នៅសល់មិនដល់១ខែទៀតទេ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនឹងមកដល់។ តាមរយៈសៀវភៅ មហាសង្ក្រាន្ត ខាងក្រោមនេះគឺជាកាលវេលានៃការយាងចុះរបស់ទេវតាឆ្នាំថ្មី និងការរៀបចំគ្រឿងរណ្ដាប់សម្រាប់ទទួលទេវតា ឱ្យបានត្រឹមត្រូវទៅតាមទំនៀមប្រពៃណីខ្មែរ។

ព្រះពុទ្ធសករាជព្រះសាសនាអតិក្កន្តាកន្លងទៅបាន ២៥៦៨ ត្រឹមថ្ងៃ អាទិត្យ ១៥កើត ខែពិសាខ លុះដល់ថ្ងៃច័ន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័កតទៅចូលពុទ្ធសករាជ ២៥៦៩ នឹងគណនាឆ្នាំម្សាញ់ឥលូវនេះសង្ក្រាន្តចូលនៅថ្ងៃចន្ទ ២រោច ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ.ស ២០២៥ វេលាម៉ោង ៤៖៤៨ នាទីទៀបភ្លឺ។
នាវេលានោះដែរ ទេវតាដែលត្រូវយាងចុះមានព្រះនាម គោរាគៈទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្ម ទ្រង់គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរ ពណ៌លឿង លម្អនៅព្រះកាណ៌ដោយសៀតផ្កាអង្គាបុស្ប អភរណទ្រង់ពាក់ កែវមុតា ភក្សាហារទ្រង់តេលំ (ប្រេង) ព្រះហស្តស្ដាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់ផ្ទំបិទព្រះនេត្រលើខ្នងស្ដេចខ្លាជាពាហនៈ។

តាមទំនៀមពីបុរាណមក រណ្ដាប់ទទួលទេវតាត្រូវរៀបរានខាងមុខផ្ទះ សម្រាប់តាំងគ្រឿងពលិការផ្សេងៗ ត្រូវរៀបក្រាលសំពត់ស ហើយរៀបចំគ្រឿងសក្ការបូជាទេវតាមាន៖ បាយសី៩ថ្នាក់១គូ , បាយសី៧ថ្នាក់១គូ , បាយសី៥ថ្នាក់១គូ , បាយសី៣ថ្នាក់១គូ , បាយសីប៉ាឆាម១គូ , ស្លាធម៌១គូ , ទឹកអប់១គូ (ទៀន៥ ធូប៥) , លាច ៥, ផ្កា ៥ ដាក់លើជើងពាន១គូ, ចេកនួន ចេកណាវ៉ា ដាក់ពាន១គូ ផ្លែឈើ ១១ មុខរៀបដាក់ជើងពាន១១គូ , ដូងឡៅ១គូ ទឹកស្អាត ២ កែវ។
ស្រេចហើយនៅវេលាម៉ោង ដែលទេវតាចុះ ត្រូវជួបជុំក្រុមគ្រួសារ ដើម្បីថ្វាយបង្គំព្រះនមស្ការព្រះរតនត្រ័យ សមាទានសីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធ ជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងគិតទៅលើ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹង ទីរឭក លុះចប់ពិធីទទួលទេវតា។
– ថ្ងៃចន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃ ១៤ ខែមេសា គ្រិស្តសករាជ ២០២៥ វេលាម៉ោង៤ ៖៤៨ នាទីទៀបភ្លឺជាថ្ងៃចូលឆ្នាំម្សាញ់ សប្ដស័ក ។
– ថ្ងៃអង្គារ ៣រោច ខែចេត្រ ត្រូវនឹងថ្ងៃ ១៥ ខែមេសា គ្រិស្តសករាជ ២០២៥ ជាវារៈវ័នបត។
– ថ្ងៃពុធ ៤រោច ខែចេត្រ ត្រូវនឹងថ្ងៃ ១៦ ខែមេសា គ្រិស្តសករាជ ២០២៥ នៅវេលាម៉ោង ៨៖ ២៥ នាទី ៣៦ វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្ត ៣ ថ្ងៃស្រេចបរិបូណ៌ចូលជាសកល ឆ្នាំម្សាញ់សប្ដស័ក ចុល្លសករាជ១៣៨៧ និងមហាសករាជ ១៩៤៧ តទៅ៕
រូបភាព៖ theonecambodia






















Account
Security
Favourite Content