បន្ទាប់ពី V និង Jungkook ក្រុម BTS នៅពេលនេះ Suho សមាជិកក្រុម EXO និង aespa ក៏បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង YouTuber ម្ចាស់ឆានែល Sojang ពីបទបរិហារកេរ្តិ៍ និងបង្កាច់បង្ខូចដែរ។ យោងតាមរបាយការណ៍នានា YouTuber ស្រីរូបនោះបានចូលរួមសវនាការកាលពីថ្ងៃទី ២ ខែកញ្ញា ខណៈប៉ុន្មានខែចុងក្រោយនេះ នាងត្រូវបានប្តឹងដោយតារា K-pop ជាច្រើន និងបានចូលរួមសវនាការជាបន្តបន្ទាប់។

យោងតាមរបាយការណ៍របស់សារព័ត៌មានកូរ៉េ Newsen ចុះផ្សាយកាលពីថ្ងៃទី ៤ ខែកញ្ញា សមាជិក Aespa ទាំងបួនគឺ Karina, Winter, Ningning និង Giselle រួមជាមួយភ្នាក់ងាររបស់ពួកគេ SM Entertainment បានដាក់ពាក្យប្តឹងនារី YouTuber ឈ្មោះ Park (អាយុ ៣៥ ឆ្នាំ) ដែលជាប្រតិបត្តិករឆានែល YouTube ឈ្មោះ Sojang ។ ជាមួយគ្នានេះ ផលិតកម្ម SM Entertainment បានបញ្ជាក់ថា Suho សមាជិកក្រុម EXO ក៏បានប្តឹង YouTuber រូបនេះពីបទបរិហារកេរ្តិ៍ និងបង្កាច់បង្ខូចផងដែរ។
តាមសេចក្តីរាយការណ៍ខាងលើ សវនាការដំបូងបានធ្វើឡើងកាលពីថ្ងៃទី២ ខែកញ្ញា នៅតុលាការទីក្រុង Incheon ដោយម្ចាស់ឆានែល Sojang កំពុងត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់ស្តីពីការលើកកម្ពស់ការប្រើប្រាស់បណ្តាញទំនាក់ទំនង និងការការពារព័ត៌មាន តាមរយៈការបរិហារកេរ្តិ៍។
នៅពេលនេះកញ្ញា Park កំពុងប្រឈមមុខនឹងការប្តឹងពីបទបរិហារកេរ្តិ៍ជាច្រើន តាមរយៈការបង្កើតវីដេអូនិយាយព័ត៌មានមិនពិតយ៉ាងហោចណាស់ចំនួន ២៣ នៅលើឆានែល Youtube របស់នាងចាប់ពីខែតុលា ឆ្នាំ ២០២១ ដល់ខែមិថុនា ឆ្នាំ ២០២៣។ យោងតាមរបាយការណ៍ នាងអាចរកប្រាក់ចំនេញប្រហែល ២៥០ លានវ៉ុន ស្មើនឹងជាង ១៨៧ ពាន់ដុល្លារអាមេរិកពីការបរិហារកេរ្តិ៍តារា K-pop ល្បីៗដូចជា aespa, BTS’ V, Jungkook, Jang Wonyoung ក្រុម IVE, Kang Daniel និងតារាជាច្រើនទៀត។


នៅថ្ងៃទី ២ ខែកញ្ញា នាងក៏បានចូលរួមសវនាការលើកទីពីរសម្រាប់បណ្តឹងបរិហារកេរ្តិ៍ ដែល BIGHIT MUSIC បានប្ដឹងប្រឆាំងនឹងនាង ទាមទារសំណង ៩០ លានវ៉ុន (៦៧០០០ ដុល្លារ)។ នៅសវនាការដំបូង នាងបានបដិសេធចំពោះការចោទប្រកាន់ ដោយនិយាយថានាងបង្កើតវីដេអូដោយសារតែវាជាអ្វីដែលមហាជនចាប់អារម្មណ៍។
ក្នុងសវនាការលើកទី២ នៅថ្ងៃទី២ ខែកញ្ញា នាងបានប្រកែកម្តងទៀតថា នាងគ្មានចេតនាបង្ខូចកេរ្តិ៍ឈ្មោះអ្នកសិល្បៈ ឬបង្កការរាំងស្ទះដល់អាជីវកម្មពួកគេនោះទេ។ តំណាងផ្នែកច្បាប់របស់នាងក៏បានអះអាងដែរថា វាមិនមែនជាបទឧក្រិដ្ឋនោះទេ ព្រោះថាអ្វីគ្រប់យ៉ាងដែលនាងនិយាយនៅក្នុងវីដេអូទាំងនោះត្រូវបានគេជឿថាជាការពិត។ ដោយរក្សាជំហរបដិសេធ ភាគីរបស់ Sojang បានអះអាងបន្ថែមថា វីដេអូទាំងអស់ត្រូវបានបង្កើតឡើងដោយផ្អែកលើគំនិតផ្ទាល់ខ្លួនរបស់នាង ដូច្នេះហើយសកម្មភាពរបស់នាងមិនអាចជាការបង្ខូចកេរ្តិ៍ឈ្មោះបានទេ។
ទន្ទឹមនឹងនេះ កាលពីខែមករា Jang Wonyoung សមាជិកក្រុម IVE និងភ្នាក់ងាររបស់នាង Starship Entertainment ក៏បានប្តឹង YouTuber រូបនេះដែរ។ ពួកគេបានឈ្នះបណ្តឹងប្រឆាំងនឹងនាងនិងបានទាមទារសំណងចំនួន ១០០ លានវ៉ុន (៧៥០០០ ដុល្លារ) ៕
























Account
Security
Favourite Content