ដំណឹងដ៏សែនរន្ធត់ទាក់ទិននឹងស្ថានភាពជំងឺរបស់កុមារា ឆលី ក្រោយដុំសាច់កាចដុះឡើងវិញ បានធ្វើឱ្យតារាចម្រៀង ពេជ្រ សូលីកា ចេញមកបង្ហោះសារទាំងខ្លាចចិត្តព្រមទាំងអំពាវនាវសុំឱ្យមហាជនជួយដល់កុមារអភ័ព្វម្នាក់នេះផង។

តាមរយៈការបង្ហោះជូនដំណឹងលើផេកផ្លូវការ Charlie – ឆលី Ponleu Virakboth ពាក់ព័ន្ធទៅនឹងស្ថានភាពដុំសាច់កាចនៅក្នុងខួរក្បាលរបស់កុមារា ឆលី បានរីកធំយ៉ាងរហ័សក្នុងទំហំត្រឹម ៣ស.ម ឡើងដល់ ៣៨ ស.ម (តាមការបញ្ជាក់របស់គ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាកាលពីវេលាម៉ោងប្រមាណជា១០យប់មិញ) បានធ្វើឱ្យកុមារាវ័យ ៤ ឆ្នាំរូបនេះស្ថិតក្នុងស្ថានភាពវង្វេងវង្វាន់ស្មារតី និងតម្រូវត្រូវបញ្ជូនទៅពេទ្យបរទេសជាបន្ទាន់ ដើម្បីទទួលការព្យាបាល។
ក្រោយបានទទួលដំណឹងមួយនេះភ្លាមតារាចម្រៀង ពេជ្រ សូលីកា បានបង្ហោះសារទាំងខ្លោចចិត្ត ក្នុងនាមអ្នកនាងក៏ជាអ្នកម្ដាយមួយរូប និងធ្លាប់ជាចំណែកជួយដល់ ឆលី កន្លងមក ដែលពិតជាមិនអាចទប់ទឹកភ្នែកបានក្រោយដឹងថាដុំសាច់កាចនៅក្នុងខួរក្បាលរបស់ ឆលី បានដុះឡើងមកវិញខណៈពេលនេះដែរស្ថានភាព ឆលី ផ្ទាល់ក៏កំពុងស្ថិតក្នុងការព្យាបាលជាបន្ទាន់ផងដែរ។



នៅក្នុងសាររបស់ម្ចាស់បទ «ថែការចងចាំ» រូបនេះបានសរសេររៀបរាប់ទាំងបែបនេះថា «នៅពេលដែលមីងទទួលដំណឹងថាក្មួយវះកាត់ទទួលបានជោគជ័យ មីងពិតជារំភើបសប្បាយចិត្តជំនួសក្មួយខ្លាំងណាស់កូន។ មីងពិតជាចង់ឃើញក្មួយធំធាត់រស់នៅដូចក្មេងគេដទៃ។ ចង់លេងអ្វីដែលក្មួយចង់លេង ចង់ញុំអ្វីដែលក្មួយចង់ញុំ។ ប៉ុន្តែគ្រាន់តែមីងទទួលបានដំណឹងទាំងយប់ មីងមានការតក់ស្លុតចិត្តជាខ្លាំង ក្មេងតូចដ៏អភ័ព្វរបស់មីង ដុំសាច់ ឆលី ( ដុះឡើងមកវិញ ) ត្រូវការសង្គ្រោះជាបន្ទាន់។ ក្នុងវ័យមួយដែលត្រូវទៅសាលា ត្រូវមានមិត្តភក្កិដូចក្មេងដទៃ ចង់ញ៉ាំអ្វីដែលខ្លួនចង់ តែមិនអាច» …។ បន្ថែមពីលើសំណេរនេះដែរ អ្នកនាង ពេជ្រ សូលីកា ក៏បានអំពាវនាវសុំឱ្យបងប្អូនមហាជនជួយដល់កុមារអភ័ព្វម្នាក់នេះទៅតាមលទ្ធភាពនិងដោយក្ដីស្រលាញ់ផងចុះ។
គួររម្លឹកបន្តិចដែរថា កុមារ ឆលី កើតជំងឺមហារីកដុះសាច់នៅក្នុងខួរក្បាលដំណាក់កាលទី ៤ ខណៈក្មេងតូចរូបនេះទើបមានអាយុទើបតែ ៤ ឆ្នាំប៉ុណ្ណោះ។ កន្លងមក ឆលី បានទទួលការជួយព្យាបាលដោយការបាញ់កាំរស្មីនៅឯមន្ទីរពេទ្យប្រទេសថៃ ដោយឡែកស្រាប់តែស្ថានភាពជំងឺរបស់ ឆលី មានការប្រែប្រួលខណៈគ្រូពេទ្យបានរកឃើញថាដុំសាច់កាចនៅក្នុងខួរក្បាលមានការរីកធំយ៉ាងរហ័សក្នុងទំហំ ៣៨ ស.ម ដែលតម្រូវត្រូវបញ្ជូនទៅធ្វើការវះកាត់ជាបន្ទាន់៕
រូបភាព ៖ Pich Solikah























































Account
Security
Favourite Content