នៅថ្ងៃទី ២២ ខែមករា នេះ ប៉ុស្តិ៍នគរបាល Yongsan ក្នុងទីក្រុងសេអ៊ូល បានប្រកាសថា ខ្លួនមានផែនការបញ្ជូនសំណុំរឿង CL ទៅតំណាងអយ្យការដោយមិនមានការឃុំខ្លួន ក្រោមការចោទប្រកាន់ពីបទរំលោភលើ ច្បាប់អភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ និងសិល្បៈប្រជាប្រិយ។

គម្រោងនេះបានកើតឡើង ក្រោយមានការចោទប្រកាន់ថា តារាស្រីវ័យ ៣៤ឆ្នាំ បានបើកដំណើរការទីភ្នាក់ងារផ្ទាល់ខ្លួនរបស់នាងដែលមានឈ្មោះថា Very Cherry អស់រយៈពេលជាង ៥ ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ ២០២០ ដោយមិនមានអាជ្ញាប័ណ្ឌ។
យោងតាមច្បាប់អភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ និងសិល្បៈប្រជាប្រិយ ការបើកដំណើរការអាជីវកម្មកម្សាន្តដោយគ្មានការចុះបញ្ជីជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍របស់ប្រទេសកូរ៉េខាងត្បូង អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២ ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ២០ លានវ៉ុន ឬប្រមាណ ១៣ ៧០០ ដុល្លារអាមេរិក។

ការបញ្ចូនសំណុំរឿងរបស់ CL ទៅកាន់អយ្យការនេះ មានន័យថា ប៉ូលិសបានបញ្ចប់ការស៊ើបអង្កេតដំបូង និងបានកំណត់អត្តសញ្ញាណជនសង្ស័យរួចរាល់ ហើយកំពុងបញ្ជូនសំណុំរឿងទៅអ្នកជំនាញផ្នែកច្បាប់ ដើម្បីសម្រេចថាតើត្រូវចោទប្រកាន់មេក្រុម 2NE1 នេះជាផ្លូវការ ឬក៏យ៉ាងណា។
ផ្អែកតាមសារព័ត៌មាន Koreaboo បញ្ហាខាងលើនេះបានចាប់ផ្ដើមទទួលបានការសង្ស័យកាលពីខែកញ្ញា ឆ្នាំ២០២៥ ក្រោយពីមានការចោទប្រកាន់ថា ទីភ្នាក់ងារផ្ទាល់ខ្លួនរបស់តារាចម្រៀង Sung Si Kyung បានបើកដំណើរអស់ពេល ១០ឆ្នាំដោយមិនមានចុះបញ្ជីត្រឹមត្រូវ។
ក្រោយមក ទើបមានការរកឃើញថា ទីភ្ញាក់ងារកម្សាន្តជាច្រើនទៀតក៏បានល្មើសនឹងច្បាប់តែមួយនេះ ដោយទីភ្នាក់ងាររបស់ CL ក៏ជាប់នៅក្នុងការសង្ស័យតែមួយដូចគ្នា៕





















































Account
Security
Favourite Content