Key បានបង្ហាញពីក្តីស្រលាញ់ដ៏ជ្រាលជ្រៅរបស់ខ្លួនចំពោះក្រុម SHINee ក្នុងនាមជាក្រុមដែលមានសមាជិកចំនួនប្រាំនាក់ រួមទាំង Jonghyun។

កាលពីថ្ងៃទី ១២ ខែកុម្ភៈ សមាជិកក្រុម SHINee, Key បានបង្ហាញខ្លួនជាភ្ញៀវកិត្តិយសជាមួយម្តាយរបស់លោកគឺអ្នកស្រី Kim Sun Hee ក្នុងកម្មវិធី ‘You Quiz on the Block’ របស់ទូរទស្សន៍ tvN ។
កំលុងកម្មវិធីនោះ Key បាននិយាយអំពីមរណភាពរបស់ Jonghyun ថា៖ “ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់កាលនោះ។ ខ្ញុំបានចោទសួរខ្លួនឯងថា តើការរស់នៅដោយមិនបាច់ខ្វល់ចិត្តនោះគឺបែបណា? ខ្ញុំថែមទាំងគិតចង់បោះបង់អ្វីៗទាំងអស់ទៀតផង”។
លោកបានបន្តថា៖ “ខ្ញុំពិតជាខូចចិត្តខ្លាំងបំផុត ប៉ុន្តែការប្រគំតន្ត្រី Tokyo Dome ជាវិធីដែលពួកយើងអាចប្រឈមមុខជាមួយគ្នាបាន។ ពួកយើងមានអារម្មណ៍ថា ប្រសិនបើយើងមិនមានពេលវេលាណាមួយដើម្បីបង្ហាញការគោរពដល់គាត់ក្នុងនាមជាសមាជិកក្រុមទេ ពួកយើងពិតពិបាកបន្តដំណើរទៅមុខណាស់។ នោះហើយជាវិធីដែលពួកយើងអាចជូនដំណើរគាត់ ជូនដំណើរជីវិតយុវវ័យដ៏ខ្លីប៉ុន្តែអស្ចារ្យខ្លាំង”។

ម្ចាស់បទ “Good & Great” ក៏បានចែករំលែកទៀតថា៖ “ជារៀងរាល់ឆ្នាំ នៅពេលជិតដល់ខួបកំណើតរបស់គាត់ ឬខួបក្រុមរបស់យើងមកដល់ គឺខ្ញុំនឹកគាត់កាន់តែខ្លាំង។ នៅពេលដែលយើងទទួលបានបទចម្រៀងថ្មីៗដែលគាត់មិនអាចថតជាមួយយើង ខ្ញុំតែងតែគិតថា ‘បើគាត់បានច្រៀងបទនេះដឹងតែអស្ចារ្យខ្លាំងហើយ’ កំលុងពេលហ្វឹកហាត់ ខ្ញុំស្រមៃឃើញគាត់រហូត។ គ្រប់ពេលមានការប្រគំតន្ត្រី ឬ fan meet ខ្ញុំតែងស្រមៃឃើញរូបភាពគាត់អង្គុយជិតពួកយើង ដោយមិននិយាយអ្វីទាំងអស់ ពេលខ្ញុំហាត់សម ក៏មានគាត់នៅក្បែរ។ សម្រាប់ខ្ញុំ ពួកយើងមានគ្នា ៥ នាក់រៀងរហូត”។
គួររំឭកថា Jonghyun សមាជិកក្រុម SHINee បានទទួលមរណភាពដោយការធ្វើអត្តឃាតនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៧ ក្នុងវ័យ ២៧ ឆ្នាំ ៕

























Account
Security
Favourite Content