ក្រោយផ្ទុះការជជែកវែកញែកលើរឿង «អ្នកស្នងបារមី» ពេលនេះអ្នកនិពន្ធ និងដឹកនាំរឿងលោក សេង ធី បានចេញមកបកស្រាយដោយបានបញ្ជាក់យ៉ាងច្បាស់ៗថាខ្សែរឿងមួយនេះមិនជាប់ពាក់ព័ន្ធនិងរឿងព្រាយបិសាចនោះទេណាមួយក៏បានឆ្លងកាត់ការត្រួតពិនិត្យពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈហើយដែរ។

តាមរយៈចម្លើយតបអះអាងរបស់ផលិតករខ្មែររូបនេះបានឱ្យដឹងថា៖ «រឿង អ្នកស្នងបារមី ដែលយកទម្រង់ល្ខោនបុរាណឬទម្រង់ល្ខោន១០០ឆ្នាំមកបង្ហាញមិនមែនជាខ្មោចព្រាយបិសាចនោះទេតែជាអាទិទេពខ្មែរមួយរូបដែលផ្ដល់សិរីសួស្ដីជូនដល់គ្រួសារខ្មែរជាពិសេសអ្នកដែលគោរពដោយបានថ្វាយព្រះពរជារបាំខ្មែរ។ រឿងនេះដែរគឺជារឿងខ្មែរដែលបង្ហាញពីសង្គមខ្មែរដោយលើកសរសើរពីរូបល្ខោនបុរាណខ្មែរជាទេពជាអ្នកខ្ពង់ខ្ពស់ជាអ្នកមានបារមីមានអំណាចផ្ដល់សិរីសួស្ដីដល់គ្រួសារខ្មែរតាមការយល់ឃើញនិងជំនឿរបស់ប្រជាជនខ្មែរពិតមែន។នេះជាការអះអាងបន្ថែមរបស់ផលិតករ សេង ធី។ លោកក៏បានរៀបរាប់បន្ថែមមកកាន់ AMS ទៀតថា៖ «រឿង អ្នកស្នងបារមី ដើមឡើយដាក់ចំណងជើងថា អ្នកស្នងរូប ម្ដងរួចមកហើយប៉ុន្តែក្រោយបានឆ្លង SCRIPT ជាមួយនាយកដ្ឋានភាពយន្តនិងបច្ចេកទេសរឿងវប្បធម៌ទើបសម្រេចថតជាសាច់រឿងទាំងស្រុងដោយដាក់ចំណងជើង«អ្នកស្នងបារមី»។រីឯនៅក្នុងរូបភាពបង្ហាញជាផុសស្ទ័រលោកនិងក្រុមការងារបានព្យាយាមកែតម្រូវមិនឱ្យបង្ហាញពីភាពភ័យខ្លាចនោះឡើយ»។


ក្នុងនាមជាផលិតករខ្មែរមួយរូបលោក សេង ធី បានបញ្ជាក់ថាគោលបំណងនៃការបង្ហាញខ្សែរឿង «អ្នកស្នងបារមី» នេះឡើងដើម្បីឱ្យមានការស្រលាញ់ទម្រង់ល្ខោនបុរាណពិសេសសិល្បៈបុរាណខ្មែរ។
ជាចុងក្រោយលោកក៏បានអំពាវនាវដល់មហាជនសិល្បករបុរាណនាដកាសុំបើកចិត្តរង់ចាំទស្សនាខ្សែរឿងខាងលើជាមុនសិន។ លោកក៏ជឿជាក់ដែរថានាដកានឹងទទួលបានអារម្មណ៍មោទនភាពក្នុងនាមជាអ្នកប្រឹងប្រែងរៀនសូត្រជំនាញជានាដកានិងជាអ្នកលះបង់និងស្រលាញ់វប្បធម៌សិល្បៈរបាំខ្មែរ៕
ប្រភពរូបភាព៖ Kravan Pictures
























































Account
Security
Favourite Content