៅកំពែង មានកាំធ្វើពីថ្មបាយក្រៀម ១៥ កាំទៀតផង។ ចំណែក ទិសខាងលិចនៃស្រះមានចម្លាក់យ៉ាងប្រណិត។

បុរាណវិទូរូបនេះ ក៏បានបញ្ជាក់ថែមទៀតថា ប្រព័ន្ធបង្ហូរទឹក និងកសិន្ធុទឹកនៅជុំវិញកំពែងអតីតព្រះបរមរាជវាំងក្រុងអង្គរធំ ត្រូវកប់បាត់ដោយកំណកដី និងដើមឈើ ដោយកត្តាពេលវេលា មនុស្ស និងការប្រែប្រួលអាកាសធាតុ។ ការធ្វើកំណាយស្រាវជ្រាវនេះ ក៏នឹងផ្ដល់លទ្ធភាពដល់អាជ្ញាធរជាតិអប្សរា រៀបចំប្រព័ន្ធរំដោះទឹកបុរាណឲ្យមានតួនាទីដើមឡើងវិញ ដើម្បីរំដោះទឹកចេញពីខាងក្នុងបរិវេណអតីតព្រះបរមរាជវាំង ដែលជារៀងរាល់ឆ្នាំនៅរដូវវស្សាមានទឹកដក់ជាប្រចាំ ដែលបណ្ដាលមកពីប្រព័ន្ធបង្ហូរទឹកទាំងនោះ ត្រូវបានខូចខាតធ្ងន់ធ្ងរអស់រយៈពេលរាប់រយឆ្នាំមកហើយ៕


















រូបភាព៖ អាជ្ញាធរជាតិអប្សរា

























Account
Security
Favourite Content