ក្រោយបែកធ្លាយព័ត៌មានថា តារាសម្ដែងស្រី Hyeri និងអ្នករាំប្រុស Woo-tae មានទំនាក់ទំនងស្នេហារួមគ្នាអស់ពេលជាង ១ឆ្នាំ ទីភ្នាក់ងារបស់តារាស្រីបានចេញមកឆ្លើយតបនឹងពាក្យចចាមអារ៉ាមនេះថា ខ្លួនមិនអាចបញ្ជាក់បានទេ ថាការពិតគឺយ៉ាងណា ព្រោះវាជាជីវិតឯកជនរបស់តារាស្រី។

ជាក់ស្ដែង ពាក្យចចាមអារ៉ាមខាងលើ បានផ្សព្វផ្សាយឡើងនៅថ្ងៃទី១ ខែកក្កដា នេះ ដោយមានបុគ្គលម្នាក់អះអាងថា ជាអ្នកជិតស្និទ្ធជាមួយបុគ្គលទាំងពីរ ចែករំលែកថា Hyeri និង Woo-tae បានទាក់ទងគ្នាជាងមួយឆ្នាំមកហើយ ដោយអ្នកទាំងពីរបានជួបគ្នាជាលើកដំបូង នៅក្នុងរឿង Victory។
ក្នុងថ្ងៃតែមួយនេះ Sublime ដែលជាទីភ្នាក់ងាររបស់តារាស្រីវ័យ ៣១ឆ្នាំ បានប្រាប់សារព័ត៌មាន OSEN ថា៖ “ជុំវិញពាក្យចចាមអារ៉ាមអំពីជីវិតស្នេហារបស់ Hyeri យើងមិនអាចបញ្ជាក់បានទេ ព្រោះវាទាក់ទងនឹងជីវិតឯកជនរបស់តារាផ្ទាល់។ នេះគឺជាអ្វីដែលយើងអាចផ្ដល់ជូន សម្រាប់ពេលនេះ។ អរគុណសម្រាប់ការយោគយល់”។

ស្របគ្នានឹងការឆ្លើយតបនេះ សារព័ត៌មាន Chosun Biz បានចុះផ្សាយថា ជាទូទៅការដែលឆ្លើយតបថា “មិនអាចបញ្ជាក់បាននេះ” គឺទីភ្នាក់ងារបានទទួលស្គាល់ទំនាក់ទំនងស្នេហារបស់សិល្បករខ្លួនហើយ ទើបមិនប្រើប្រាស់ពាក្យ “មិនពិត” ដើម្បីបដិសេធ ។
និយាយពីប្រវត្តិស្នេហាវិញ បុគ្គលដែលធ្វើឱ្យដំណឹងខាងលើនេះលេចឮ បានរៀបរាប់ពីជំនួបរវាងអ្នកទាំងពីរថា ពួកគេបានជួបគ្នានៅពេលដែល Hyeri បានចូលទៅសម្ដែងជាតួឯកនៅក្នុងរឿង Victory ដោយពេលនោះ Woo-tae បានទទួលការងារជាអ្នកបង្រៀនរាំដល់តួសម្ដែងនៅក្នុងរឿង។

គួរឱ្យដឹងផងដែរថា កាលពីឆ្នាំ ២០១០ Hyeri បានចូលប្រឡូកក្នុងវិស័យសិល្បៈតាមរយៈក្រុម Girl’s Day។ ក្រោយមកនាងបានចាប់ឱកាសទទួលការងារសម្ដែង នៅក្នុងរឿងល្បីៗដូចជា Reply 1988 និង Friendly Rivalry ជាដើម។
ដោយឡែកសម្រាប់ Woo-tae វិញ លោកគឺជា អ្នករាំចង្វាក់ហ៊ីបហបអាជីពម្នាក់ ដែលទទួលបានប្រជាប្រិយភាពដំបូងតាមរយៈឈ្មោះជាសមាជិកក្រុម Mbitious នៅក្នុងកម្មវិធី Street Man Fighter របស់ស្ថានីយ៍ទូរទស្សន៍ Mnet កាលពីឆ្នាំ ២០២២៕
























Account
Security
Favourite Content