Jimin សមាជិកក្រុម BTS បានជាប់ពាក់ព័ន្ធពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហាជាមួយតារាសម្តែងស្រី Song Da Eun មកដល់ពេលនេះគឺចូលរយៈពេលបួនឆ្នាំហើយ។ ខុសពី Song Da Eun ដែលម្តងម្កាលបាននិយាយពីរឿងនេះដោយប្រយោល Jimin និងភ្នាក់ងាររបស់លោកគឺ Big Hit Music បានរក្សាភាពស្ងៀមស្ងាត់មករហូត ជំរុញឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងពីសាធារណជន។


ថ្មីៗនេះ Song Da Eun បានបង្ហោះវីដេអូមួយនៅលើគណនី TikTok របស់នាង ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្នុងឃ្លីបនេះ គេឃើញនាងដើរចេញពីអាផាតមែនរបស់ខ្លួនហើយទៅរង់ចាំមុខជណ្តើរយន្ត។ ពេលទ្វារជណ្ដើរបើក បុរសដែលលេចមុខមកគឺ Jimin។ នាងបាននិយាយរាក់ទាក់យ៉ាងកក់ក្ដៅ ខណៈ Jimin ឆ្លើយតបទាំងសើចថា “អូ ដឹងថាខ្ញុំ មកដែរ? ខំអត់ប្រាប់ ថាចង់ឱ្យភ្ញាក់ផ្អើល”។

ទីកន្លែងក្នុងវីដេអូត្រូវបានគេរាយការណ៍ថាស្រដៀងនឹងផ្ទៃខាងក្នុងនៃអគារអាផាតមែនប្រណិតមួយនៅ Hannam-dong ជាអគារដូចគ្នាដែល Jimin រស់នៅ ធ្វើឱ្យមានការសង្ស័យថាអ្នកទាំងពីរអាចនឹងរស់នៅជាមួយគ្នា។
ពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងរបស់ពួកគេបានលេចឡើងលើកដំបូងក្នុងឆ្នាំ ២០២២ នៅពេលដែល Song Da Eun បង្ហោះរូបថតកាសស្តាប់ឥតខ្សែឆ្លាក់អក្សរ “J” និង “S” នៅលើគណនី Instagram របស់នាង។ ក្រោយមកនាងបានចែករំលែកវីដេអូពីមនុស្សម្នាក់ដើរតាមមាត់ទន្លេជាមួយ Emoji ផ្កាបិទបាំង។ អ្នកលេងអ៊ីនធឺណិតបានកត់សម្គាល់ថា ទេសភាពក្នុងវីដេអូគឺត្រូវនឹងផ្ទៃខាងក្រោយពីវីដេអូរបស់ BTS ក្នុងឆ្នាំ ២០២០ ខណៈស្បែកជើងគឺដូចគ្នានឹងស្បែកជើងដែល Jimin ធ្លាប់ពាក់ពីមុន។ លើសពីនេះ Song Da Eun ធ្លាប់បានបង្ហោះរូបថតពាក់អាវដែលជាទំនិញអនុស្សាវរីយ៍របស់ក្រុម BTS និងមានចំណងជើងបទចម្រៀងល្បីរបស់ពួកគេ “MIC DROP” ។

ខណៈពេលដែល Song Da Eun បានស្នើតាមរយៈបណ្ដាញសង្គមថានាងនឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងការបញ្ចេញមតិអាក្រក់ និងការគំរាមកំហែងតាមអ៊ីនធឺណិតទាក់ទងនឹងពាក្យចចាមអារ៉ាមនោះ Jimin និង Big Hit Music បានបដិសេធមិនធ្វើសេចក្តីថ្លែងការណ៍ណាមួយឡើយអំពីបញ្ហានេះ។ ភាពស្ងៀមស្ងាត់នេះបានធ្វើឱ្យ Song Da Eun ក្លាយជាគោលដៅចម្បងនៃការវាយប្រហារដែលអូសបន្លាយដល់បច្ចុប្បន្ន។
កើតក្នុងឆ្នាំ ១៩៩១ Song Da Eun បានបញ្ចប់ការសិក្សាពីនាយកដ្ឋានផ្សព្វផ្សាយ និងកម្សាន្តនៃសាកលវិទ្យាល័យ Induk មុនពេលបង្ហាញខ្លួនជាលើកដំបូងនៅក្នុងរឿងភាគ ‘Can’t Lose’ របស់ប៉ុស្តិ៍ MBC ក្នុងឆ្នាំ ២០១១ ។ ក្រោយមកនាងបានបង្ហាញខ្លួននៅក្នុងរឿង ‘Hold My Hand’ (ឆ្នាំ២០១៣) រឿង “Special Illegal Parking” (ឆ្នាំ២០១៤) រឿង ‘Wednesday 3:30 PM’ (ឆ្នាំ២០១៧) និងរឿង ‘Once Again’ (ឆ្នាំ២០២០)។ នាងត្រូវបានស្គាល់កាន់តែទូលំទូលាយបន្ទាប់ពីបានចូលរួមក្នុងកម្មវិធី Dating ‘Heart Signal 2’ របស់ Channel A ក្នុងឆ្នាំ ២០១៨ ។
ចំណែក Jimin កើតក្នុងឆ្នាំ ១៩៩៥ និងបានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០១៣ ជាសមាជិកក្រុម BTS ក្រោមការដឹកនាំរបស់ Big Hit Music ដែលជាបុត្រសម្ព័ន្ធរបស់ HYBE ។ បន្ទាប់ពីបញ្ចប់កាតព្វកិច្ចយោធាក្នុងខែមិថុនា លោកបានធ្វើដំណើរទៅសហរដ្ឋអាមេរិកក្នុងខែកក្កដា ជាមួយសមាជិក BTS ផ្សេងទៀត ដើម្បីរៀបចំសម្រាប់ការ Comeback របស់ពួកគេ ដែលអាចនឹងមកដល់នៅរដូវផ្ការីកឆ្នាំ ២០២៦ តាមពីក្រោយដោយការប្រគំតន្ត្រីទេសចរណ៍ពិភពលោកទ្រង់ទ្រាយធំ ៕



















Account
Security
Favourite Content