ចាប់ពីការពឹងផ្អែកលើឧបករណ៍ AI រហូតដល់ការសង្កត់ធ្ងន់លើឯករាជ្យភាព ការគិតស៊ីជម្រៅ និងផ្ដោតលើគុណតម្លៃរឹងមាំ មហាសេដ្ឋីបច្ចេកវិទ្យាជាច្រើនបាននិយាយថា ការចិញ្ចឹមកូនរបស់ពួកគេឆ្លុះបញ្ចាំងទាំងការច្នៃប្រឌិតថ្មី និងគោលការណ៍ដែលមានជាយូរមកហើយ។ ខាងក្រោមនេះ AMS សូមបង្ហាញពីគោលគំនិតគួរឱ្យចាប់អារម្មណ៍មួយចំនួនក្នុងការចិញ្ចឹមអប់រំកូនរបស់មហាសេដ្ឋី៖
របៀបចិញ្ចឹមកូនរបស់លោក Mark Zuckerberg

លោក Zuckerberg បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតអំពីសារៈសំខាន់នៃគុណតម្លៃ និងការគិតស៊ីជម្រៅក្នុងការចិញ្ចឹមកូនរបស់ខ្លួន។ នៅពេលសួរនៅឆ្នាំ ២០២៤ ថាតើកុមារគួរសិក្សាអ្វីខ្លះនៅថ្ងៃនេះ លោកបានប្រាប់ Bloomberg ថា៖ “រឿងសំខាន់បំផុតគឺការរៀនពីរបៀបគិតពិចារណា និងរៀនពីគុណតម្លៃជីវិតនៅពេលអ្នកនៅក្មេង”។ Zuckerberg និងភរិយារបស់លោក Priscilla Chan មានកូនស្រីបីនាក់៖ Maxima អាយុ ១០ ឆ្នាំ; August អាយុ ៨ ឆ្នាំ; និង Aurelia អាយុ ២ ឆ្នាំ។
លោកក៏បាននិយាយនៅកម្មវិធីផតខាស “Acquired” នៅឆ្នាំនោះថា នៅពេលដែលកូនស្រីរបស់លោក August បាននិយាយថានាងចង់ធំឡើងដូចតារាចម្រៀងប៉ុបអាមេរិក Taylor Swift លោកបានប្រាប់នាងថាជម្រើសនៃការធ្វើជាតារាល្បីគឺ “មិនមាន” សម្រាប់នាងទេ។ យោងតាមកាសែត New York Post ក្រោយមក August បាននិយាយថានាងបានផ្លាស់ប្តូរចិត្ត ហើយសម្រេចចិត្តថានាងចង់ក្លាយជាខ្លួនឯង។
នៅក្នុងបទសម្ភាសន៍មួយក្នុងឆ្នាំ ២០១៩ នៅលើប៉ុស្តិ៍ CBS “This Morning” នាយកប្រតិបត្តិក្រុមហ៊ុន Meta បាននិយាយថា លោក និងភរិយាមានគោលបំណងចិញ្ចឹមកូនៗរបស់ពួកគេឲ្យមានភាពខិតខំតស៊ូ ទោះបីជាគ្រួសារមានទ្រព្យសម្បត្តិច្រើនក៏ដោយ។ លោក Zuckerberg បាននិយាយថា “ពួកគេមានកិច្ចការផ្ទះ ពួកគេមានការទទួលខុសត្រូវ” ខណៈពេលដែលអ្នកស្រី Chan បានបន្ថែមថា ពួកគេ “មិនផ្តល់អ្វីគ្រប់យ៉ាងដល់កូនៗទេ”។
របៀបចិញ្ចឹមកូនរបស់លោក Satya Nadella
លោក Nadella នាយកប្រតិបត្តិក្រុមហ៊ុន Microsoft បាននិយាយថា ទស្សនវិជ្ជានៃការចិញ្ចឹមកូនរបស់លោកគឺផ្ដោតលើការទុកចន្លោះឱ្យពួកគេរីកចម្រើនតាមល្បឿនផ្ទាល់ខ្លួនរបស់ពួកគេ។ នៅក្នុងបទសម្ភាសន៍មួយក្នុងឆ្នាំ ២០១៧ ជាមួយទស្សនាវដ្តី Good Housekeeping លោក Nadella បាននិយាយថា លោក និងភរិយា បានកំណត់ព្រំដែនច្បាស់លាស់លើភាពយន្ត ហ្គេមវីដេអូ និងគេហទំព័រដែលកូនៗរបស់ពួកគេអាចចូលមើលបាន ខណៈពេលដែលផ្តោតលើអ្វីដែលកុមារម្នាក់ៗត្រូវការជាជាងការធ្វើតាមច្បាប់តឹងរ៉ឹង។
ទស្សនៈរបស់លោកត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំងដោយកូនប្រុសរបស់លោកឈ្មោះ Zain ដែលមានជំងឺខ្វិនខួរក្បាល និងបានស្លាប់នៅអាយុ ២៦ ឆ្នាំក្នុងឆ្នាំ ២០២២។ លោក Nadella បាននិយាយថា ការចិញ្ចឹមកូនប្រុសរបស់លោកបានបង្រៀនលោកអំពីសារៈសំខាន់នៃការយល់ចិត្ត ដែលជាតម្លៃដែលលោកអនុវត្តចំពោះទាំងជីវិតគ្រួសារ និងភាពជាអ្នកដឹកនាំនៅ Microsoft។
លោកក៏បាននិយាយផងដែរថា លោក និងភរិយាគាំទ្រការអនុញ្ញាតឱ្យកូនៗរបស់ពួកគេយកសត្វចិញ្ចឹមមកចិញ្ចឹម ជាពិសេសសត្វឆ្កែ។ អ្នកស្រី Anu បាននិយាយ៖ «ការចិញ្ចឹមសត្វធ្វើឱ្យពួកគេអាចមានដៃគូ និងការទទួលខុសត្រូវភ្ជាប់មកជាមួយដែរ ហើយពួកគេក៏ទទួលបានអារម្មណ៍ល្អនៅពេលមានសត្វមួយកំពុងរង់ចាំការត្រឡប់មកវិញរបស់ពួកគេ» ។
របៀបចិញ្ចឹមកូនរបស់លោក Bill Gates

លោក Gates បាននិយាយថា លោកបានធ្វើតាមវិធីសាស្រ្តចិញ្ចឹមកូន “Love and Logic” ដែលបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ដែលសង្កត់ធ្ងន់លើការគ្រប់គ្រងអារម្មណ៍ និងការឆ្លើយតបសមហេតុផល។ លោក និងអតីតភរិយា គឺអ្នកស្រី Melinda French Gates បានព្យាយាមដឹកនាំកូនៗដោយធ្វើជាគំរូតាមរយៈការងារ និងសប្បុរសធម៌ រួមទាំងយុទ្ធនាការ The Giving Pledge ដែលជាការប្តេជ្ញាចិត្តជាសាធារណៈសម្រាប់មហាសេដ្ឋីក្នុងការបរិច្ចាគទ្រព្យសម្បត្តិភាគច្រើនរបស់ពួកគេដែលលោកបានបង្កើតឡើងជាមួយមហាសេដ្ឋី Warren Buffett។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ CNBC។
កូនស្រីពៅរបស់លោក Gates គឺ Phoebe ដែលមានអាយុ ២៣ ឆ្នាំ បាននិយាយក្នុងផតខាស “The Burnouts” របស់នាងកាលពីឆ្នាំមុនថា ឪពុកម្តាយរបស់នាងប្រឆាំងនឹងគំនិតនាងក្នុងការឈប់រៀននៅសាកលវិទ្យាល័យ Stanford ដើម្បីបង្កើតក្រុមហ៊ុនមួយ ដែលនាងយល់ថាជារឿងហួសចិត្តដោយសារតែឪពុកនាងផ្ទាល់ក៏មានប្រវត្តិឈប់រៀនដែរ។
នាងបាននិយាយផងដែរថា នាង និងបងប្អូនរបស់នាងមិនត្រូវបានអនុញ្ញាតឱ្យប្រើនាមត្រកូលរបស់ឪពុកពួកគេជាសាធារណៈទេ រហូតដល់ពួកគេរៀនដល់ថ្នាក់វិទ្យាល័យ ដើម្បីជៀសវាងការចាប់អារម្មណ៍។ នៅក្នុងវគ្គមួយក្នុងឆ្នាំ ២០២៥ នៃផតខាស “Raj Shamani’s Figuring it Out” លោក Gates បាននិយាយថា លោកមានគម្រោងទុកទ្រព្យសម្បត្តិតិចជាង ១% នៃទ្រព្យសម្បត្តិរបស់លោកដល់កូនៗរបស់លោក។ លោកបាននិយាយថា «ខ្ញុំចង់ផ្តល់ឱកាសឱ្យពួកគេរកប្រាក់ចំណូល និងភាពជោគជ័យដោយខ្លួនឯង»។ លោកបានប្រាប់ពិធីករ Raj Shamani ថា លោកមិនរំពឹងថាកូនៗរបស់លោកនឹងទទួលយក Microsoft ទេ ដោយសង្កត់ធ្ងន់ថា លោកចង់ឱ្យពួកគេសម្រេចបានជោគជ័យផ្ទាល់ខ្លួន ជាជាងដើរតាមគន្លងរបស់លោកនៅក្នុងពិភពបច្ចេកវិទ្យា។
របៀបចិញ្ចឹមកូនរបស់លោក Sundar Pichai
នាយកប្រតិបត្តិក្រុមហ៊ុន Google លោក Pichai បានទទួលស្គាល់ទាំងប្រយោជន៍ និងហានិភ័យនៃបច្ចេកវិទ្យានៅក្នុងជីវិតកូនៗរបស់លោក។ ពីមុនលោកបានប្រាប់ Bloomberg ថា ពេលខ្លះលោកប្រើ Google Lens ដើម្បីជួយធ្វើកិច្ចការផ្ទះ។ លោកបាននិយាយថា «ពេលខ្លះខ្ញុំខ្ជិល ហើយខ្ញុំធ្វើពុតដូចជាខ្ញុំកំពុងគិត ប៉ុន្តែខ្ញុំក៏កំពុងប្រើ Google Lens ដើម្បីរកចម្លើយដែរ»។
លោក Pichai បាននិយាយនៅក្នុងបទសម្ភាសន៍មួយផ្សេងទៀតជាមួយ BBC ថា លោក «តែងតែព្រួយបារម្ភអំពីបច្ចេកវិទ្យា» នៅពេលនិយាយអំពីកូនៗរបស់លោក ខណៈពេលដែលទទួលស្គាល់ថាការធំឡើងក្នុងពិភពឌីជីថលគឺជៀសមិនរួច។ លោកលើកទឹកចិត្តពួកគេឱ្យគ្រប់គ្រងព្រំដែនពេលវេលាមើលទូរស៍ព្ទឬឧបករណ៍ផ្សេងៗរបស់ពួកគេ ជាជាងពឹងផ្អែកលើការហាមឃាត់ទាំងស្រុង។
របៀបចិញ្ចឹមកូនរបស់លោក Jeff Bezos

លោក Bezos និងភរិយារបស់លោក គឺលោកស្រី Lauren Sánchez កំពុងចិញ្ចឹមគ្រួសារដែលមានកូនប្រាំពីរនាក់រួមគ្នា។ លោកមានកូនបួននាក់ជាមួយអតីតភរិយារបស់លោក MacKenzie Scott ខណៈភរិយាថ្មីលោក អ្នកស្រី Sánchez មានកូនបីនាក់ជាមួយដៃគូមុនៗ។
ស្ថាបនិកក្រុមហ៊ុន Amazon រូបនេះបានលើកកម្ពស់ការផ្ដល់ឯករាជ្យ និងការអនុវត្តជាក់ស្តែងក្នុងការចិញ្ចឹមកូនជាយូរមកហើយ។ នៅក្នុងព្រឹត្តិការណ៍មួយក្នុងឆ្នាំ ២០១៧ លោក Bezos បាននិយាយថា លោកបានអនុញ្ញាតឱ្យកូនៗរបស់លោកប្រើកាំបិតនៅអាយុបួនឆ្នាំ និងឧបករណ៍អគ្គិសនីនៅអាយុប្រាំពីរឬប្រាំបីឆ្នាំ។
ថ្លែងនៅក្នុងពិធីជប់លៀងមួយក្នុងឆ្នាំ ២០១៨ សម្រាប់អង្គការមិនស្វែងរកប្រាក់ចំណេញសកល FIRST លោកបានលើកទឹកចិត្តកុមារឱ្យបន្តធ្វើអ្វីដែលពួកគេចូលចិត្ត និងអាចយកចិត្តទុកដាក់ខ្លាំង ដូច្នេះពួកគេនឹងមិននឿយហត់ក្នុងការខិតខំប្រឹងប្រែង ៕






















































Account
Security
Favourite Content