ព្រឹត្តិការណ៍ប្រគំតន្ត្រី «Rise for Khmer» ដែលមានការចូលរួមសម្ដែងពីតារាល្បីៗរបស់ផលិតកម្ម បារមី រួមមាន វណ្ណដា, ហ្សាណា, វណ្ណថាន, នរិទ្ធ និង យូហៃ។ តែអ្វីដែលកាន់តែគួរឲ្យកោតសរសើរ គឺអ្នកទាំង ៥ មិនយកប្រាក់កម្រៃឡើយ ដោយធ្វើដើម្បីសប្បុរសធម៌សម្រាប់ប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន។

«Rise for Khmer» ក៏ដើម្បីរៃអង្គាសថវិកា ជួយដល់ប្រជាពលរដ្ឋខ្មែរដែលភៀសខ្លួន ព្រោះការឈ្លានពានថៃមកលើទឹកដីខ្មែរ នៅតាមបន្ទាត់ព្រំដែន។ តាមរយៈការផ្ដល់បទសម្ភាសន៍របស់កញ្ញា ឡូរ៉ា ម៉ម អ្នកដឹកនាំបារមី ក្រោយបានជួបជាមួយលោក តារា ម្ចាស់ Sabay Event Production នៅជំរំភៀសសឹក ៣ ម៉ឺននាក់ នៅខាងវត្តពោធិ៍ ៥០០០ ដើម ខេត្តព្រះវិហារ ដោយទឹកចិត្តជាខ្មែរដូចគ្នា ហើយឃើញភាពលំបាកទាំងនោះ ធ្វើឲ្យអ្នកទាំង ២ អាណិតអាសូរ ហើយចាប់ផ្ដើមរៀបចំគម្រោងការងារ ការប្រគំតន្ត្រីនេះចេញជារូបរាងភ្លាមៗក្នុងពេលដ៏ខ្លី ដើម្បីយកថវិកាទៅជួយដល់អ្នកទាំងនោះ។
Salle Pleyel កាលពីរាត្រីថ្ងៃ ១ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅពោរពេញដោយសំឡេងហ៊ោកញ្ជ្រៀវ។ «Rise for Khmer» លើសពីការប្រគំតន្ត្រី ព្រោះក៏ជាឱកាសដែលខ្មែរបានបង្ហាញវប្បធម៌ដ៏ចំណាស់ផូរផង់ ឲ្យខ្មែររស់នៅទឹកដីបារាំង និងជនបរទេសបានស្គាល់កាន់តែច្បាស់។
ការសម្ដែងនៅលើទឹកដីបារាំងនេះ អាចធ្វើទៅបានក៏ដោយសារតែមានក្រុមហ៊ុនធំៗជាច្រើននៅស្រុកខ្មែរ បានចូលរួមឧបត្ថម្ភមានដូចជា រ៉ូយ៉ាល់ Group, ជីប ម៉ុង Group និង OCIC ហើយក្នុងនោះ ជីប ម៉ុង បានឧបត្ថម្ភ ១០ ម៉ឺនដុល្លារក្នុងការទ្រទ្រង់ការរៀបចំផ្សេងៗ។

ទស្សនិកជនខ្មែរ និងជនបរទេសជាច្រើនសរុបជាង ២ ពាន់នាក់នៅក្នុង Salle Pleyel ដែលបានស្រែកច្រៀងបន្ទរ និងរាំកម្សាន្តសប្បាយជាមួយសិល្បករកម្ពុជា។ តន្ត្រីបុរាណបញ្ចូលចម្រៀងសម័យបញ្ចេញសំឡេងយ៉ាងពីរោះ អ្នកចូលរួមម្នាក់ៗពិតជាសប្បាយរីករាយដែលអាចស្ដាប់បទខ្មែរដ៏អស្ចារ្យ។
ក្នុងនោះដែរ ប្រធានសមាគមសិល្បករខ្មែរលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានឡើងថ្លែងពីអារម្មណ៍ដោយក្ដីរំភើបជាពន់ពេកដែលអាចនាំយកតន្ត្រី ចម្រៀងខ្មែរទៅកាន់តែឆ្ងាយ និងទទួលបានជោគជ័យក្រាស់ក្រែលបែបនេះ ព្រោះសំបុត្រចូលរួមត្រូវបានលក់អស់គ្មានសល់។
សម្រាប់ វណ្ណដា បានត្រលប់មកប៉ារីសបន្ទាប់ពីអូឡាំពិករដូវក្ដៅ ២០២៤ ជាមួយផលិតកម្មបារមី ដោយបានពាំនាំតន្ត្រីរ៉េបហ៊ីបហប និងចង្វាក់ប្រពៃណីបម្រើអារម្មណ៍ទស្សនិកជនបារាំងខ្មែរ។ នារាត្រីនោះក៏មានការសំដែងរបាំបុរាណរៀបចំឡើង ដោយសមាគមខ្មែរនៅបារាំង “ទេពមនោរម្យ”៕



រូបភាព៖ Baramey Production, Seanghai Kunkhmer និង Royal Group

























Account
Security
Favourite Content