ភាពយន្តភាគទូរទស្សន៍បែប Girls’ Love (GL) និង Boys’ Love (BL) ដែលផ្តោតលើទំនាក់ទំនងស្នេហារវាងតួអង្គស្រីនិងស្រី ឬប្រុសនិងប្រុស កំពុងទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសថៃ និងអាចរកចំណូលបានដល់ទៅ ៦,៩ ពាន់លានបាត (ជាង ២០៥ លានដុល្លារ) សម្រាប់សេដ្ឋកិច្ចជាតិក្នុងមួយឆ្នាំ។ នេះបើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation។


តាមរយៈបទសម្ភាសន៍កាលពីថ្ងៃទី១៧ ខែមីនា លោកស្រី Kiatiya Saisanan ជាសាស្ត្រាចារ្យផ្នែកសារព័ត៌មាន និងសារគមនាគមន៍នៅសកលវិទ្យាល័យ Thammasat បានកត់សម្គាល់ថា ភាពយន្តប្រភេទ GL ជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រធានបទដែលមានការពិភាក្សាច្រើនបំផុតទាំង ១០ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថៃក្នុងឆមាសទីពីរនៃឆ្នាំ ២០២៤ ខណៈក្នុងឆ្នាំដដែលនេះនៅថៃមានការផលិតភាពយន្តភាគ GL ជាង ៧០ រឿង។
សាស្ត្រាចារ្យរូបនេះបាននិយាយថា រឿងភាគ GL ដូចជា “Love Bully” និង “The Secret of Us” បង្ហាញពីជីវិត និងសិទ្ធិរបស់ក្រុម LGBTQ+ នៅក្នុងសង្គមថៃ ដោយបន្ថែមថាក្រុមហ៊ុនផលិតកម្មកាន់តែច្រើនបង្ហាញចំណាប់អារម្មណ៍ក្នុងការបង្កើតមាតិកាប្រភេទនេះ។ ទន្ទឹមនោះ សាស្ត្រាចារ្យ Kiatiya បានព្យាករថាមាតិកា GL អាចបង្កើតចំណូលសេដ្ឋកិច្ចបានរហូតដល់ ២ ពាន់លានបាតក្នុងមួយឆ្នាំ និងរំពឹងថានឹងកើនឡើងបន្តទៀតក្នុងរយៈពេល ២ទៅ៣ឆ្នាំខាងមុខ។

លើសពីនេះ កាលពីខែមករា មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចរបស់ធនាគារថៃ SCB (SCB EIC ) ក៏បានបញ្ចេញសេចក្ដីរាយការណ៍ព្យាករថា ទីផ្សារភាពយន្តភាគ BL នឹងអាចរកចំណូលបានជាង ៤,៩ ពាន់លានបាត (ប្រហែល ១៤៤,៨ លានដុល្លារ) នៅឆ្នាំ ២០២៥ និងបានណែនាំឱ្យមានការគាំទ្របន្ថែមពីរដ្ឋាភិបាលដើម្បីបង្កើនការប្រកួតប្រជែងរបស់ប្រទេសថៃនៅក្នុងទីផ្សារពិភពលោក។
យោងតាម SCB EIC រឿងភាគ BL របស់ថៃទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័សនៅក្នុងប្រទេសផ្សេងៗដោយសារតែ ខ្លឹមសារបើកចំហរសម្រាប់ទំនាក់ទំនង LGBTQ+ ខ្លឹមសារប្រកបដោយភាពច្នៃប្រឌិត និងគុណភាពខ្ពស់ ភាពពេញនិយមនៃបណ្ដាញ Streaming និងការផលិតក្នុងបរិមាណនាំមុខគេក្នុងតំបន់អាស៊ី។
គិតត្រឹមដើមឆ្នាំនេះ ប្រទេសថៃបានផលិតភាពយន្ត BL ប្រមាណ ៣៤០ ចំណងជើងហើយ ទាំងរឿងភាគ រឿងកុន និងរឿងខ្លី។ នៅឆ្នាំ ២០២៤ ប្រទេសថៃបាននាំមុខទីផ្សារ BL អាស៊ីដោយបានផលិតច្រើនជាងពាក់កណ្តាលនៃភាពយន្ត BL ទាំងអស់ដែលបានចាក់ផ្សាយនៅអាស៊ី។
ភាពជោគជ័យជាសាកលនៃរឿងភាគ BL របស់ថៃក៏បានបើកទ្វារសម្រាប់ឧស្សាហកម្មផ្សេងទៀតដើម្បីរីកចម្រើនជាមួយគ្នាដែរ។ ឧទាហរណ៍ជាក់ស្ដែងដូចជា ឧស្សាហកម្មបោះពុម្ពសៀវភៅប្រលោមលោក ឧស្សាហកម្មព្រឹត្តិការណ៍ដូចជាការប្រគំតន្ត្រី និង Fan Meeting ឧស្សហកម្មផ្សាយពាណិជ្ជកម្ម ព្រមទាំងឧសហកម្មផ្សេងៗទៀតដែលប្រើប្រាស់ឥទ្ធិពល Soft Power ដូចជាវិស័យទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើប និងក្រុមហ៊ុនអាកាសចរណ៍ ខណៈអ្នកគាំទ្រអន្តរជាតិតែងធ្វើដំណើរទៅប្រទេសថៃ ដើម្បីស្វែងយល់ពីទីតាំងថតរឿង ឬចូលរួមក្នុងព្រឹត្តិការណ៍នានាទាក់ទងនឹងរឿងភាគ BL/GL ដែលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចក្នុងស្រុក ៕



























Account
Security
Favourite Content