តារាខេប៉ុប Changbin បានទិញអចលនទ្រព្យមួយកន្លែងនៅតំបន់ Apgujeong ទីក្រុងសេអ៊ូល ក្នុងតម្លៃ ៩.៤ ពាន់លានវ៉ុន ឬប្រហែល ៦.៣ លានដុល្លារអាមេរិក ដោយមានការរាយការណ៍ថា លោកបានទូរទាត់ថ្លៃអាផាតមិននេះជាប្រាក់សុទ្ធ មិនមានដាក់ទ្រព្យបញ្ចាំ។

យោងតាមឯកសារចុះបញ្ជីតុលាការ កាលពីខែកុម្ភៈឆ្នាំមុន តារារ៉េបប្រចាំក្រុម Stray Kids រូបនេះ បានទិញអាផាតមិនទំហំ ១៩៨ ម៉ែត្រការ៉េ ដែលជាផ្នែកមួយនៃគម្រោង Hyundai Apartments ក្រោមឈ្មោះលោកផ្ទាល់ ។ ខណៈការទិញ-លក់នេះ ធ្វើឡើងដោយមិនមានការដាក់បញ្ចាំទ្រព្យឡើយបញ្ជាក់ថា លោកបានទិញអាផាតមិននេះដោយប្រាក់សុទ្ធ។
ទន្ទឹមគ្នាដែរ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យម្នាក់បានឱ្យដឹងថា តារាប្រុសកើតឆ្នាំ ១៩៩៩ រូបនេះបានជ្រើសរើសយកយូនីតស្ថិតនៅជាន់ពិសេស (Royal-floor) ក្នុងអគារដែលអាចមើលឃើញទិដ្ឋភាពទន្លេ Han យ៉ាងច្បាស់ ដែលលោកចាត់ទុកថា សកម្មភាពនេះជាការវិនិយោគរយៈពេលវែង។

សូមបញ្ជាក់ថា អាគារអាផាតមិនរបស់ Hyundai ដែលបែងចែកជាគម្រោងទី ១ និងទី ២នេះ បានសាងសង់ជាលើកដំបូងក្នុងឆ្នាំ ១៩៧៦ មានសរុប ១៣ អគារ សម្រាប់ ៩៦០ គ្រួសារ។ ខណៈតម្លៃក្នុងពេលបច្ចុប្បន្នវិញ អាផាតមិនទំហំ ១៩៨ ម៉ែត្រការ៉េដូចគ្នានេះ មានតម្លៃហក់ឡើងដល់ទៅ ១០.៥ ពាន់លាន ទៅ ១៦.៥ ពាន់លានវ៉ុន។
គួរឱ្យដឹងផងដែរថា បរិវេណអាផាតមិននេះ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ឡើងវិញនៃស្រុក Gangnam 3 ដែលមានអាគារកំពុងសាងសង់ឡើងវិញចំនួន ៣០ អគារ ជាទីលំនៅសម្រាប់ ៥ ០០០ គ្រួសារ។ ក្រៅពី Changbin តារាល្បីៗដែលបានទិញអចលនទ្រព្យក្នុងគម្រោងតែមួយនេះ រួមមាន ពិធីករទូរទស្សន៍ Yoo Jae Seok និងតារាចម្រៀង Max Changmin៕























Account
Security
Favourite Content