នៅថ្ងៃទី៥ ខែឧសភា ម៉ោងក្នុងសហរដ្ឋអាមេរិក Jennie បានចូលរួមកម្មវិធី Met Gala ជាមួយនឹងឈុតពណ៌ខ្មៅដ៏ប្រណិត ដែលជាស្នាដៃរបស់សិប្បករពីម៉ាកយីហោលំដាប់ពិភពលោក Channel ចំណាយពេលផលិតដោយដៃជាង ៣៣០ម៉ោង។

កម្មវិធី Met Gala ឆ្នាំ ២០២៥នេះ បានប្រារព្ធធ្វើឡើងនៅឯសារមន្ទីរ Metropolitan Museum of Art ក្នុងទីក្រុងញូវយ៉ក ក្រោយប្រធានបទ Superfine: Tailoring Black Style។ ជាក់ស្ដែង នេះជាឆ្នាំទី ៣ហើយ ដែល Jennie បានចូលរួមនៅក្នុងកម្មវិធីដ៏ធំប្រចាំហូលីវូដខាងលើ ក៏ប៉ុន្តែនៅក្នុងឆ្នាំនេះ នាងបានចូលរួម អមដោយវត្តមានរបស់សមាជិក BLACKPINK ចំនួន ២ រូបទៀត គឺ Lisa និង Rosé។
វត្តមានរបស់ Jennie នៅក្នុងឈុតខ្មៅរំលេចដោយគុជខ្យងមួយឈុតនេះ ទទួលបានការចាប់អារម្មណ៍ក្រាស់ក្រែលពីសំណាក់មហាជន ក៏ដូចជាសារព័ត៌មានបង្ហាញម៉ូដរបស់អាមេរិកជាច្រើន។ តួយ៉ាង តារាស្រីវ័យ ២៩ឆ្នាំបានទទួលងារជាតារាខេប៉ុបតែមួយរូបគត់ដែលជាប់ឈ្មោះក្នុង តារាងឈុតល្អឯកប្រចាំកម្មវិធី ពីទស្សនាវដ្ដី Harper’s Bazaar និងសារព័ត៌មាន People។


ជាការពិតណាស់ ឈុតពណ៌ខ្មៅដែលអ្នកគាំទ្រខ្មែរបានប្រដូចទៅនឹងលោកជំទាវមួយនេះ គឺជាស្នាដៃដ៏សម្រឹតសម្រាំងរបស់សិប្បករពី Channel និងបានផលិតឈុតនេះឡើងជាពិសេស សម្រាប់ Jennie តែម្ដង ក្នុងនាមជាអ្នកតំណាងយីហោរបស់ខ្លួនប្រចាំកម្មវិធី។
គួរឱ្យដឹងផងដែរថា កម្មវិធី Met Gala ឬ Metropolitan Museum of Art Costume Institute Gala ជាកម្មវិធីបង្ហាញម៉ូដដ៏ធំបំផុតរបស់សហរដ្ខអាមេរិក ដោយកម្មវិធីដែលធ្វើឡើងដើម្បីរៃអង្គាសថវិកាសម្រាប់វិទ្យាស្ថានសំលៀកបំពាក់របស់សារមន្ទីរ Metropolitan Museum of Art មួយនេះ គឺតែងតែធ្វើឡើងនៅរៀងរាល់ថ្ងៃចន្ទ ដំបូងបង្អស់ ក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ១៩៤៨មកម៉្លេះ៕





















































Account
Security
Favourite Content