អ្នកនិពន្ធ និងតារាចម្រៀង Ejae ដែលជាម្ចាស់បទ Golden បានទម្លាយពីការខកបំណង និងរបួសផ្លូវចិត្ត ក្រោយខិតខំហ្វឹកហាត់មួយថ្ងៃៗ ១៦ម៉ោងនៅផលិតកម្ម SM អស់ពេលជាង ១២ឆ្នាំ តែគ្មានឱកាសអាចបង្ហាញខ្លួនជាតារាខេប៉ុបបាន។

នៅក្នុងវគ្គថ្មីនៃកម្មវិធី You Quiz on the Block ចាក់ផ្សាយនៅថ្ងៃទី២២ ខែតុលានេះ Ejae ដែលទទួលបានប្រជាប្រិយភាពតាមរយៈចម្រៀងប្រកបគំនូរជីវចលរឿង KPop Demon Hunters គឺបទ Golden បានចែករំលែកពីការលំបាកដែលខ្លួនបានស៊ូទ្រាំ មុននឹងជោគជ័យដូចសព្វថ្ងៃនេះ។
តារាស្រីវ័យ ៣៣ឆ្នាំ បានរំឭកដល់រឿងកាលពី ២៣ឆ្នាំមុនថា៖ “ខ្ញុំបានចាប់ផ្ដើមហ្វឹកហាត់នៅអាយុ ១១ឆ្នាំ។ ខ្ញុំបានហ្វឹកហាត់ជាមួយក្រុម Super Junior, Girls’ Generation, SHINee និង f(x)។ ជាប្រចាំថ្ងៃ ខ្ញុំត្រូវនៅបន្ទប់ហាត់ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ១១យប់”។

Ejae បានឱ្យដឹងទៀតថា នាងខិតខំណាស់ រហូតដល់អាយុ ១៣ឆ្នាំ នាងធ្លាប់បានដួលសន្លប់នៅពេលកំពុងហ្វឹកហាត់ តែទោះជាខិតខំប៉ុណ្ណា ក៏នាងនៅតែមិនធ្លាប់ទទួលបានឱកាសបង្ហាញខ្លួនជាតារាខេប៉ុបនោះទេ។ នាងបាននិយាយថា៖ “នៅពេលនេះ គេគិតថាខ្ញុំចាស់ពេក សម្រាប់ធ្វើអាជីពនេះ។ ដូច្នេះហើយ ខ្ញុំក៏បញ្ចប់ជីវិតជាតារាហ្វឹកហាត់នៅវ័យ ២៣ឆ្នាំ។ ក្រោយពីកិច្ចសន្យាបានបញ្ចប់ ខ្ញុំបានយំនៅលើតាក់ស៊ីពេលត្រឡប់មកផ្ទះវិញ។ ខ្ញុំខិតខំណាស់ដែរ តែនៅតែបរាជ័យ។ វាគឺជារឿងដែលគួរឱ្យសោកសៅមែនទែន”។
“តែចំណុចដែលធ្វើឱ្យខ្ញុំខូចចិត្តបំផុត មិនមែនមកពីកិច្ចសន្យាបញ្ចប់ទេ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបរាជ័យទាំងវ័យក្មេង ទោះបីជាខ្ញុំបានធ្វើគ្រប់យ៉ាងដើម្បីក្ដីសុបិនរបស់ខ្ញុំទៅហើយ។ ខ្ញុំស្អប់ខ្លួនឯង ហើយមានអារម្មណ៍ថា ទោះខ្ញុំខិតខំប៉ុណ្ណា វានៅតែមិនគ្រប់គ្រាន់” នាងនិយាយបន្តដូច្នេះ។
ភាពជោគជ័យតាមរយៈបទ Golden នេះ បានផ្លាស់ប្ដូរជីវិតរបស់ Ejae ១៨០ដឺក្រ ខណៈដែលពេលនេះ នាងទទួលបានការងារច្រើន រហូតគ្មានពេលសម្រាក។ Ejae បាននិយាយថា៖ “មកទល់ថ្ងៃនេះ ខ្ញុំនៅតែនឹកដល់រឿងចាស់ៗទាំងនោះ ជាពិសេសគឺថ្ងៃដែលខ្ញុំជិះតាក់ស៊ីមកផ្ទះវិញ។ ហើយទីបំផុត ខ្ញុំអាចនិយាយប្រាប់ខ្លួនឯងវិញហើយថា អ្នកធ្វើបានល្អហើយ អ្វីដែលអ្នកខិតខំបានផលហើយ”៕
























Account
Security
Favourite Content