ក្រោយរួមទ្រនំជាមួយ TVB អស់រយៈពេល ១៧ ឆ្នាំ តារាសម្ដែងប្រុស Vincent Wong ក៏បានប្រកាសពីការចាកចេញដោយបង្វែរទិសដៅថ្មីរបស់លោក នៅលើទឹកដីប្រទេសចិនវិញ។ យោងតាមការប្រកាសស្វាគមន៍នៅលើគណនី Weibo របស់ក្រុមហ៊ុនថ្មីៗនេះ Vincent Wong បានសម្រេចចិត្ដចុះកិច្ចសន្យាជាមួយក្រុមហ៊ុនចិន TH Entertainment ដែលជាក្រុមហ៊ុនផលិតរឿងភាគ និងកម្មវិធីផ្សេងៗ ថែមទាំងមានសិល្បករចិនល្បីៗជាច្រើនដូចជា Stephy Qi, Annabel Yao និង Arthur Chen Feiyu ផងដែរ។

នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានចិន តារាប្រុសវ័យ ៤១ ឆ្នាំរូបនេះ បានលាតត្រដាងច្បាស់ៗថាលោកបានប្រគល់ការងារទាំងអស់ឱ្យទៅក្រុមហ៊ុនជាអ្នកចាត់ចែងរួមទាំងការថតរឿងភាគ និងការរៀបចំប្រព័ន្ធផ្សព្វផ្សាយជាដើម។ ជាងនេះទៅទៀត លោកជឿជាក់ក្រុមហ៊ុនក៏មានរឿងភាគជាច្រើនដែលសក្ដិសមនឹងលោក ដូច្នេះហើយពេលនេះលោកកំពុងតែពិភាក្សាលើស្គ្រីប ក៏ដូចជាការងារក្នុងកម្មវិធីកម្សាន្ដនានាផងដែរ។


ស្របពេលគ្នានោះអតីតតារាប្រុស TVB ក៏បានបន្ដថា ក្រុមហ៊ុនបច្ចុប្បន្នក៏ល្អដែរដោយពួកគេបានផ្ដល់ពេលវេលាមានភាពបត់បែនដល់ខ្លួន ដើម្បីដោះស្រាយកិច្ចការផ្ទាល់ខ្លួនមួយចំនួននៅហុងកុងទៀតផង។ ជាមួយគ្នានេះ លោកក៏បានចែករំលែកដោយបើកចំហរថាក្នុងនាមជាតារាសម្ដែងហុងកុងម្នាក់ លោកសង្ឃឹមថានឹងទទួលបានឱកាសក្នុងការស្វែងរករសជាតិថ្មីៗនៃគ្រប់ប្រភេទខ្សែភាពយន្ដក៏ដូចជាតួអង្គប្លែកៗដែលលោកមិនធ្លាប់បានសាកល្បងផងដែរ។ ហេតុនេះហើយទើបលោកមិនចង់ឱ្យខ្លួននៅមួយកន្លែងត្រឹមតែជាតារាហុងកុងនោះ ពោលគឺលោកសង្ឃឹមថាអាចនឹងសហការជាមួយតារាសម្ដែងមកពីកន្លែងផ្សេងៗជាច្រើន។
គួររំឮកផងដែរ ខ្សែភាពយន្ដ TVB ចុងក្រោយដែលតារាប្រុស Vincent Wong សម្ដែងមានចំណងជើងថា “Darkside of the Moon” កំពុងតែចាក់ផ្សាយនៅហុងកុងហើយ។ លោកសន្យាថានឹងវិលត្រលប់មកជួបអ្នកគាំទ្រតាមរយៈកម្មវិធីផ្សេងៗវិញ បន្ទាប់ពីបញ្ចប់ការងារសេសសល់ក្នុងដៃរួចរាល់៕
























































Account
Security
Favourite Content