ការជិះកងទស្សនាប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរក្នុងខេត្តសៀមរាបបានក្លាយការកម្សាន្តមួយដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ស្របពេលដែលផ្លូវសម្រាប់ជិះកង់ត្រូវបានបើកឱ្យប្រើប្រាស់ជាផ្លូវការមក។

បើយោងទៅតាមអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថាចំនួនទេសចរដែលនិយមជិះកងទស្សនាប្រាសាទនានានៅវង់តូច និងវង់ធំ មានការកើនឡើងយ៉ាងច្រើននៅក្នុងរមណីយដ្ឋានអង្គរ។ គិតជាមធ្យមចំនួនអ្នកជិះកង់ទស្សនាតំបន់អង្ករ លើផ្លូវកង់ដែលអាជ្ញាធរបានរៀបចំមានប្រមាណជា ១០០ កង់ក្នុង១ថ្ងៃ។
នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងវប្បធម៌។ បច្ចុប្បន្ន ចំនួនអ្នកទេសចរក្នុងចំនួនច្រើនទាំងជាតិនិងអន្តរជាតិជ្រើសរើសយកការជិះកង់ជាការកម្សាន្តមួយក្នុងរមណីយដ្ឋានអង្គរបន្ថែមលើការដើរទស្សនាប្រាង្គប្រាសាទ។ មួយវិញទៀត ពួកគេទទួលបានអារម្មណ៍មួយប្លែកដោយសារតែនៅតាមផ្លូវមានដើមឈើត្រឈឹងត្រឈៃ ហើយអាចមើលឃើញវាលស្រែដែលផ្លាស់ប្តូរតាមរដូវកាល និងបរិយាកាសល្អបរិសុទ្ធពីធម្មជាតិ។ហើយជាពិសេសក្នុងរដូវនេះទៀត ការជ្រើសយកជម្រើសជិះកង់លើផ្លូវក្នុងព្រៃនៃតំបន់រមណីយដ្ឋានអង្គរជាជម្រើសមួយដ៏ល្អបំផុត។
គួរបញ្ជាក់ថា ផ្លូវជិះកង់ក្នុងតំបន់រមណីយដ្ឋានអង្គរមានប្រវែងសរុប ២៣ គីឡូម៉ែត្រ និងបានដាក់ឱ្យដំណើរការប្រើប្រាស់តាំងពីឆ្នាំ ២០១៩ មក គិតមកទល់ពេលនេះ ៦ ឆ្នាំហើយ។ បច្ចុប្បន្ននេះដែរ អាជ្ញាធរជាតិអប្សរាបានរៀបចំចំណតកង់រហូតដល់ទៅ៨កន្លែងដើម្បីផ្ដល់ភាពងាយស្រួល សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនដល់អ្នកទេសចរ៕













រូបភាព ៖ អាជ្ញាធរជាតិអប្សរា


























Account
Security
Favourite Content