តារាចម្រៀងខេប៉ុប J-Hope មានគោលបំណងចង់បន្តធ្វើការបរិច្ចាគប្រាក់ជួយដល់អ្នកជំងឺដែលជួបប្រទះនឹងការខ្វះខាតជារៀងរាល់ឆ្នាំ ចាប់តាំងពីខួបកំណើតឆ្នាំនេះទៅ ដើម្បីធ្វើជាកាដូផ្ទាល់ខ្លួនសម្រាប់លោក។

នៅក្នុងថ្ងៃកំណើតគម្រប់ខួប ៣១ឆ្នាំ ពោលគឺថ្ងៃទី១៨ ខែកុម្ភៈកន្លងទៅនេះ តារាចម្រៀងសញ្ជាតិកូរ៉េខាងត្បូង J-Hope បានធ្វើការបរិច្ចាគប្រាក់ចំនួន ២០០លានវ៉ុន ឬប្រមាណ ១៣៨ ០០០ដុល្លារអាមេរិកទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Seoul Asan ដោយមានគោលបំណងជួយឧបត្ថម្ភដល់ការសាងសង់មន្ទីរពេទ្យសម្រាប់កុមារ។
ទន្ទឹមគ្នានឹងអំពើសប្បុរសនេះ J-hope បានថ្លែងពីគោលបំណងរបស់ខ្លួនថា៖ “ខ្ញុំសង្ឈឹមថា ទឹកប្រាក់តិចតួចនេះនឹងអាចជួយដល់កុមារដែលកំពុងតែជួបប្រទះនឹងទុក្ខលំបាកនៅពេលនេះ។ ខ្ញុំសូមជូនពរឱ្យក្មេងៗទាំងអស់ឱ្យមានសុបិនដែលពេញដោយសុខភាពល្អ និងមានអនាគតពេញដោយក្ដីសង្ឈឹម”។
សមាជិកក្រុម BTS រូបនេះបានបន្តទៀតថា៖ “ខ្ញុំក៏ចង់តបស្នងទៅដល់ ARMY (ឈ្មោះក្រុមអ្នកគាំទ្រ)ផងដែរ ដែលតែងតែផ្ដល់ក្ដីស្រឡាញ់មកដល់ខ្ញុំ។ ខ្ញុំសុំយកឱកាសមួយនេះ ដើម្បីសម្ដែងការដឹងគុណរបស់ខ្ញុំ ហើយខ្ញុំយល់ថា វាពិតជារឿងដ៏មានន័យមែនទែន ក្នុងការបន្តបរិច្ចាគជារៀងរាល់ឆ្នាំ ចាប់ផ្ដើមពីខួបកំណើតរបស់ខ្ញុំនៅឆ្នាំនេះតទៅ”។

ជាមួយគ្នាដែរ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Seoul Asan បានឱ្យដឹងថា មជ្ឈមណ្ឌលនឹងយកប្រាក់ទាំងអស់នេះ ទៅអភិវឌ្ឍបរិវេណមន្ទីរពេទ្យបន្ថែម រួមមានការពង្រីកទីតាំង និងកែលម្អបរិយាកាសនៅក្នុងមន្ទីរពេទ្យសម្រាប់កុមារ និងមនុស្សវ័យជំទង់ ព្រមគ្នានឹងការឧបត្ថម្ភទៅលើការងារស្រាវជ្រាវអំពើជំងឺកម្រិតធ្ងន់ និងជំងឺកម្រដែលកើតមានចំពោះកុមារ។
សូមរំឭកផងដែរថា កាលពីពេលថ្មីៗនេះ ទីភ្នាក់ងារ Big Hit Music ទើបតែចេញមកបញ្ចាក់ថា J-Hope នឹងបញ្ចេញស្នាដៃទោលថ្មីនៅក្នុងតែមីនាខាងមុខនេះ ស្របពេលដែលកម្មវិធីប្រគំតន្រ្តី Hope On The Stage នឹងចាប់ផ្ដើមនៅថ្ងៃទី២៨ ខែកុម្ភៈ ឯទីក្រុងសេអ៊ូល មុននឹងបន្តទៅកាន់ទីក្រុងធំៗចំនួន ១៥ផ្សេងទៀត ដូចជា ម៉ានីល ហ្សាការតា បាងកក ម៉ាកាវ តៃប៉ិ អូសាកា Chicago និងទីក្រុងម៉ិកស៊ិកជាដើម៕
























Account
Security
Favourite Content