ក្រោយពី SM Entertainment ប្រកាសថា Seunghan នឹងត្រឡប់មករួមការងារជាមួយនឹងសមាជិក RIIZE ដទៃទៀតកាលពីពេលថ្មីៗនេះ អ្នកគាំទ្រនៅតែបង្ហាញការមិនពេញចិត្ត និងបន្តឈប់គាំទ្រតារារូបនេះ រហូតដល់លោកសម្រេចចិត្តលាលែងតំណែងជាសមាជិកក្រុម។

កាលពីថ្ងៃទី១១ ខែតុលាកន្លងទៅ SM Entertainment បានចេញសេចក្ដីប្រកាសជាផ្លូវការនៃការវិលត្រឡប់មកវិញរបស់សិល្បករររបស់ខ្លួន ក្រោយពីតារាចម្រៀងរូបនេះបានផ្អាកសកម្មភាពជាក្រុមអស់រយៈពេល ១០ខែរួចមកហើយ ក្រោមហេតុផលនៃការបែកធ្លាយរូបថតថើបគ្នាជាមួយនឹងសង្សារចាស់ ក៏ដូចជារូបថតជក់បារីនៅក្នុងទីសាធារណៈដែលតារាចម្រៀងកូរ៉េខាងត្បូងរូបនេះបានធ្វើ តាំងតែពីមុនប្រឡូកអាជីពជាអ្នកសិល្បៈមកម៉្លេះ។
ក្នុងសេចក្ដីប្រកាសនោះ SM Entertainment បានលើកឡើងថា Seunghan នឹងត្រឡប់មករួមការងារជាមួយនឹងសមាជិកក្រុមវិញចាប់ពីខែវិច្ឆិការនេះ ហើយលោកពិតជាបានទទួលដឹងកំហុសពីអតីតរបស់ខ្លួន និងពិតជាចង់សុំទោសដល់សមាជិកក្រុម និងអ្នកគាំទ្រសម្រាប់សកម្មភាពមិនគប្បីកន្លងមក។
ចាប់តាំងតែពីសេចក្ដីប្រកាសមួយនេះបានចេញផ្សាយជាសាធារណៈ អ្នកគាំទ្រមួយចំនួនបានបង្ហាញអារម្មណ៍រីករាយក្នុងការដែលឃើញសមាជិកទាំង ៧បានបង្ហាញសមត្ថភាពរបស់ខ្លួនរួមគ្នាសាជាថ្មី។ ដោយឡែក អ្នកគាំទ្រមួយក្រុមទៀតនៅតែបង្ហាញការមិនពេញចិត្ត និងពហិការមិនគាំទ្រ Seunghan រហូតដល់មានការផ្ញើកម្រងផ្កាសម្រាប់បុណ្យសពទៅកាន់ទីតាំងរបស់ SM Entertainment ទៀតផង។

ឆ្លើយតបនឹងបញ្ហាដែលបានកើតឡើង កាលពីថ្ងៃទី១៣ ខែតុលានេះ Wizard Production ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ SM Entertainment ទទួលតួនាទីចាត់ចែងការងាររបស់ RIIZE បានចេញសេចក្ដីប្រកាសជាថ្មីម្ដងទៀតទាក់ទងនឹងសិល្បកររបស់ខ្លួន។ ផលិតកម្មមួយនេះបានផ្ដើមសេចក្ដីប្រកាសរបស់ខ្លួនដោយធ្វើការសុំទោសដល់ក្រុមអ្នកគាំទ្រ BRIIZE ដែលបានធ្វើឱ្យពួកគេឈឺចាប់សម្រាប់ការវិលត្រឡប់មកវិញរបស់ Seunghan។
ក្នុងសេចក្ដីប្រកាសតែមួយនេះ Wizard Production បានបន្តថា តារាចម្រៀងវ័យ ២១ឆ្នាំរូបនេះបានសម្រេចចិត្តលាលែងតំណែងជាសមាជិកក្រុមដោយខ្លួនឯងផ្ទាល់ ហើយផលិតកម្មក៏មិនបានប្រកែកលើការសម្រេចចិត្តនេះទេ។ ទន្ទឹមគ្នានោះ ផលិតកម្មនៅតែបង្ហាញជំហរក្នុងការបន្តគាំទ្រដល់សិល្បកររបស់ខ្លួនក្នុងការបង្ហាញសមត្ថភាព និងសម្រេចក្ដីសុបិន្តក្នុងឱកាសក្រោយៗទៀត។

ដោយឡែកពីសំណាក់ Seunghan វិញ លោកក៏បានបង្ហោះសំណេរដោយដៃដែលបានរៀបរាប់ពីការព្រួយបារម្ភរបស់ខ្លួន និងធ្វើការសុំទោសដល់អ្នកគាំទ្រ សមាជិកក្រុម និងក្រុមហ៊ុនផងដែរ។ លោកបានសរសេរថា បើសិនជាវត្តមានរបស់លោកជាការឈឺចាប់របស់អ្នកគាំទ្រ ហើយធ្វើឱ្យក្រុមទាំងមូល និងក្រុមហ៊ុនមានបញ្ហា លោកពេញចិត្តនឹងចាកចេញដោយខ្លួនឯងផ្ទាល់។
បន្ថែមពីនេះទៀត Seunghan បានបន្តថា លោកមិនចង់ឃើញទំនាក់ទំនងវាង RIIZE និង BRIIZE ក៏ដូចជាទំនាក់ទំនងក្នុងក្រុមអ្នកគាំទ្រផ្ទាល់ មានបញ្ហាល្អក់កករដោយសារតែខ្លួនលោកនោះទេ៕
























Account
Security
Favourite Content