កម្មវិធីនោះមានការអញ្ជើញចូលរួមរបស់ឯកឧត្ដម Ueono Atushi ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា, ឯកឧត្ដម ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក Nakano Yoshihisa នាយកតំណាងមូលនិធិគាំទ្រវប្បធម៌បូព៌ា, លោក.Isogaya Hiroyuki នាយកមូលនិធិជប៉ុនការិយាល័យប្រចាំរាជធានីភ្នំពេញ , លោក Kimura Esuke ប្រធានគ្រប់គ្រងទូទៅរបស់ផ្សារទំនើប អ៊ីអនម៉លមានជ័យ រួមទាំងវត្តមានរបស់សិល្បករ-សិល្បការិនី និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

ពិធីប្រកាសលទ្ធផលប្រគល់ពានរង្វាន់ជូនដល់ម្ចាស់ជយលាភីនៃកម្មវិធីគំនូរវ៉ាយខេនវ៉ាស កម្ពុជា ប្រចាំឆ្នាំ ២០២៤ រដូវកាលទី៥ បានប្រព្រឹត្តយ៉ាងរលូន កាលពីល្ងាចថ្ងៃ១៨ ខែមករា ឆ្នាំ ២០២៥ កន្លងទៅនេះ។ ឆ្លងកាត់ការវាយតម្លៃ និងការដាក់ពិន្ទុយ៉ាងយកចិត្តទុកដាក់ពីសិល្បករជំនាញ ទីបំផុត កម្មវិធីបានរកឃើញម្ចាស់ជយលាភីពានរង្វាន់មាស ពានរង្វាន់ប្រាក់ និងពានរង្វាន់សំរឹទ្ធ រួមទាំងពានរង្វាន់តាមផ្នែកជាច្រើនទៀត ពីការប្រកួតប្រជែងស្នាដៃសិល្បៈ White Canvas Cambodia រដូវកាលទី៥។ ក្នុងនោះ ជយលាភីពានរង្វាន់មាសផ្នែកមនុស្សពេញវ័យបានទៅលើ លោក ភី ផន ចំណងជើងស្នាដៃ «ព្រះចន្ទក្រហម រះលើមាតុភូមិខ្ញុំ» ខណៈដែលជយលាភីពានរង្វាន់មាសផ្នែកកុមារ បានទៅលើ កុមារី ឈួត អ៊ីឈិ ចំណងជើងស្នាដៃ «ក្ដីស្រមៃ»។
លោក ភី ផន ម្ចាស់ជយលាភីពានរង្វាន់មាស ផ្នែកមនុស្សពេញវ័យ បានប្រាប់ថា ស្នាដៃ «ព្រះចន្ទក្រហម រះលើមាតុភូមិខ្ញុំ» ឆ្លុះបញ្ចាំងពីមនុស្ស និងសង្គ្រាម ដែលជះផលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍប្រទេសជាតិ និងសិទ្ធិតស៊ូសេរីភាពរបស់ប្រជាពលរដ្ឋផងដែរ។ ជាក់ស្ដែង កម្ពុជាយើងក៏ធ្លាប់ជួបប្រទះបញ្ហាសង្គ្រាម ដូច្នេះទើបលោកចំណាយពេលសិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រយ៉ាងលម្អិត ដើម្បីបង្កើតស្នាដៃសិល្បៈ «ព្រះចន្ទក្រហមរះលើមាតុភូមិខ្ញុំ» នេះឡើងមក ជាគំនិតបំផុសសម្រាប់យុវជនជំនាន់ក្រោយឲ្យខិតខំប្រឹងប្រែងក្រេបជញ្ជក់ចំណេះដឹង និងស្វែងយល់ពីនយោបាយ ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំ សម្រាប់ការពារប្រទេសជាតិបានគង់វង្ស។

ក្រឡេកទៅកុមារី ឈួត អ៊ីឈិ ចំណងជើងស្នាដៃ «ក្ដីស្រមៃ» ដែលពានរង្វាន់មាសផ្នែកកុមារ ក្នុងការប្រកួតប្រជែងស្នាដៃសិល្បៈ White Canvas Cambodia រដូវកាលទី៥ បានប្រាប់ឲ្យដឹងថា នាងចំណាយពេលជាង១ខែ ដើម្បីគូសស្នាដៃគំនូរ «ក្តីស្រមៃ» នេះឡើងមក។ អ៊ីឈិ បន្តថា នាងជាក្មេងស្រីកើត និងធំធាត់ឡើងក្នុងគ្រួសារមិនសូវធូរធារ ជាហេតុត្រូវផ្លាស់ទីលំនៅទៅកាន់កន្លែងផ្សេងៗ ហើយ ឆ្នាំ ២០១៨ គ្រួសារនាងផ្លាស់ទីទៅរស់នៅតំបន់ភ្នំដងរែក។ ដោយសារជីវភាពគ្រួសារលំបាក នាងពុំសូវបានរៀនសូត្រដូចក្មេងដទៃ ដោយត្រូវការលក់នំយកលុយឲ្យម្ដាយ តែយ៉ាងណានាងនៅតែមានក្ដីស្រមៃចង់មានឱកាសសិក្សាបានខ្ពង់ខ្ពស់ ដើម្បីសេរីភាព ទើបនាងបញ្ចេញក្ដីស្រមៃខ្លួនតាមរយៈ ស្នាដៃ «ក្តីស្រមៃ» ដោយរំពឹងថា ស្នាដៃគំនូរនេះនឹងអាចឈ្នះជយលាភីណាមួយ ហើយក្ដីស្រមៃក៏បានក្លាយជាការពិត ស្នាដៃគំនូររបស់នាង ឈ្នះពានរង្វាន់មាសផ្នែកកុមារ។

គួររំឭកផងដែរថា ក្រៅពីម្ចាស់ជយលាភីពានរង្វាន់មាសទាំង ២ រូបខាងលើ នៅមានជយលាភីជាច្រើនទៀតរួមមាន ជយលាភីពានរង្វាន់ប្រាក់ផ្នែកមនុស្សពេញវ័យ បានទៅលើស្នាដៃ «ផ្កា នៃក្ដីសង្ឃឹម» របស់សិល្បករ ដួង សុភ័ក្រ្ត , ជយលាភីពានរង្វាន់សំរឹទ្ធ ផ្នែកមនុស្សពេញវ័យ បានទៅលើស្នាដៃ «ផ្នត់គំនិត» របស់សិល្បករ វ៉ាត វ៉ាន់, ជយលាភីពានរង្វាន់ប្រាក់ផ្នែកកុមារ បានទៅលើ ស្នាដៃ «AI» របស់កុមារា ហួត ធីរ៉ា , ជយលាភីពានរង្វាន់សំរឹទ្ធផ្នែកកុមារ បានទៅលើស្នាដៃ «ដំរី និងព្រះអាទិត្យ» របស់កុមារា គង់ សម្បត្តិទិត្យា។
ទៀតសោត ពានរង្វាន់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្នែកកុមារបានទៅលើស្នាដៃ «ភាពស្រស់ស្អាតនៅពីក្រោយភាពងងឹត» របស់ ស្វ័រទ្បូ ផាត់ម៉ា និងជយលាភីផ្នែកមនុស្សពេញវ័យបានទៅលើស្នាដៃ «ពន្លឺនៃសៀវភៅ» របស់ វីន ពិសិដ្ឋ, ពានរង្វាន់មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ជយលាភីផ្នែកកុមារបានទៅលើស្នាដៃ «គំនូរនៃគ្រួសាររបស់ខ្ញុំ» របស់ ទិត្យ បញ្ញាខេម៉ា និងជយលាភីផ្នែកមនុស្សពេញវ័យ បានទៅលើស្នាដៃ «កុមារនៃសន្តិភាពកម្ពុជា» របស់ លោក លឹម គន្ធា, ពានរង្វាន់មូលនិធិគាំទ្រវប្បធម៌បូព៌ា ជយលាភីផ្នែកកុមារបានទៅលើស្នាដៃ «គ្រួសារខ្ញុំ របស់កុមារា ឆវន្ត័ វង្សរិទ្ធី និងជយលាភីផ្នែកមនុស្សពេញវ័យបានទៅលើស្នាដៃ «លោកខែ» របស់អ្នកនាង ស៊ូ សុភី, ពានរង្វាន់ស្ថានីយទូរទស្សន៍ TBS ជយលាភីផ្នែកកុមារបានទៅលើស្នាដៃ «ភូមិខ្ញុំ» របស់កុមារា ផាត បញ្ញាសក្តិ និងជយលាភីផ្នែកមនុស្សពេញវ័យបានទៅលើស្នាដៃ «ភាពសប្បាយរីករាយ» របស់លោក ឯម បណ្ឌិត, ពានរង្វាន់មូលនិធិជប៉ុនការិយាល័យប្រចាំរាជធានីភ្នំពេញ ជយលាភីផ្នែកកុមារបានទៅលើស្នាដៃ «សហគមន៍សត្វរីករាយ» កុមារី ជា ផានីន និងជយលាភីផ្នែកមនុស្សពេញវ័យបានទៅលើស្នាដៃ «លោកតាបររទេះក្របីទៅដឹកចំបើង» របស់លោក ម៉ាន់ រៀម , ពានរង្វាន់ផ្សារទំនើបអ៊ីអនម៉ល ជយលាភីផ្នែកកុមារបានទៅលើស្នាដៃ «មិត្តភក្តិរបស់ខ្ញុំ» របស់ កុមារី ហ៊ុន វត្តនាលីនរីវើ និងជយលាភីផ្នែកមនុស្សពេញវ័យបានទៅលើស្នាដៃ «ថ្ងៃមួយក្នុងផ្សារអូរឬស្សី» របស់កញ្ញា ទា ម៉ាលីនណា និង ពានរង្វាន់ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជាជយលាភីផ្នែកកុមារបានទៅលើស្នាដៃ «បងប្អូនពីរនាក់» របស់កុមារា ឈុំ ចិត្រា និងជយលាភីផ្នែកមនុស្សពេញវ័យបានទៅលើស្នាដៃ «សុបិន្តញញឹម» របស់កញ្ញា ឡុង គឹមហ៊ាង៕
























រូបភាព៖ ផ្ដល់ឲ្យ



















































Account
Security
Favourite Content