ប្រធានសមាគមសិល្បករខ្មែរលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ទើបតែរៀបចំកម្មវិធីសម្ពោធការិយាល័យថ្មី ហើយក៏មានការអញ្ជើញចូលរួមពីសំណាក់តារាក្មេងចាស់ប្រុសស្រីល្បីៗ និងសិល្បករគ្រប់ផ្នែកមិនថាបុរាណ និងសម័យ។

ក្រោមការដឹកនាំ ១០ ខែតែប៉ុណ្ណោះ ប្រធានសមាគមសិល្បករអាណត្តិទី ៦ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានគៀងគរសប្បុរសជន និងប្រមូលសិល្បករគ្រប់ជំនាន់ គ្រប់ជំនួញឲ្យពួតដៃគ្នាជាធ្លុងមួយ សម្រេចបានសមិទ្ធផលជាច្រើន។ ក្រោយឡើងកាន់តំណែងមិនទាន់បាន១ឆ្នាំផង ភរិយាអ្នកឧកញ៉ា គិត ម៉េង បានធ្វើឲ្យសិល្បករជាច្រើនចូលរួមការងារកាន់តែសកម្ម និងជួយការងារសង្គម និងផ្សព្វផ្សាយពីទេសចរណ៍ខ្មែរ ឲ្យភ្ញៀវទេសចរជាតិ-អន្តរជាតិកាន់តែស្គាល់។
លោកជំទាវអ្នកឧកញ៉ា បានបញ្ជាក់ថាការិយាល័យថ្មីរបស់សមាគមសិល្បករខ្មែរ ជាកន្លែងរួមអាចឲ្យសមាជិក ឬសិល្បករគ្រប់រូបមកអង្គុយធ្វើការ មកអង្គុយផឹកតែ កាហ្វេ ពិភាក្សាការងារផ្សេងៗ។ការជួបជុំញ៉ាំអាហារពេលល្ងាចដែលរៀបចំឡើងដោយសមាគមសិល្បករខ្មែរ ដើម្បីអបអរដល់ការសម្ពោធការិយាល័យថ្មី មានការចូលរួមពីសំណាក់អ្នកជំនួញធំៗក្នុងស្រុកជាច្រើន។

ក្នុងមានមានទាំងគ្រួសារអ្នកជំនួញ ជីប ម៉ុង, ថ្នាក់ដឹកនាំក្រុមហ៊ុន ទ្រី ភាព គ្រុប, អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ថ្លែងក្នុងឱកាសនោះលោកកម្មវិធីជួបជុំលោកជំទាវប្រធានសមាគមសិល្បករខ្មែរបានឲ្យដឹងថា ជិត១០ខែនេះ សមាគមបានបំពេញសកម្មភាពជាច្រើនក៏ពិតមែន តែមិនមែនមានន័យថាឈប់ត្រឹមប៉ុណ្ណេះឡើយ ដោយនៅតែបន្តជួយដល់សិល្បករគ្រប់រូបខ្វះខាត ទាំងផ្នែកការាងារ និងថវិកា។
គួរបញ្ជាក់ថា តាំងពីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឡើងជាប្រធានសមាគមសិល្បករខ្មែរមក លោកតែងបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់សិល្បករ ជាពិសេសសមាជិក សមាជិកា របស់សមាគម ដូចជាការរៀបចំកន្លែងស្នាក់នៅ និងផ្ដល់ជំនួយជាច្រើន ដល់សិល្បករខ្មែរមិនថាជាផ្នែកផ្លូវច្បាប់ ផ្នែកសម្ភារៈ និងការចំណាយលើការព្យាបាលផ្សេងៗ៕













































































Account
Security
Favourite Content