ក្រសួងសុខាភិបាលបានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខណៈពពួកអូមីក្រុងដែលបានបំប្លែងខ្លួនជាបន្តបន្ទាប់ជាពិសេសពពួកអូមីក្រុងបំប្លែងថ្មីប្រភេទជេអ៉ិន១ (JN.1) ដែលកំពុងតែរីករាលដាលនៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក។

តាមរយៈសេចក្ដីប្រកាសដែលចេញដោយក្រសួងសុខាភិបាលបានឱ្យដឹងបន្ថែមថាត្រឹមខែមីនាឆ្នាំ២០២៥ អូមីក្រុងបំប្លែងថ្មីប្រភេទជេអ៉ិន១ ត្រូវបានរកឃើញមានជាង ១៥% នៃករណីជំងឺកូវីដ-១៩ ទូទាំងពិភពលោក។
ក្រសួងក៏បានបញ្ជាក់ពីរោគសញ្ញានៃប្រភេទអូមីក្រុងបំប្លែងថ្មីនេះផងដែរថាគឺមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អកស្ងួត ឈឺបំពង់ក ហៀរសម្បោរ ចង្អោរ និងក្អួត ដែលមានស្រដៀងគ្នាទៅនឹងជំងឺផ្ដាសាយធម្មតា។
មួយវិញទៀតក្រសួងក៏បានអំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្នជាពិសេសចំពោះបុគ្គលដែលមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺដែលរួមមាន អ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ ជំងឺរ៉ាំរ៉ៃប្រចាំកាយ ទឹកនោមផ្អែម លើសឈាម ចាស់ជរា ស្ត្រីមានផ្ទៃពោះជាដើម។ ទន្ទឹមនឹងនេះនៅកម្ពុជានាប៉ុន្មានខែចុងក្រោយនេះការចម្លងវីរុសកូវីដ-១៩ នៅបន្តកើតមាននៅឡើយដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តយកចិត្តទុកដាក់ប្រុងប្រយ័ត្នការពារខ្លួនឱ្យបានហ្មត់ចត់ជាប់ជានិច្ចជាពិសេសនារដូវវស្សាខាងមុខនេះ។


បន្ថែមពីលើនេះដែរក្រសួងក៏បានប្រាប់ពីវិធានការណ៍នៃការបង្ការការឆ្លងជំងឺកូវីដ១៩ដោយលាងដៃឱ្យបានញឹកញាប់ជាមួយទឹកស្អាតឬអាល់កុលជេល។ ពាក់ម៉ាសក្នុងករណីចាំបាច់។ ចៀសវាងការខាកស្ដោះពាសវាលពាសកាល។ ខ្ទប់មាត់ និងច្រមុះពេលក្អកឬកណ្ដាស់។ ចៀសវាងចូលរួមក្នុងទីប្រជុំជនប្រសិនបើមានអាការៈមិនស្រួលត្រូវប្រញាប់ទៅពិនិត្យព្យាបាលឱ្យបានត្រឹមត្រូវ។ រក្សាគម្លាតសុវត្ថភាពជាមួយបុគ្គលដែលមានរោគសញ្ញា ផ្ដាសាយ។ ទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩៕
រូបភាព៖ក្រសួងសុខាភិបាល

























Account
Security
Favourite Content