ជំនួសឱ្យការតបតទៅកាន់បុគ្គលមាក់ងាយខ្លួនអ្នកនាង រឹម លក្ម្សី ដែលមហាជនស្គាល់យ៉ាងច្បាស់ថាជាភរិយារបស់តារាចម្រៀង ជា សុជាតិ បានបង្ហោះសារយ៉ាងត្រជាក់ល្ហឹម ព្រមជាមួយពាក្យពេចន៍សរសើរស្វាមីពេញៗមាត់ក្រោយទៅវិញ មិនខ្វល់ពីសម្ដីគ្មានបានការរបស់អ្នកដទៃ។

មុននេះបន្តិចហ្វេសប៊ុក រឹម លក្ម្សី បានបង្ហោះសារយ៉ាងវែងអន្លាយ ក្រោយបុរសម្នាក់បានប្រមាថរូបរាងកាយរបស់អ្នកនាងនៅលើបណ្ដាញសង្គម តាមរយៈការខមិននៅលើរូបភាពដែលតារាចម្រៀង ជា សុជាតិ បានបង្ហោះកាលពីថ្ងៃ៩ ខែកុម្ភៈ ២០២៥។
ជំនួសដោយការមិនប្រកាន់ទោសអូសដំណើរវែងឆ្ងាយភរិយារបស់ សុជាតិ បែរជាពោលសរសើរស្វាមីពេញៗមាត់ និងប្រាប់ថាខ្លួនពិតជាសំណាងខ្លាំងណាស់ ដែលបានស្វាមីមានអត្តចរិតល្អបែបនេះ។ តាមរយៈសំណេរអ្នកនាងបានរៀបរាប់យ៉ាងច្រើនពីទង្វើរបស់តារាប្រុសល្បីឈ្មោះត្រូវជាស្វាមី មកកាន់ខ្លួនចាប់តាំងពីរៀបការមកទល់ពេលនេះ ជាពិសេសក្នុងអំឡុងពេលមានផ្ទៃពោះតែម្ដង។
អតីតអ្នកគ្រប់គ្រងក្រុមក្មេងខ្មែររូបនេះបានបន្តទៀតថា ក្នុងអំឡុងពេលដែលអ្នកនាងមានទម្ងន់នាងធ្លាប់និយាយទៅកាន់ស្វាមីខ្លួនថា នាងអូនធាត់ណាស់ តែអ្វីដែលស្វាមីអ្នកនាងបានតបមកវិញនោះគឺ អត់ទេ ប្រពន្ធរបស់លោកស្អាតណាស់ cute ណាស់ ទោះប៉ុន្មានគីឡូក៏បងនៅតែស្រលាញ់ដែរ។ លក្ម្សី បានបង្ហើបពីសម្ដីប្ដីមកកាន់នាងថា «អូនស្ថិតក្នុងលេខរៀងទី១ក្នុងចិត្តបងជានិច្ច»។ រឹម លក្ម្សី បានឱ្យដឹងទៀតថា ការលះបង់របស់អ្នកនាងគឺសម្រាប់កូន ប្ដី និងក្រុមគ្រួសារ ដូច្នេះអ្នកនាងមិនខ្វល់ពីការមើលងាយរបស់នរណាម្នាក់មកកាន់ខ្លួននោះទេ។















មិនតែប៉ុណ្ណោះ នៅក្នុងសំណេរអ្នកនាងបានរៀបរាប់ពីទុក្ខលំបាករបស់ស្ត្រីក្នុងអំឡុងពេលមានទម្ងន់ ទាំងបញ្ហាសុខភាព បម្រែបម្រួលរូបរាងកាយ បញ្ហាផ្លូវកាយ និងផ្លូវចិត្ត ជាពិសេសការលះបង់ដ៏ធំធេងក្នុងពេលសម្រាល ដើម្បីកូនមានសុខភាពល្អ។ ការហែលឆ្លង និងជម្នះរាល់ការលំបាកក្នុងរយៈពេល៩ខែ១០ ថ្ងៃនេះបានធ្វើឱ្យ សុជាតិ ជាស្វាមីពោលអាណិត និងសរសើរពីភាពអស្ចារ្យរបស់ភរិយារបស់ខ្លួនជាពន់ពេក។
ការរៀបរាប់នូវអារម្មណ៍ជាភរិយា និងជាម្ដាយម្នាក់របស់ រឹម លក្ម្សី បានធ្វើឱ្យបណ្ដាមហាជនអ្នកលេងក្នុងបណ្ដាញសង្គមរំភើបចិត្ត និងបង្ហាញក្ដីត្រេកអរដែលអ្នកនាងបានជួបបុរសល្អដូច តារាប្រុស ជា សុជាតិ និងពេញចិត្តស្ដូកចំពោះសំណេរដ៏មានន័យមួយនេះ៕
ប្រភពរូបភាព ៖ Rim Laksmey






















































Account
Security
Favourite Content