ភាពយន្ត The First Ride កំពុងគ្រងចំណាត់ថ្នាក់កំពូលនៅតារាងសំបុត្រកុន Box Office ប្រទេសកូរ៉េ ដោយជាប់លេខ ១ រយៈពេលបួនថ្ងៃជាប់ៗគ្នា។ ភាពជោគជ័យមួយផ្នែកធំរបស់រឿងនេះត្រូវបានសន្មតថាដោយសារ “ឥទ្ធិពល Cha Eun Woo” ខណៈដែលតារាប្រុសរូបនេះបានបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់ខ្សែភាពយន្ត បើទោះបីជាកំពុងបម្រើការងារក្នុងជួរកងទ័ពក៏ដោយ។

យោងតាម KOBIS ដែលជាសេវាកម្មតាមដានការលក់សំបុត្រកុនរបស់ក្រុមប្រឹក្សាភាពយន្តកូរ៉េ ភាពយន្តបែបកំប្លែងមួយនេះបានបិទបញ្ជីសប្ដាហ៍ដំបូងជាមួយចំណូល ២.៣ លានដុល្លារខណៈដណ្ដើមបានចំណែកទីផ្សារ ២៨% នៅប្រទេសកូរ៉េ។
ការចាប់អារម្មណ៍បានផ្ទុះឡើងនៅថ្ងៃទី ៣១ ខែតុលា នៅពេលដែល Cha Eun Woo បានបង្ហាញខ្លួនជាពិធីករសម្រាប់ពិធីជប់លៀងស្វាគមន៍ថ្នាក់ដឹកនាំ APEC (កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក)។ Cha Eun Woo ដែលបច្ចុប្បន្នជាទាហានសកម្ម ត្រូវបានដាក់ឱ្យបំពេញតួនាទីក្នុងព្រឹត្តិការណ៍នេះជាផ្នែកមួយនៃការបម្រើការងារយោធារបស់លោក។ មានសេចក្ដីរាយការណ៍ថាគណៈកម្មាធិការ APEC បានធ្វើការស្នើសុំដោយផ្ទាល់ដើម្បីឱ្យលោកធ្វើជាពិធីករពិធីជប់លៀង។
Cha Eun Woo បានធ្វើជាពិធីករនៃពិធីជប់លៀងនៅចំពោះមុខថ្នាក់ដឹកនាំមកពីប្រទេសសមាជិក APEC ចំនួន ២១ រួមទាំងប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung ប្រធានាធិបតីចិន Xi Jinping និងនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi។ រូបភាពរបស់លោកបានរីករាលដាលយ៉ាងឆាប់រហ័សលើបណ្តាញសង្គមជាមួយមតិសរសើរជាសំឡេងដូចគ្នាថា “Cha Eun Woo កំពុងលើកកម្ពស់កិត្យានុភាពជាតិតាមរយៈរូបសម្រស់របស់លោក”។ ការចាប់អារម្មណ៍ទូទាំងប្រទេសនេះបានជំរុញទស្សនិកជនជាច្រើនឱ្យទៅគាំទ្រខ្សែភាពយន្តថ្មីរបស់លោកនៅរោងភាពយន្ត។

យ៉ាងណាក៏ដោយ វត្តមាននៅ APEC របស់ Cha Eun Woo មិនមែនជាកត្តាជំរុញតែមួយនោះទេ ខណៈមុននេះ Jungkook សមាជិកក្រុម BTS បានបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងពិធីសម្ពោធបញ្ចាំងលើកដំបូងរបស់ខ្សែភាពយន្តនេះ។ ខណៈកម្រចូលរួមព្រឹត្តិការណ៍បែបនេះ តែសមាជិកកូនពៅ BTS បានបង្ហាញខ្លួនដើម្បីគាំទ្រមិត្តរបស់ខ្លួនដែលកំពុងជាប់កាតព្វកិច្ចយោធាជាមួយសកម្មភាពដ៏គួរឱ្យស្រលាញ់ ដោយបានថតរូបលើកម្រាលព្រំក្រហម ដោយកាន់តុក្កតាធំមួយដែលមានមុខរបស់ Cha Eun Woo។
ក្រុមការងារពីផលិតកម្មបានបង្ហាញពីរឿងរ៉ាវដ៏គួរឱ្យអស់សំណើចថា៖ “Cha Eun Woo ខកចិត្តណាស់ដែលគាត់មិនអាចចូលរួមបាន និងបាននិយាយថាគាត់នឹងបញ្ជូនមិត្តភក្តិម្នាក់មកជំនួស តែយើងមិននឹកស្មានថាជា Jungkook ទេ” ៕
























Account
Security
Favourite Content