សារព័ត៌មានតៃវ៉ាន់ បានរាយការណ៍ថា បន្ទាប់បី Barbie Shu ឬ សាន់ឆាយ បានទទួលមរណភាពភ្លាមៗពេក Koo Jun Yu ដែលត្រូវជាស្វាមី នៅតែមិនទាន់អាចធ្វើចិត្តបាន រហូតលែងនឹកបាយទឹក ធ្លាក់ក្នុងស្ថានភាពដែលគួរឱ្យបារម្ភ។

កាលពីថ្ងៃទី២៦ ខែកុម្ភៈកន្លងទៅនេះ មានប្រភពជិតស្និទ្ធរបស់ Koo Jun Yu បានចែករំលែកពីស្ថានភាពរបស់ តារាចម្រៀង និង ឌីជេរូបនេះ ទៅកាន់សារព័ត៌មានតែវ៉ាន់ Mirror Weekly ថា៖ “Koo Jun Yu នៅតែមានសោកសៅនៅឡើយ និងស្រក់ទឹកភ្នែកជារៀងរាល់ថ្ងៃ។ គាត់នៅមិនទាន់អាចធ្វើចិត្តនឹងភាពតក់ស្លុតដែលបាត់បង់ប្រពន្ធបាននោះទេ”។
ប្រភពដដែលបាននិយាយពីអារម្មណ៍របស់ខ្លួនថា នៅពេលដែលរំឭកដល់អ្នកទាំងពីរ ខ្លួនក៏មិនអាចទប់ទឹកភ្នែកបានដូចគ្នា មុននឹងលោកបន្តបរិយាយពីស្ថានភាពរបស់តារាប្រុសវ័យ ៥៥ឆ្នាំទៀតថា៖ “ភ្នែករបស់គាត់ហើមខ្លាំងដោយសារការយំច្រើនពេក ប៉ុន្តែគាត់ប្រកែកមិនទទួលយកការព្យាបាលអ្វីទាំងអស់។ គាត់ក៏បដិសេធមិនញ៉ាំអាហារ ឬទឹកដែរ នាំឱ្យគាត់ស្រកទម្ងន់គួរឱ្យគាត់សម្គាល់”។
ទន្ទឹមគ្នានេះ សារព័ត៌មានតៃវ៉ានមួយទៀត បានរាយការណ៍ថា បច្ចុប្បន្ននេះមិត្តភក្តិ និងមនុស្សជុំវិញខ្លួនរបស់ Koo Jun Yu កាន់តែព្រួយបារម្ភខ្លាំងទៅលើស្ថានភាពផ្លូវចិត្តរបស់តារាប្រុសរូបនេះដែលបន្តធ្លាក់ចុះជាគំហុក។ ជាក់ស្ដែង ET Today បានឱ្យដឹងថា តារាប្រុសរូបនេះមិនអាចរៀបចំទុកដាក់របស់របរទាំងឡាយណាដែលមានជាប់អនុស្សាវរីយ៍ជាមួយនឹង Barbie Hsu ឡើយ ហើយនៅតែបន្តសោកសៅ និងរំឭកពីភរិយាជានិច្ច បើទោះបីជាមនុស្សជុំវិញខ្លួនព្យាយាមលួងលោមទៅហើយក្ដី តែស្ថានការមិនទាន់មានការប្រសើរឡើងឡើយ។

ET Today បានលើកឡើងថា៖ “កន្លងមក គេស្គាល់ Koo Jun Yu ក្នុងរូបភាពជាមនុស្សមានជីវិតជីវ៉ា និងវិជ្ជមាន តែហេតុការណ៍គ្រានេះ បានបន្សល់ទុកនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គាត់”។
សូមរំឭកផងដែរថា Barbie Hsu ឬមហាជនតែងស្គាល់ក្នុងឈ្មោះ សាន់ឆាយ តួឯកស្រីរបស់រឿង Meteor Garden បានទទួលមរណភាព ដោយសារជំងឺរលាកសួតដែលឆ្លងតាមរយៈជំងឺផ្ដាសាយធំ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៧ព្រឹក កំលុងពេលដើរកម្សាន្តនៅក្នុងប្រទេសជប៉ុន។


មកទល់សព្វថ្ងៃនេះ Koo Jun Yup បានផ្អាករាល់សកម្មភាពការងារទាំងអស់របស់ខ្លួន និងនៅមិនទាន់មានគម្រោងត្រឡប់មកប្រឡូកការងារវិញនៅឡើយទេ ព្រោះលោកទំនងជាត្រូវការពេលយូរក្នុងការផ្សះផ្សាស្ថានភាពផ្លូវចិត្ត។ ដូចគ្នាដែរ Dee Hsu ដែលត្រូវជាប្អូនស្រីបង្កើតរបស់ Barbie Hsu ក៏បានដាក់ពាក្យស្នើសុំឈប់សម្រាកពីកម្មវិធីរបស់ខ្លួន គឺ The Girls Talk រយៈពេល ៦ខែផងដែរ៕




















































Account
Security
Favourite Content